មានបុរសម្នាក់ ឈ្មោះឡាសារ ដែលមានជំងឺ គាត់នៅភូមិបេថានីជាមួយបងស្រីគាត់ គឺម៉ារា និងម៉ាថា។ នាងម៉ារា ជាម្នាក់ដែលបានចាក់ប្រេងក្រអូបលាបព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទព្រះអង្គ គឺនាងជាបងស្រីរបស់ឡាសារ ដែលឈឺនោះ។ បងប្អូនស្រីពីរនាក់នោះ បានចាត់គេឲ្យទៅទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គស្រឡាញ់នោះកំពុងមានជំងឺ»។ ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។ ព្រះយេស៊ូវស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងឡាសារណាស់។ ក្រោយពីបានជ្រាបថាគាត់ឈឺ ព្រះអង្គក៏គង់នៅកន្លែងនោះពីរថ្ងៃទៀត។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងត្រឡប់ទៅស្រុកយូដាវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី ពួកសាសន៍យូដាទើបនឹងរកគប់លោកនឹងដុំថ្មថ្មីៗនេះសោះ តែលោកចង់ទៅទីនោះទៀតឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅពេលថ្ងៃ តើមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងឡើយ ព្រោះឃើញពន្លឺរបស់ពិភពលោកនេះ។ ប៉ុន្តែ បើអ្នកណាដើរនៅពេលយប់វិញ អ្នកនោះជំពប់ជើងហើយ ព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ»។ បន្ទាប់ពីមានព្រះបន្ទូលពីសេចក្ដីទាំងនេះហើយព្រះអង្គប្រាប់គេថា៖ «ឡាសារ ជាសម្លាញ់យើង បានដេកលក់ទៅហើយ តែខ្ញុំនឹងទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញមិនខាន»។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ព្រះអង្គមានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកលក់ធម្មតា។ ព្រះយេស៊ូវមានព្រះបន្ទូលប្រាប់គេយ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ហើយ តែដោយយល់ដល់អ្នករាល់គ្នា ខ្ញុំសប្បាយដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ តែឥឡូវនេះ ចូរយើងនាំគ្នាទៅផ្ទះគាត់»។ ថូម៉ាសដែលហៅថា ឌីឌីម ពោលទៅពួកសិស្សជាគូកនគាត់ថា៖ «មក! យើងនាំគ្នាទៅដែរ ដើម្បីប្តូរស្លាប់ជាមួយព្រះអង្គ»។ ពេលព្រះយេស៊ូវយាងទៅដល់ ព្រះអង្គជ្រាបថា ឡាសារនៅក្នុងផ្នូរអស់បួនថ្ងៃហើយ។ ភូមិបេថានីនោះ នៅជិតក្រុងយេរូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។ ពេលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នាងចេញទៅទទួលព្រះអង្គ រីឯម៉ារាវិញអង្គុយនៅក្នុងផ្ទះ។ ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។ ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ម៉ាថាទូលព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?» នាងទូលព្រះអង្គថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន»។ ពេលនាងម៉ាថានិយាយដូច្នេះហើយ នាងក៏ទៅហៅម៉ារាជាប្អូន ដោយស្ងាត់ៗថា៖ «លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅឯង»។ កាលនាងម៉ារាបានឮដូច្នេះ នាងក្រោកឡើងជាប្រញាប់ទៅរកព្រះអង្គ។ ពេលនេះ ព្រះយេស៊ូវមិនទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅត្រង់កន្លែងដែលម៉ាថាបានជួប។ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះជាមួយនាង កំពុងកម្សាន្តចិត្តនាង ឃើញម៉ារាក្រោកឡើង ហើយចេញទៅយ៉ាងប្រញាប់ប្រញាល់ដូច្នេះ គេក៏ទៅតាមនាង ព្រោះគេគិតថានាងទៅយំនៅឯផ្នូរ។ ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។ កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាបញ្ចុះសពគាត់នៅឯណា?» គេទូលឆ្លើយថា៖ «ព្រះអម្ចាស់ សូមយាងទៅមើលចុះ»។ ព្រះយេស៊ូវទ្រង់ព្រះកន្សែង។ ដូច្នេះ ពួកសាសន៍យូដានិយាយថា៖ «មើល៍! លោកស្រឡាញ់គាត់ណាស់ហ្ន៎»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?»
អាន យ៉ូហាន 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 11:1-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ