យេរេមា 52

52
ការ​ឡោម‌ព័ទ្ធ និង​វាយ​លុក​ក្រុង​យេរូ‌សាឡិម
1ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មម្ភៃ​មួយ​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​គ្រប់​ដប់មួយ​ឆ្នាំ មាតា​ព្រះនាម​ថា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា។ 2ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដូច​ដែល​យេហូ‌យ៉ាគីម​បាន​ធ្វើ។ 3ហេតុ​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​កើត​ឡើង​ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ព្រះ‌អង្គ​បាន​បោះ‌បង់​គេ​ចោលឲ្យ​ឆ្ងាយពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។ ឯ​ព្រះបាទ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។
4ដល់​ឆ្នាំ​ទីប្រាំបួន ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃទី​ដប់ ខែ​ទី​ដប់ ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​តាំង​បន្ទាយ​នៅ​ជុំ‌វិញ​ទី​ក្រុង។ 5ដូច្នេះ ទី​ក្រុង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ស្តេច​សេដេ‌គា។ 6នៅ​ថ្ងៃ​ទី​ប្រាំបួន ខែ​ទី​បួន នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ គ្មាន​អាហារ​សម្រាប់​បណ្ដា‌ជន​សោះ។ 7នៅ​គ្រា​នោះ គេ​បាន​ទម្លាយ​កំផែង​ទី​ក្រុង ហើយ​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្ដាល​កំផែង​ទាំង​ពីរ ដែល​នៅ​ជិត​ច្បារ​ស្តេច គេ​រត់​តម្រង់​ទៅ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង)។ 8ប៉ុន្តែ ពល‌ទ័ព​សាសន៍​ខាល់ដេ គេ​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ ហើយ​បណ្ដា‌ទ័ព​របស់​ទ្រង់​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។ 9គេ​ចាប់​ស្តេច​នាំ​ទៅ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ទ្រង់។ 10ស្ដេច​បាប៊ីឡូន​សម្លាប់​ពួក​បុត្រា​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌បាទ​សេដេគា ក៏​សម្លាប់​ពួក​ចៅ‌ហ្វាយក្នុង​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ។ 11ស្ដេច​បាប៊ីឡូន​បាន​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ព្រះបាទ​សេដេគា បន្ទាប់​ម​ក​ដាក់​ច្រវាក់​លង្ហិន នាំ​ទៅ​ដល់​ក្រុង​បាប៊ីឡូន ឃុំ​ទុក​នៅ​ក្នុង​គុក រហូត​ដល់​ថ្ងៃ​សុគត។
12នៅ​ថ្ងៃ​ទី​ដប់ ខែ​ទីប្រាំ ក្នុង​ឆ្នាំ​ទីដប់​ប្រាំបួន​នៃ​រាជ្ជកាល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​កង​អង្គរក្ស ដែល​បម្រើ​ស្តេច​បាប៊ីឡូន បាន​ចូល​មក​ដល់​ក្រុង​យេរូ‌សាឡិម។ 13លោក​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច ព្រម​ទាំង​ផ្ទះនានា​នៅ​ក្រុង​យេរូ‌សាឡិម គឺ​លោក​ដុត​ផ្ទះ​ធំៗ​ទាំង​អស់​ចោល។ 14ពួក​ទ័ព​សាសន៍​ខាល់ដេ​ទាំង​ប៉ុន្មាន ដែល​នៅ​ជា‌មួយ​មេ‌ទ័ព​ធំ គេ​មក​រំលំ​កំផែង​ទី​ក្រុង​យេរូ‌សាឡិម​ជុំ‌វិញ។ 15នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​នាំ​ពួក​ក្រីក្រ​បំផុត​ក្នុង​បណ្ដា‌ជន និង​សំណល់​មនុស្ស​ដែល​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រវាត​ចូល​ទៅ​ខាង​ស្តេច​បាប៊ីឡូន និង​សំណល់​នៃ​មនុស្ស​ទៅ​ជា​ឈ្លើយ។ 16ប៉ុន្តែ នេប៊ូសា‌រ៉ាដាន​ជា​មេ‌ទ័ព​ធំ បាន​ទុក​ពួក​អ្នក​ក្រីក្រ​ខ្លះ​នៃ​ស្រុក​នោះ ឲ្យ​ថែ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ភ្ជួរ​រាស់​ដី។
17ឯ​សសរ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជើង​ថ្កល់ និង​សមុទ្រ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។ 18ឯ​កន្ថោរ ចប‌ចូក ឃ្នាប​ប្រឆេះ ចាន‌គោម កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន​ដែល​ប្រើ​សម្រាប់​គោរព គេ​ក៏​យក​ទៅ​ដែរ។ 19ផើង ជើង​ក្រាន ចាន​គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន និង​ពែង ដែល​ធ្វើ​ពី​មាស ហើយធ្វើ​ពី​ប្រាក់ មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់។ 20រី​ឯ​សសរ​ទាំង​ពីរ សមុទ្រ​មួយ និង​គោ​លង្ហិន​ទាំង​ដប់ពីរដែល​នៅ​ពី​ក្រោម​សមុទ្រ ព្រម​ទាំង​ជើងទម្រ ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​សម្រាប់​ព្រះ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នោះ​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ។ 21នៅ​ត្រង់​សសរ​នីមួយៗ មាន​កម្ពស់​ដប់​ប្រាំបី​ហត្ថ ហើយ​វាស់​ជុំ‌វិញ​ត្រូវ​ជា​ដប់ពីរ​ហត្ថ មាន​កម្រាស់​បួន​ធ្នាប់ មាន​ប្រហោង​ក្នុង។ 22មាន​ក្បាច់​ក្បាល​សសរ​លង្ហិន​នៅ​ពី​លើ​ក្បាល សសរ​មួយៗ​កម្ពស់​ប្រាំ​ហត្ថ មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​នៅ​ជាប់​ជុំ‌វិញ​ផង ហើយ​សសរ​ទី​ពីរ​ក៏​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។ 23មាន​ផ្លែ​ទទឹម​កៅ​សិប​ប្រាំ​មួយ​នៅ​គ្រប់​ជុំ‌វិញ និង​ផ្លែ​ទទឹម​ទាំង​អស់​ដែល​នៅ​ជាប់​ក្បាច់​ក្រឡា​អួន​នោះ​មាន​ចំនួន​មួយ​រយ។
24មេ‌ទ័ព​ធំ​ក៏​យក​សេរ៉ាយ៉ា ជា​សង្ឃ​ធំ និង​សេផានា ជា​សង្ឃ​ទី​ពីរ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​បី​នាក់ 25ក៏​យក​មន្ត្រី​ម្នាក់ ដែល​ជា​មេបញ្ជា​ការ​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង និង​មនុស្ស​ប្រាំពីរ​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​ហុក​សិប​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង។ 26នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា។ 27ស្តេច​បាប៊ីឡូន​ក៏​ប្រហារ​ជីវិត​គេ​នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត គឺ​យ៉ាង​នោះ​ដែល​ពួក​យូដា​ត្រូវ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ។
28ពួក​បណ្ដា‌ជន​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំពីរ គឺ​មាន​ពួក​យូដា​ចំនួន​បីពាន់​ម្ភៃ​បី​នាក់។ 29នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​នេប៊ូក្នេសា ទ្រង់​នាំ​មនុស្ស​ចំនួន​ប្រាំបីរយ​សាម​សិប​ពីរ​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ។ 30នៅ​ឆ្នាំ​ទី​ម្ភៃបី​នៃ​ព្រះបាទ​នេប៊ូក្នេសា នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ក៏​នាំ​យក​ពួក​សាសន៍​យូដា​ចំនួន​ប្រាំពីរ​រយសែសិប​ប្រាំ​នាក់​ទៅ​ជា​ឈ្លើយ​ទៀត ទាំង​អស់​មាន​ចំនួន​បួន​ពាន់​ប្រាំមួយរយ​នាក់។
ព្រះបាទ​យេហូយ៉ាគីនមាន​សេរីភាព​រួច​ពីទោស
31នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំពីរ ដែល​យេហូយ៉ាគីន ជា​ស្តេច​យូដា​នៅ​ជា​ឈ្លើយ គឺ​នៅ​ថ្ងៃ​ម្ភៃប្រាំ ខែ​ទីដប់​ពីរ នោះ​អេវីល-មេរ៉ូដាក ស្តេច​បាប៊ីឡូន​ក៏​លើក​មុខ​យ៉ូយ៉ាគីន ជា​ស្តេច​យូដា នៅ​ឆ្នាំ​ទី​មួយ​នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក។ 32ស្ដេច​មាន​រាជ‌ឱង្ការ​ដោយ​ផ្អែម​ពីរោះ ហើយ​តាំង​បល្ល័ង្ក​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​នៃ​ពួក​ស្តេច ដែល​នៅ​ជា‌មួយ​ក្នុង​ក្រុង​បាប៊ីឡូន។ 33ដូច្នេះ ព្រះបាទ​យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក‌បំពាក់​គុក​ចេញ រួច​ព្រះបាទ​យេហូយ៉ាគីន ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជា‌រៀង​រហូត​ដល់​អស់​ព្រះ‌ជន្ម។ 34ស្តេច​បាប៊ីឡូន​ចិញ្ចឹម និងផ្គត់​ផ្គង់ រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។:៚

ទើបបានជ្រើសរើសហើយ៖

យេរេមា 52: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល