យ៉ូហាន 11:1-37

យ៉ូហាន 11:1-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ ដែល​មាន​ជំងឺ គាត់​នៅ​ភូមិ​បេ‌ថានី​ជា​មួយ​បង​ស្រី​គាត់ គឺ​ម៉ារា និង​ម៉ាថា។ នាង​ម៉ារា ជា​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ព្រះ‌អង្គ គឺ​នាង​ជា​បង​ស្រី​របស់​ឡាសារ ដែល​ឈឺ​នោះ។ បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។ ប៉ុន្តែ ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជាសិរី​ល្អ​ដល់​ព្រះ ដើម្បី​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដោយ​សារ​ជំងឺ​នេះ​វិញ»។ ព្រះ‌យេស៊ូវ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​ឡាសារ​ណាស់។ ក្រោយ​ពី​បាន​ជ្រាប​ថា​គាត់​ឈឺ ព្រះ‌អង្គ​ក៏​គង់​នៅ​កន្លែង​នោះ​ពីរ​ថ្ងៃ​ទៀត។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ពួក​សាសន៍​យូដា​ទើប​នឹង​រក​គប់​លោក​នឹង​ដុំថ្ម​ថ្មីៗ​នេះ​សោះ តែ​លោក​ចង់​ទៅ​ទី​នោះ​ទៀត​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ពេល​ថ្ងៃ តើ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ ប៉ុន្តែ បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់​វិញ អ្នក​នោះ​ជំពប់​ជើង​ហើយ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ»។ បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ហើយព្រះ‌អង្គ​ប្រាប់​គេ​ថា៖ «ឡាសារ ជា​សម្លាញ់​យើង បាន​ដេក​លក់ទៅ​ហើយ តែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​លក់​ធម្មតា។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ តែ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ តែ​ឥឡូវ​នេះ ចូរ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម ពោល​ទៅ​ពួក​សិស្ស​ជា​គូ​កន​គាត់​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​ដែរ ដើម្បី​ប្តូរ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ»។ ពេល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់ ព្រះ‌អង្គ​ជ្រាប​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ហើយ។ ភូមិ​បេ‌ថានី​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​បី​គីឡូ‌ម៉ែត្រ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។ ពេល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នាង​ចេញ​ទៅ​ទទួល​ព្រះ‌អង្គ រីឯ​ម៉ារា​វិញ​អង្គុយ​នៅ​ក្នុង​ផ្ទះ។ ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។ ប៉ុន្តែ សូម្បី​តែ​ពេល​នេះ ខ្ញុំ​ម្ចាស់​ដឹង​ថា អ្វី​ដែល​ព្រះ‌អង្គ​សូម​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះ‌អង្គ​ជា​មិន​ខាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ ម៉ាថា​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ម្ចាស់​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ?» នាង​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន»។ ពេល​នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ នាង​ក៏​ទៅ​ហៅ​ម៉ារា​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​ឯង»។ កាល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ នាង​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​រក​ព្រះ‌អង្គ។ ពេល​នេះ ព្រះ‌យេស៊ូវ​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយទេ គឺ​ព្រះ‌អង្គ​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប។ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង កំពុង​កម្សាន្ត​ចិត្ត​នាង ឃើញ​ម៉ារា​ក្រោក​ឡើង ហើយ​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​ដូច្នេះ គេ​ក៏​ទៅ​តាម​នាង ព្រោះ​គេ​គិត​ថា​នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។ ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ហើយ​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នាង​យំ​ដែរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល និង​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​បញ្ចុះ​សព​គាត់​នៅ​ឯ​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់ សូម​យាង​ទៅ​មើល​ចុះ»។ ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។ ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា៖ «មើល៍! លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎»។ ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​បាន​ភ្លឺ ហេតុ​អ្វី​បាន​ជា​មិន​ឃាត់​មនុស្ស​នេះ​កុំ​ឲ្យ​ស្លាប់​ផង​ទៅ?»

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:1-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេ‌ថានី ជា​ភូមិ​របស់​នាង​ម៉ារា នឹង​បង​នាង​ឈ្មោះ​ម៉ាថា ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប លាប​ថ្វាយ​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ទ្រង់ បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​បន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដោយ‌សារ​ជំងឺ​នេះ​ឯង រីឯ​ព្រះ‌យេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា នឹង​ប្អូន​ស្រី​នាង ហើយ​នឹង​ឡាសារ​ផង ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀត ក្រោយ​នោះ​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ​នេះ តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពី​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​បន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង ដូច្នេះ ពួក​សិស្ស​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​បន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សំរាក​ប៉ុណ្ណោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ ដូច្នេះ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម គាត់​និយាយ​ទៅ​ពួក​សិស្ស ជា​គូ‌កន​គាត់​ថា ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្តូរ​ស្លាប់​ជា​មួយ​នឹង​លោក។ កាល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ រីឯ​ភូមិ​បេ‌ថានី នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់ កាល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់ តែ​ម៉ារា​អង្គុយ​នៅ​ឯ​ផ្ទះ ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើង​វិញ ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ នាង​ទូល​ឆ្លើយ​ថា ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ​មែន។ កាល​នាង​បាន​ពោល​ពាក្យ​ដូច្នោះ​ហើយ នោះ​ក៏​ទៅ​ហៅ​ម៉ារា ប្អូន​នាង មក​ដោយ​សំងាត់ ប្រាប់​ថា លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​រក​ឯង កាល​នាង​ម៉ារា​បាន​ឮ​ពាក្យ​នោះ ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ គឺ​ទ្រង់​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប​នោះ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ កំពុង​តែ​ជួយ​កំសាន្ត​ចិត្ត​នាង​ម៉ារា បាន​ឃើញ​ថា នាង​ក្រោក​ឡើង​ចេញ​ទៅ​ជា​ប្រញាប់​ដូច្នេះ គេ​ក៏​តាម​នាង​ទៅ ដោយ​និយាយ​គ្នា​ថា នាង​គិត​ទៅ​យំ​ឯ​ផ្នូរ​ហើយ។ នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ‌យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់ សូម​យាង​ទៅ​ទត​មើល ព្រះ‌យេស៊ូវ​ក៏​ទ្រង់​ព្រះ‌កន្សែង ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎ ហើយ​ពួក​គេ​ខ្លះ​និយាយ​ថា លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:1-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ភូមិ​បេតថា‌នី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់ ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។ នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។ នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ»។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សម្តែង​សិរី‌រុងរឿង​វិញ»។ ព្រះ‌យេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។ កាល​ព្រះអង្គ​ជ្រាប​ដំណឹង​ថា លោក​ឡាសារ​មាន​ជំងឺ ព្រះអង្គ​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​ធ្វើ​គុត​ព្រះអង្គ​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នក​នោះ​មុខ​តែ​ជំពប់​ជើង​ដួល​ជា​មិន​ខាន ព្រោះ​គេ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ទេ»។ ក្រោយ​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រសិន​បើ​គាត់​សម្រាន្ដ​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។ តាម​ពិត ព្រះ‌យេស៊ូ​ចង់​មាន​ព្រះ‌បន្ទូល​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ ពួក​សិស្ស​ស្មាន​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា គាត់​សម្រាន្ដ​លក់​ធម្មតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ត ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។ ពេល​នោះ សិស្ស​ថូម៉ាស ហៅ​ឌីឌីម ពោល​ទៅ​សិស្ស​ឯ​ទៀត​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែរ!»។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ ព្រះអង្គ​ក៏​ជ្រាប​ថា គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​ហើយ។ ភូមិ​បេតថា‌នី​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។ កាល​នាង​ម៉ាថា​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​យាង​មក​ដល់ នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ រីឯ​នាង​ម៉ារី​វិញ នាង​អង្គុយ​នៅ​ក្នុង​ផ្ទះ។ នាង​ម៉ាថា​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។ ប៉ុន្តែ ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា បើ​លោក​សុំ​អ្វី​ពី​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​មិន​ខាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ នាង​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត ។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។ រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។ នាង​ម៉ាថា​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ខ្ញុំ​ម្ចាស់​ជឿ​ថា ព្រះអង្គ​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។ នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «ព្រះ‌គ្រូ​យាង​មក​ដល់​ហើយ ព្រះអង្គ​ហៅ​ប្អូន​ឯង»។ នាង​ម៉ារី​ឮ​ហើយ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​គាល់​ព្រះ‌យេស៊ូ​ជា​ប្រញាប់។ ពេល​នោះ ព្រះអង្គ​ពុំ​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ​ទេ គឺ​ព្រះអង្គ​គង់​នៅ​កន្លែង​ដែល​នាង​ម៉ាថា​ទៅ​ជួប។ ជន‌ជាតិ​យូដា ដែល​មក​ជួយ​រំលែក​ទុក្ខ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ម៉ារី ឃើញ​នាង​ស្ទុះ​ក្រោក​ឡើង ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ខាង​ក្រៅ​ដូច្នេះ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម ព្រោះ​គេ​ស្មាន​ថា​នាង​ទៅ​យំ​ឯ​ផ្នូរ។ លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។ ពេល​ព្រះ‌យេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង យំ​ដូច្នេះ ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «សូម​អញ្ជើញ​មក លោក​នឹង​ឃើញ»។ ពេល​នោះ ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌កន្សែង។ ជន‌ជាតិ​យូដា​នាំ​គ្នា​ពោល​ថា៖ «មើល៍! លោក​ស្រឡាញ់​ឡាសារ​ខ្លាំង​ណាស់!»។ ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ម្ដេច​ក៏​លោក​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។

ចែក​រំលែក
អាន យ៉ូហាន 11