យ៉ូហាន 14:15-31

យ៉ូហាន 14:15-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ‌វរបិតា ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ​ជា​រៀង​រហូត គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​មិន​បាន ព្រោះ​មិន​ឃើញ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង តែ​អ្នក​រាល់​គ្នា​ស្គាល់ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​រស់ អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា។ អ្នក​ណា​ដែល​មាន​បទ‌បញ្ជា​របស់​ខ្ញុំ ហើយ​ធ្វើ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​ស្រឡាញ់​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ទៀត​ផង»។ យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ តែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យរបស់​ខ្ញុំទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌វរបិតា ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះវិញ។ ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ។ ប៉ុន្តែ ព្រះ​ដ៏​ជា​ជំនួយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌វរបិតា​នឹង​ចាត់​មក​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ហើយ​រំឭក​អស់ទាំង​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង។ ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា "ខ្ញុំ​នឹង​ចេញ​ទៅ ហើយ​ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ"។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​ត្រូវ​មាន​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា ដ្បិត​ព្រះ‌វរបិតា​ធំ​លើស​ជាង​ខ្ញុំ។ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ហេតុ‌ការណ៍​នោះ​កើត​ឡើង ដើម្បី​កាល​ណា​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។ ខ្ញុំ​មិន​មាន​ពេល​ច្រើន ដើម្បី​និយាយ​ជាមួយ​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​មក​ជិត​ដល់​ហើយ តែ​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​ទេ គឺ​ខ្ញុំ​ធ្វើ​តាម​បង្គាប់​ព្រះ‌វរបិតា​ខ្ញុំ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះ‌វរបិតា។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:15-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌បិតា ហើយ​ព្រះអង្គ​ប្រទាន​ព្រះ​ដ៏​ជួយ​ការពារ ​មួយ​អង្គ​ទៀត ឲ្យ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ ព្រះអង្គ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះអង្គ​ទេ ព្រោះ​គេ​មើល​ព្រះអង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។ អ្នក​ណា​មាន​បទ‌បញ្ជា​របស់​ខ្ញុំ និង​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះ‌បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។ លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្កា‌រីយ៉ុត​ទេ) ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ។ ព្រះ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះ‌បិតា និង​ខ្ញុំ ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។ អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ប៉ុន្តែ ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ដែល​ព្រះ‌បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំឭក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។ ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។ អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​រួច​មក​ហើយ​ថា ខ្ញុំ​នឹង​ចាក​ចេញ​ទៅ រួច​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​តែ​សប្បាយ​ចិត្ត​ដោយ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ដ្បិត​ព្រះ‌បិតា​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ។ ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។ ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។ វា​មក​ដូច្នេះ ជា​ឱកាស​ឲ្យ​មនុស្ស​លោក​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះ‌បិតា ហើយ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:15-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរ‌បិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់‌កល្ប​រៀង​ទៅ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បន្តិច​ទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរ‌បិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះវរ‌បិតា ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ។ ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរ‌បិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ទៅ ហើយ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មាន​សេចក្ដី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា ដ្បិត​ព្រះវរ‌បិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅហ្វាយ​របស់​លោកីយ​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរ‌បិតា​វិញ ដើម្បី​ឲ្យ​លោកីយ​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 14