យេរេមា 5

5
អំពើ​ពុក​រលួយនៃ​ប្រជារាស្ត្រ​របស់​ព្រះ
1ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល
ឲ្យ​ដឹង​ឥឡូវ
ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល
បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា
ដែល​ប្រព្រឹត្ត​ដោយ​សុចរិត
ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត
នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។
2ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា
ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ
គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ
3ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ
តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ?
ព្រះ‌អង្គ​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​អន្តរធាន​ទៅ
តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ
គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម
គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។
4នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ
ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា
ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ។
5ខ្ញុំ​នឹង​ទៅ​រក​ពួក​អ្នក​ធំ ហើយ​និយាយ​ជា‌មួយ​ពួក​គេ​វិញ
ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា
និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ
ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម
ហើយ​ផ្តាច់​ចំណង​ចេញហើយ។
6ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ
ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ
ហើយ​ខ្លា​រខិន​សម្ងំ​ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ
អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច​ខ្ទី
ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់
ហើយ​ការ​រា​ថយ​របស់​គេ ក៏​មាន​ច្រើន​ដែរ។
7ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អត់​ទោស​ឲ្យ​អ្នក​បាន?
ពួក​កូន​ចៅ​របស់​អ្នក​បាន​បោះ‌បង់​ចោល​យើង​អស់​ហើយ
ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង
កាល​យើង​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ
នោះ​គេ​ក៏​បែរ​ជា​ផិត​យើង​វិញ
ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​ពេស្យា។
8គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ
ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត
គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ
របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា។
9ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ?
តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក
នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ?
10ចូរ​ឡើង​ទៅ​លើ​កំផែង​ទី​ក្រុង​របស់​គេ
ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ
ចូរ​កាច់​ខ្នែង​គេ​ចេញ
ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ព្រះ‌យេហូវ៉ា​ទេ។
11ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា
បាន​ក្បត់​នឹង​យើង​ខ្លាំង​ហើយ
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
ផល​វិបាក​នៃ​ការ​បោះ‌បង់​ព្រះ‌អម្ចាស់
12គេ​និយាយ​មិន​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេហូវ៉ា
ដោយ​ពាក្យ​ថា៖ ព្រះ​អង្គ​មិនធ្វើ​អ្វី​នោះ​ទេ
ក៏​គ្មាន​សេចក្ដី​អាក្រក់​ណា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា
យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់​ឡើយ។
13ពួក​ហោរា​នឹង​ត្រឡប់​ដូច​ជា​ខ្យល់
ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ
សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។
14ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
ដោយ​ព្រោះ​អ្នក​រាល់​គ្នាបាន​ពោល​ពាក្យ​យ៉ាង​នេះ
នោះ​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ
ដែល​យើង​ដាក់​នៅ​មាត់​អ្នក បាន​ដូច​ជា​ភ្លើង
ហើយ​ឲ្យ​ជន​ជាតិ​នេះ​បាន​ត្រឡប់​ជា​ឧស
ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ
15ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
នែ៎ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ
យើង​នឹង​នាំ​សាសន៍​មួយ​ពី​ឆ្ងាយ​មក​លើ​អ្នក​រាល់​គ្នា
គឺ​ជា​សាសន៍​មួយ​យ៉ាង​ស្វិត‌ស្វាញ
ជា​សាសន៍​ចាស់​បុរាណ
ដែល​អ្នក​មិន​ស្គាល់​ភាសា​របស់​គេ​ទេ
ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ។
16បំពង់​ព្រួញ​គេ ដូច​ជា​ផ្នូរ​ខ្មោច​ចំហ
គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ។
17គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់
ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក
ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក
ហើយ​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ
និង​ដើម​ល្វា​របស់​អ្នក​ដែរ។
គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង
ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។
18ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​មាន​គ្រា​នោះ​ក៏​ដោយ ក៏​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ឲ្យ​អស់​រលីង​ដែរ។ 19បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។
ព្រះ​ដាក់​ទោស​អ៊ីស្រា‌អែល
20ចូរ​ថ្លែង​សេចក្ដី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប
ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា៖
21ឱ​ជន​ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់
ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ
មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ
ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ។
22ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ឬ?
តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ?
ដែល​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ
ដោយ​បញ្ញត្តិ​នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង
ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង
គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា
គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ
23តែ​ជន​ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង​ចចេស
ហើយ​បះ‌បោរ​វិញ
គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ។
24គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា
ឥឡូវ​នេះ ចូរ​យើង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​វិញ ដែល​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​មក
គឺ​ទាំង​ភ្លៀង​ដើមរដូវ ហើយ​ចុង​រដូវ តាម​រដូវ​ភ្លៀង
ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ
ដែល​សម្រាប់​ច្រូត​កាត់​ដល់​យើង​នោះ​ឡើយ។
25អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ
ហើយ​អំពើ​បាប​របស់​អ្នក
បាន​បង្ខាំង​សេចក្ដី​ល្អ​ចេញ​ពី​អ្នក​រាល់​គ្នា​ដែរ។
26ដ្បិត​នៅ​ក្នុង​ប្រជា‌រាស្ត្រ​យើង
ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់
គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ
គេ​ដាក់​អន្ទាក់​ចាប់​មនុស្ស។
27ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា
ផ្ទះ​គេ​ក៏​ពេញ​ដោយ​ការ​ឆ‌បោក​យ៉ាង​នោះ​ដែរ
ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​ជា​អ្នក​មានផង។
28គេ​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ
គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់
ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា
ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ
ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។
29ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ?
តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក
នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ?
30មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច
បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក
31គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក
ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន
ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ
ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?

ទើបបានជ្រើសរើសហើយ៖

យេរេមា 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល