«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ខ្ញុំមិនមានពេលច្រើន ដើម្បីនិយាយជាមួយអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយ៍នេះមកជិតដល់ហើយ តែវាគ្មានអំណាចអ្វីលើខ្ញុំទេ គឺខ្ញុំធ្វើតាមបង្គាប់ព្រះវរបិតាខ្ញុំ ដើម្បីឲ្យមនុស្សលោកបានដឹងថា ខ្ញុំស្រឡាញ់ព្រះវរបិតា។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
អាន យ៉ូហាន 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 14:15-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ