យេរេមា 42
42
ហោរាយេរេមាប្រាប់អ្នកដែលនៅរស់កុំឲ្យចាកចេញពីលំនៅដ្ឋាន
1គ្រានោះ មេទ័ពទាំងប៉ុន្មាន និងយ៉ូហាណានជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្ដាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត 2ហើយគេនិយាយទៅកាន់ហោរាយេរេមាថា៖ «សូមលោកមេត្តាស្តាប់សេចក្ដីដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់លោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់ 3ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ»។ 4ហោរាយេរេមាក៏ឆ្លើយតបថា៖ «ខ្ញុំបានឮហើយ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្ដីអ្វីដែលព្រះយេហូវ៉ាឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីពីអ្នករាល់គ្នាឡើយ»។ 5ដូច្នេះ គេជម្រាបហោរាយេរេមាថា៖ «បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះរបស់លោក ចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ។ 6ទោះបើជាការល្អ ឬអាក្រក់ក្ដី យើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ព្រះអង្គនោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្ដីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់យើង»។
7លុះដប់ថ្ងៃកន្លងផុតទៅ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា 8រួចលោកហៅយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ ហើយបណ្ដាជនទាំងឡាយ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត 9លោកក៏ប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅនាំពាក្យអង្វររបស់អ្នករាល់គ្នា ទៅថ្វាយដល់ព្រះអង្គនោះ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា 10"បើអ្នករាល់គ្នានៅជាប់ក្នុងស្រុកនេះតទៅ យើងនឹងសង់អ្នកឡើងឥតរំលំចុះឡើយ ហើយដាំអ្នករាល់គ្នា ឥតរំលើងវិញដែរ ដ្បិតយើងប្រែគំនិតចេញពីការអាក្រក់ ដែលយើងបានធ្វើដល់អ្នករាល់គ្នាហើយ"»។ 11ព្រះយេហូវ៉ាមានព្រះបន្ទូលថា "កុំខ្លាចចំពោះស្តេចបាប៊ីឡូន ដែលអ្នករាល់គ្នាកំពុងតែខ្លាចនោះ កុំខ្លាចគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នករាល់គ្នា ហើយនឹងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់គេ។ 12យើងនឹងប្រោសមេត្តាដល់អ្នករាល់គ្នា ដើម្បីឲ្យគេបានអាណិតអ្នក ហើយឲ្យត្រឡប់ទៅឯស្រុករបស់អ្នករៀងខ្លួនវិញ"។ 13ប៉ុន្តែ បើអ្នករាល់គ្នាថា "យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ" គឺអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក 14ហើយនិយាយថា "ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំមិនឃើញចម្បាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅ"។ 15ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "បើអ្នករាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទពិត ហើយក៏ទៅអាស្រ័យនៅទីនោះ 16ដាវដែលអ្នករាល់គ្នាខ្លាចនឹងតាមអ្នកទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយគ្រោះទុរ្ភិក្សដែលអ្នករាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមអ្នករាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅទីនោះ។ 17ឯអស់អ្នកដែលពេញចិត្តនឹងទៅអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់ និងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ ដែលយើងនឹងនាំមកលើគេនោះឡើយ"។
18ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។ 19ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរអ្នករាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូលឲ្យដឹងជាក់ថា នៅថ្ងៃនេះ ខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ។ 20ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា "សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា ឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម"។ 21ដូច្នេះ នៅថ្ងៃនេះ ខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ក្នុងការអ្វីដែលព្រះអង្គបានចាត់ខ្ញុំមកប្រាប់អ្នករាល់គ្នានោះសោះ។ 22ដូច្នេះ ចូរអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 42: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies