យេរេមា 50

50
ការ​ជំនុំ​ជម្រះ​ចក្រ‌ភព​បាប៊ីឡូន
1នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។
2ចូរ​ថ្លែង​ប្រាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍
ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់​ជ័យ​ឡើង
ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ
ចូរ​ប្រាប់​ថា៖ គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ
ព្រះ‌បាល​ត្រូវ​ខ្មាស ព្រះ‌ម្រដាក់​ត្រូវ​បាក់​រលំ​ចុះ
រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស
រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ។
3ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​មួយ​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស និង​សត្វក៏​រត់ចេញ​អស់។ 4ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក ទាំង​ខ្លួន​គេ និង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ។ 5គេ​នឹង​ស៊ើប​សួរ​ពី​ដំណើរ​ក្រុង​ស៊ីយ៉ូន ទាំង​មាន​មុខ​តម្រង់​ទៅ​ចំពោះ​ក្រុង​នោះ ដោយ​ពាក្យ​ថា៖ ចូរ​មក​យើង​រួម​រស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ជា​សេចក្ដី​សញ្ញា​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ។
6រាស្ត្រ​របស់​យើង​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​គង្វាល​របស់​គេ​បាន​បណ្ដាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ។ 7អ្នក​ណា​ដែល​ប្រទះ​ឃើញ​គេ បាន​ត្របាក់​ស៊ី​គេ ហើយ​ពួក​ខ្មាំង​សត្រូវ​បាន​ពោល​ថា៖ យើង​គ្មាន​ទោស​ទេ ពី​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដែល​ជា​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត គឺ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​របស់​បុព្វ‌បុរស​គេ។ 8ចូរ​រត់​ពី​កណ្ដាល​ក្រុង​បាប៊ីឡូន​ទៅ ហើយ​ចេញ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ឲ្យ​ផុត ឲ្យ​បាន​ដូច​ជា​ពពែ​ឈ្មោល​ដែល​នាំ​មុខ​ហ្វូង​ចុះ។ 9ដ្បិត យើង​នឹង​ដាស់​នគរ​ធំៗ​មួយ​ពួក នៅ​ស្រុក​នៅ​ខាង​ជើង​ឡើង ហើយ​បណ្ដាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​តម្រៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ។ 10នោះ​ស្រុក​ខាល់ដេ​នឹង​ត្រូវ​ជា​រំពា ហើយ​អស់​អ្នក​ដែល​ចាប់​យក នោះ​នឹង​បាន​ឆ្អែត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
11ឱ​អ្នក​រាល់​គ្នា​ដែល​ប្លន់​មត៌ក​របស់​យើងអើយ
ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អំណរ
ដោយ​ព្រោះ​ចិត្ត​អ្នក​រាល់​គ្នា​បាន​រីក‌រាយ​ឡើង
ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​លោភ
ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ
ហើយ​កញ្ច្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង
12នោះ​ម្តាយ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប់​យ៉ាង
អ្នក​ដែល​បាន​បង្កើត​អ្នក​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ
មើល៍ គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត
គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់។
13ឥត​មាន​អ្នក​ណា​នៅ
ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា
គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ
អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន
នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ
ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ទី​ក្រុង។
14ឱ​ពួក​អ្នក​ដែល​ដំឡើង​ធ្នូ​អើយ
ចូរ​តម្រៀប​គ្នា​នៅ​ព័ទ្ធ​ជុំ‌វិញ
ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ
ចូរ​បាញ់​ទៅ កុំ​សំចៃ​ព្រួញ​ឡើយ
ដ្បិត​ទី​ក្រុង​នេះ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ។
15ចូរ​ហ៊ោ​ឡើង​ជុំ‌វិញ​ទាស់​នឹង​វា​ចុះ
គេ​បាន​ទទួល​ចាញ់​ហើយ
របង​សម្រាប់​ការពារ​បាន​ដួល
កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ
ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា
ចូរ​សង‌សឹក​នឹង​គេ​ចុះ
ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​អ្នក។
16ត្រូវ​កាត់​អ្នក​ដែល​សាប‌ព្រោះ
និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចម្រូត
ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ
គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន
ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា
ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។
17ពួក​អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ បន្ទាប់​មក នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ។ 18ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន និង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។ 19យើង​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រាអិម ហើយ​នៅ​ស្រុក​កាឡាត»។ 20ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គេ​នឹង​រក​អំពើ​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​រក​មិន​ឃើញ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​មិន​ឃើញ​ឡើយ ពី​ព្រោះ​យើង​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​យើង​ទុក​ឲ្យ​នៅ​សល់»។
21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម ចុះ
គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក
នៅ​ស្រុក​ពេកូឌ ដែរ ចូរ​សម្លាប់
ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ
ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី
ដែល​យើង​បាន​បង្គាប់​ដល់​អ្នក។
22មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ស្រុក
ជា​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សម្បើម
23ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល
បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎
ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច‌បង់
នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎
24នែ៎ បាប៊ីឡូន​អើយ យើង​បាន​ដាក់​អន្ទាក់
សម្រាប់​ចាប់​អ្នក ហើយ​អ្នក​ត្រូវ​ជាប់​ដែរ
អ្នក​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​អ្នក​ឃើញ
ហើយ​ចាប់​បាន ពី​ព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ‌យេហូវ៉ា
25ព្រះ‌យេហូវ៉ា​បាន​បើក​ឃ្លាំង​អាវុធ​របស់​ព្រះ‌អង្គ
ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់
របស់​ព្រះ‌អង្គ​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់
ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ។
26ចូរ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ពី​គ្រប់​ទី​ឆ្ងាយ​បំផុត
ត្រូវ​បើក​ជង្រុក​គេ ត្រូវ​ជាន់​ឈ្លី​គំនរ​បំណែក​ទី​ក្រុង
ហើយ​បំផ្លាញ​ឲ្យ​អស់​រលីង កុំ​ឲ្យ​មាន​សល់​អ្វី​ឡើយ។
27ចូរ​សម្លាប់​គោ​របស់​គេ​ទាំង​អស់
ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សម្លាប់​ចុះ វរ​ដល់​គេ
ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ
គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ។
28មាន​ឮ​សំឡេង​នៃ​ពួក​អ្នក ដែល​រត់​រួច​ពី​ក្រុង​បាប៊ីឡូន
ដើម្បី​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន
ពី​ការ​សង‌សឹក​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
គឺ​ជា​ការ​សង‌សឹក​ស្នង​នឹង​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ។
29ចូរ​ហៅ​ពួក​ពល​ធ្នូ ឲ្យ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ គឺ​អស់​អ្នក​ណា​ដែល​ធ្លាប់​យឹត​ធ្នូ ត្រូវ​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំ‌វិញ កុំ​ឲ្យ​ពួក​គេ​ណា​មួយ​រួច​ឡើយ ចូរ​សង​តាម​ការ​ដែល​គេ​បាន​ធ្វើ​ចុះ ត្រូវ​ប្រព្រឹត្ត​នឹង​គេ​តាម​គ្រប់​ទាំង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដ្បិត​គេ​បាន​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល។ 30ហេតុ​នោះ ពួក​កំលោះៗ​របស់​គេ​នឹង​ដួល​នៅ​តាម​ផ្លូវ ហើយ​មនុស្ស​ទាំង​អស់​ដែល​ថ្នឹក​ចម្បាំង នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 31ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នែ៎ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ យើង​ទាស់​នឹង​អ្នក ដ្បិត​ថ្ងៃ​កំណត់​របស់​អ្នក​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក។ 32អ្នក​ឆ្មើង‌ឆ្មៃ​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​លើក​ឡើង​វិញ​ឡើយ យើង​នឹង​បង្កាត់​ភ្លើង នៅ​អស់​ទាំង​ទី​ក្រុង​របស់​គេ ហើយ​ភ្លើង​នោះ​នឹង​ឆេះ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​គេ»។
33ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា ត្រូវ​គេ​សង្កត់‌សង្កិន​ជា‌មួយ​គ្នា ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ នោះ​ក៏​ឃុំ‌ឃាំង​គេ​ជាប់​នៅ មិន​ព្រម​លែង​ចេញ​ទេ។ 34ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ព្រះ‌អង្គ​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​កាន់​ក្ដី​គេ ដើម្បី​ប្រោស​ឲ្យ​ផែនដី​បានសេចក្ដី​សុខ ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន។
35ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
មាន​ដាវ​មក​លើ​ពួក​ខាល់ដេ
និង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន
លើ​ពួក​ចៅ‌ហ្វាយ និង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង។
36មាន​ដាវ​មក​លើ​ពួក​ភូត‌ភរ គេ​នឹង​វង្វេង​ស្មារតី
មាន​ដាវ​មក​លើ​ពួក​ខ្លាំង​ពូកែ​របស់​គេ
ហើយ​ពួក​នោះ​នឹង​ភ័យ​ស្លុត។
37មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន
និង​រទេះ​ចម្បាំង​របស់​គេ
ហើយ​លើ​ជន​ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន
ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ
គេ​នឹង​ត្រឡប់​ដូច​ជា​ស្រី
មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​របស់​គេ
ហើយ​នឹង​ត្រូវ​ប្លន់​យក​ទៅ។
38មាន​រដូវ​រាំង‌ស្ងួត មក​លើ​ទី​ទឹក​របស់​គេ
ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត
ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់
ក៏​វក់​នឹង​រូប​ព្រះ​ផង។
39ហេតុ​នោះ សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក​នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូទ្រុស​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​តទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​តំណ​មនុស្ស​តរៀង​ទៅ​ដែរ។ 40ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ទី​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ឡើយ ដូច​កាល​ព្រះ​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ហើយ​ទី​ក្រុង​នៅ​ជិត​ខាង​ទាំង​ប៉ុន្មាន​ដែរ។
41មើល៍ មាន​សាសន៍​មួយ​មក​ពី​ទិស​ខាង​ជើង
ជា​សាសន៍​យ៉ាង​ធំ និង​ស្តេច​ជា​ច្រើន
បាន​ត្រូវ​ដាស​ឡើង​ពី​ចុង​ផែនដី។
42គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់
ឥត​មាន​ត្រា​ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ
គេ​សុទ្ធ​តែ​ជិះ​សេះ គេ​តម្រៀប​គ្នា
ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង
ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ
គេ​មក​ទាស់​នឹង​អ្នក​ហើយ។
43ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ
ព្រះ‌ហស្ត​របស់​ទ្រង់​ក៏​ខ្សោយ​ទៅ
មាន​សេចក្ដី​ថប់​ព្រួយ​ចាប់​ទ្រង់
ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។
44មើល៍! ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​យើង​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​យើង​បាន? 45ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​គិត​សម្រេច​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ការ​ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ។ 46ផែនដី​ក៏​ញ័រ ដោយ​ឮ​សូរ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សម្រែក​របស់​គេ​បាន​ឮ​នៅ​ក្នុង​ចំណោម​សាសន៍​នានា។

ទើបបានជ្រើសរើសហើយ៖

យេរេមា 50: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល