យ៉ូហាន 14:1-10

យ៉ូហាន 14:1-10 គកស១៦

«កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ។ នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌វរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ ហើយ​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។ អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ហើយ»។ ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះ‌អង្គ​យាង​ទៅ​ឯ​ណា​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ​ហើយ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌វរបិតា​ដែរ ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ព្រះ‌អង្គ​ទៀត​ផង»។ ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ទើប​យើង​ខ្ញុំ​អស់​ចិត្ត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​យូរ​ណាស់​ហើយ អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​បាន​ឃើញ​ព្រះ‌វរបិតា​ដែរ។ ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ថា "សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះ‌វរបិតា​ផង​ដូច្នេះ?" តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​មែន​ប្រាប់​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ ព្រះ‌វរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ព្រះ‌អង្គ​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។

អាន យ៉ូហាន 14