យេរេមា 50
50
ការជំនុំជម្រះចក្រភពបាប៊ីឡូន
1នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរក្រុងបាប៊ីឡូន គឺពីស្រុករបស់ពួកខាល់ដេដោយសារហោរាយេរេមា។
2ចូរថ្លែងប្រាប់នៅកណ្ដាលអស់ទាំងសាសន៍
ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង
ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ
ចូរប្រាប់ថា៖ គេចាប់យកក្រុងបាប៊ីឡូនហើយ
ព្រះបាលត្រូវខ្មាស ព្រះម្រដាក់ត្រូវបាក់រលំចុះ
រូបឆ្លាក់របស់គេបានត្រូវខ្មាស
រូបព្រះរបស់គេបានបាក់រំលំចុះហើយ។
3ដ្បិតនៅស្រុកខាងជើងមានសាសន៍មួយលើកគ្នាឡើងមកទាស់នឹងគេ ជាពួកដែលនឹងធ្វើឲ្យស្រុកគេវិនាស ឥតមានអ្នកណាអាស្រ័យនៅឡើយ ទោះទាំងមនុស្ស និងសត្វក៏រត់ចេញអស់។ 4ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នា គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយស្វែងរកព្រះយេហូវ៉ាជាព្រះរបស់គេ។ 5គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
6រាស្ត្ររបស់យើងជាហ្វូងចៀមដែលវង្វេងបាត់ ពួកគង្វាលរបស់គេបានបណ្ដាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេ។ 7អ្នកណាដែលប្រទះឃើញគេ បានត្របាក់ស៊ីគេ ហើយពួកខ្មាំងសត្រូវបានពោលថា៖ យើងគ្មានទោសទេ ពីព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ដែលជាទីលំនៅនៃសេចក្ដីសុចរិត គឺព្រះយេហូវ៉ាជាទីសង្ឃឹមរបស់បុព្វបុរសគេ។ 8ចូររត់ពីកណ្ដាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ។ 9ដ្បិត យើងនឹងដាស់នគរធំៗមួយពួក នៅស្រុកនៅខាងជើងឡើង ហើយបណ្ដាលឲ្យគេមកទាស់នឹងក្រុងបាប៊ីឡូន ពួកទាំងនោះនឹងតម្រៀបគ្នាច្បាំងនឹងទីក្រុង ហើយចាប់យកបាន ព្រួញរបស់គេនឹងដូចជាព្រួញរបស់មនុស្សស្ទាត់ជំនាញ ហើយខ្លាំងពូកែ ឥតមានណាមួយបាញ់ដោយឥតប្រយោជន៍នោះទេ។ 10នោះស្រុកខាល់ដេនឹងត្រូវជារំពា ហើយអស់អ្នកដែលចាប់យក នោះនឹងបានឆ្អែត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
11ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ
ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ
ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង
ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ
ដូចជាគោក្រមុំដែលឈ្លីស្មៅ
ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង
12នោះម្តាយអ្នករាល់គ្នានឹងមានសេចក្ដីខ្មាសគ្រប់យ៉ាង
អ្នកដែលបានបង្កើតអ្នកមកនឹងត្រូវជ្រប់មុខចុះ
មើល៍ គាត់នឹងត្រូវជាប្រទេសក្រោយបំផុត
គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់។
13ឥតមានអ្នកណានៅ
ដោយព្រោះសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
គឺនឹងត្រូវចោលស្ងាត់ទទេ
អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូន
នឹងអស្ចារ្យក្នុងចិត្ត ហើយធ្វើស៊ីសស៊ូសឲ្យ
ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ទីក្រុង។
14ឱពួកអ្នកដែលដំឡើងធ្នូអើយ
ចូរតម្រៀបគ្នានៅព័ទ្ធជុំវិញ
ច្បាំងនឹងក្រុងបាប៊ីឡូនចុះ
ចូរបាញ់ទៅ កុំសំចៃព្រួញឡើយ
ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ។
15ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ
គេបានទទួលចាញ់ហើយ
របងសម្រាប់ការពារបានដួល
កំផែងទីក្រុងបានរំលំហើយ
ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា
ចូរសងសឹកនឹងគេចុះ
ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់អ្នក។
16ត្រូវកាត់អ្នកដែលសាបព្រោះ
និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចម្រូត
ចេញពីក្រុងបាប៊ីឡូនទៅ
គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន
ហើយរត់ទៅឯស្រុកគេគ្រប់គ្នា
ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
17ពួកអ៊ីស្រាអែលប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ បន្ទាប់មក នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ។ 18ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន និងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ។ 19យើងនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត»។ 20ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងរកអំពើទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែរកមិនឃើញទេ ហើយរកអំពើបាបរបស់ពួកយូដា តែមិនឃើញឡើយ ពីព្រោះយើងនឹងអត់ទោសដល់ពួកអ្នកដែលយើងទុកឲ្យនៅសល់»។
21ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែម ចុះ
គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នក
នៅស្រុកពេកូឌ ដែរ ចូរសម្លាប់
ហើយបំផ្លាញអស់រលីងតាមក្រោយគេ
ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដី
ដែលយើងបានបង្គាប់ដល់អ្នក។
22មានឮសូរចម្បាំងនៅក្នុងស្រុក
ជាសូរនៃការបំផ្លាញយ៉ាងសម្បើម
23ញញួរដែលវាយផែនដីទាំងមូល
បានកាច់បាក់យ៉ាងណាហ្ន៎
ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់
នៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
24នែ៎ បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់
សម្រាប់ចាប់អ្នក ហើយអ្នកត្រូវជាប់ដែរ
អ្នកមិនបានដឹងខ្លួនសោះ គឺបានរកអ្នកឃើញ
ហើយចាប់បាន ពីព្រោះអ្នកបានតយុទ្ធនឹងព្រះយេហូវ៉ា
25ព្រះយេហូវ៉ាបានបើកឃ្លាំងអាវុធរបស់ព្រះអង្គ
ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្ដីគ្នាន់ក្នាញ់
របស់ព្រះអង្គចេញមក ដ្បិតព្រះអម្ចាស់
ជាព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ។
26ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត
ត្រូវបើកជង្រុកគេ ត្រូវជាន់ឈ្លីគំនរបំណែកទីក្រុង
ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ។
27ចូរសម្លាប់គោរបស់គេទាំងអស់
ឲ្យវាចុះទៅឯទីសម្លាប់ចុះ វរដល់គេ
ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ
គឺជាវេលាធ្វើទោសដល់គេ។
28មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន
ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន
ពីការសងសឹកនៃព្រះយេហូវ៉ាជាព្រះនៃយើង
គឺជាការសងសឹកស្នងនឹងព្រះវិហារនៃព្រះអង្គ។
29ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។ 30ហេតុនោះ ពួកកំលោះៗរបស់គេនឹងដួលនៅតាមផ្លូវ ហើយមនុស្សទាំងអស់ដែលថ្នឹកចម្បាំង នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 31ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «នែ៎ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ យើងទាស់នឹងអ្នក ដ្បិតថ្ងៃកំណត់របស់អ្នកបានមកដល់ហើយ គឺជាវេលាដែលយើងនឹងធ្វើទោសដល់អ្នក។ 32អ្នកឆ្មើងឆ្មៃនឹងចំពប់ដួល ឥតមានអ្នកណាលើកឡើងវិញឡើយ យើងនឹងបង្កាត់ភ្លើង នៅអស់ទាំងទីក្រុងរបស់គេ ហើយភ្លើងនោះនឹងឆេះទាំងអស់ដែលនៅជុំវិញគេ»។
33ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា ត្រូវគេសង្កត់សង្កិនជាមួយគ្នា ពួកអ្នកទាំងប៉ុន្មានដែលចាប់គេនាំទៅជាឈ្លើយ នោះក៏ឃុំឃាំងគេជាប់នៅ មិនព្រមលែងចេញទេ។ 34ឯព្រះដ៏ប្រោសលោះគេ ព្រះអង្គមានឥទ្ធិឫទ្ធិ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងកាន់ក្ដីគេ ដើម្បីប្រោសឲ្យផែនដីបានសេចក្ដីសុខ ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្ន។
35ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
មានដាវមកលើពួកខាល់ដេ
និងលើពួកអ្នកនៅក្រុងបាប៊ីឡូន
លើពួកចៅហ្វាយ និងពួកអ្នកប្រាជ្ញរបស់គេផង។
36មានដាវមកលើពួកភូតភរ គេនឹងវង្វេងស្មារតី
មានដាវមកលើពួកខ្លាំងពូកែរបស់គេ
ហើយពួកនោះនឹងភ័យស្លុត។
37មានដាវមកលើសេះទាំងប៉ុន្មាន
និងរទេះចម្បាំងរបស់គេ
ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន
ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ
គេនឹងត្រឡប់ដូចជាស្រី
មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ
ហើយនឹងត្រូវប្លន់យកទៅ។
38មានរដូវរាំងស្ងួត មកលើទីទឹករបស់គេ
ហើយទឹកទាំងនោះនឹងរីងស្ងួត
ពីព្រោះស្រុកនោះមានសុទ្ធតែរូបឆ្លាក់
ក៏វក់នឹងរូបព្រះផង។
39ហេតុនោះ សត្វព្រៃនៅទីស្ងាត់ ហើយចចកនឹងអាស្រ័យនៅទីនោះ ព្រមទាំងសត្វអូទ្រុសផង ឥតមានមនុស្សណានៅស្រុកនោះជាដរាបតទៅ ក៏នឹងគ្មានអ្នកណានៅគ្រប់ទាំងតំណមនុស្សតរៀងទៅដែរ។ 40ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
41មើល៍ មានសាសន៍មួយមកពីទិសខាងជើង
ជាសាសន៍យ៉ាងធំ និងស្តេចជាច្រើន
បានត្រូវដាសឡើងពីចុងផែនដី។
42គេចាប់យកធ្នូ និងលំពែង ជាពួកសាហាវណាស់
ឥតមានត្រាប្រណីឡើយ សំឡេងគេឮសន្ធឹកដូចសមុទ្រ
គេសុទ្ធតែជិះសេះ គេតម្រៀបគ្នា
ដូចជាមនុស្សដែលរៀបទៅច្បាំង
ឱកូនស្រីក្រុងបាប៊ីឡូនអើយ
គេមកទាស់នឹងអ្នកហើយ។
43ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ
ព្រះហស្តរបស់ទ្រង់ក៏ខ្សោយទៅ
មានសេចក្ដីថប់ព្រួយចាប់ទ្រង់
ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន។
44មើល៍! ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះយើងនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលអាចនឹងឈរនៅចំពោះយើងបាន? 45ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សារបស់ព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានគិតសម្រេចទាស់នឹងក្រុងបាប៊ីឡូន ហើយការដែលព្រះអង្គបានសម្រេចទាស់នឹងពួកអ្នកស្រុកខាល់ដេចុះ គឺថាពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ហើយឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។ 46ផែនដីក៏ញ័រ ដោយឮសូរការចាប់យកក្រុងបាប៊ីឡូន សម្រែករបស់គេបានឮនៅក្នុងចំណោមសាសន៍នានា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 50: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies