យ៉ូហាន 15
15
ព្រះយេស៊ូវជាដើមទំពាំងបាយជូរដ៏ពិត
1«ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ។ 2អស់ទាំងមែកណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ ព្រះអង្គកាត់ចោល តែអស់ទាំងមែកណាដែលបង្កើតផលផ្លែ ព្រះអង្គលួសមែកនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង។ 3អ្នករាល់គ្នាបានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់។ 4ចូរនៅជាប់នឹងខ្ញុំ ដូចជាខ្ញុំនៅជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាមែក បើមិននៅជាប់នឹងដើម នោះមិនអាចនឹងបង្កើតផលបានទេ អ្នករាល់គ្នាក៏ដូច្នោះដែរ ទាល់តែនៅជាប់នឹងខ្ញុំ។ 5ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។ 6អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាមែកដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ។ 7បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។ 8ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។ 9ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះវរបិតាស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ។ 10បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ 11ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញផង។
12នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 13គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ 14បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ 15ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។ 16មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។ 17ខ្ញុំបង្គាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា គឺដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក»។
មនុស្សលោកស្អប់ព្រះយេស៊ូវ និងស្អប់សិស្សរបស់ព្រះអង្គ
18ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ 19ប្រសិនបើអ្នករាល់គ្នាជារបស់លោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយខ្ញុំបានរើសអ្នករាល់គ្នាចេញពីលោកីយ៍មក នោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ទៀតទេ ហេតុនោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ 20ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា "បាវបម្រើមិនមែនធំជាងចៅហ្វាយឡើយ"។ ប្រសិនបើគេបានបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ គេក៏នឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ 21ប៉ុន្តែ គេនឹងប្រព្រឹត្តការទាំងនេះដល់អ្នករាល់គ្នា ដោយសារនាមខ្ញុំ ព្រោះគេមិនស្គាល់ព្រះដែលចាត់ខ្ញុំឲ្យមកទេ។ 22ប្រសិនបើខ្ញុំមិនបានមកនិយាយប្រាប់គេ នោះគេឥតមានបាបទេ តែឥឡូវនេះ គេគ្មានអ្វីដោះសាអំពើបាបរបស់ខ្លួនឡើយ។ 23អ្នកណាស្អប់ខ្ញុំ ក៏ស្អប់ព្រះវរបិតាខ្ញុំដែរ។ 24ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានឃើញ ហើយគេស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះវរបិតារបស់ខ្ញុំ។ 25ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។
26ពេលព្រះដ៏ជាជំនួយយាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ 27ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំ តាំងពីដំបូងមក។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies