យេរេមា 39

39
ក្រុង​យេរូ‌សាឡិមត្រូវ​ដួល​រលំ
1នៅ​ខែដប់ ឆ្នាំ​ទី​ប្រាំបួន​នៃ​រាជ្យ​សេដេគា ស្តេច​យូដា នោះ​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទ្រង់​ទាំង​អស់ ក៏​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។ 2នៅ​ថ្ងៃ​ប្រាំបួន ខែ​ទី​ប្រាំបួន ឆ្នាំ​ទី​ដប់​មួយ នៃ​រាជ្ជកាល​ព្រះបាទ​សេដេគា គេ​បំបែក​ទម្លាយ​កំផែង​ទី​ក្រុង​បាន​ហើយ។ 3ពេល​នោះ គេ​យក​បាន​ក្រុង​យេរូសាឡិម​ហើយ មន្ត្រី​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្ដាល គឺ​មាន​នើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាប​សារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រម​ទាំងមន្ត្រីឯ​ទៀតទាំង​ប៉ុន្មាន​របស់​ស្តេច​បាប៊ីឡូន។
4កាល​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ទ្រង់​ចេញ​តម្រង់​ទៅ​ឯ​ស្រុក​វាល។ 5ប៉ុន្តែ ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ ក៏​នាំ​ទៅ​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូក្នេសា​ក៏​កាត់​ទោស​ទ្រង់។ 6ស្តេច​បាប៊ីឡូន​សម្លាប់​ពួក​បុត្រា​របស់ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សម្លាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ 7ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន។ 8ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង។ 9បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន។ 10ប៉ុន្តែ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្ដា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​គ្រា​នោះ​ក៏​ចែក​ដំណាំ​ទំពាំង​បាយជូរ និង​ចម្ការ​ឲ្យ​ដល់​គេ​ផង។
ព្រះបាទ​នេប៊ូក្នេសា​ដោះ​លែង​ហោរា​យេរេមា
11ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​ហោរា​យេរេមា​ថា៖ 12«ចូរ​ទំនុក‌បម្រុង​ហោរា​យេរេមាឲ្យ​បាន​ល្អ​ផង កុំ​ធ្វើ​បាប​លោក​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ»។ 13ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រ៉ាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន 14ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​ហោរា​យេរេមា​ពី​ទី‌លាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​នាំ​លោក​ទៅ​ផ្ទះវិញ។ ដូច្នេះ លោក​បាន​នៅ​ជា‌មួយ​ប្រជា​ជន។
15ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពេល​លោក​ជាប់​នៅ​ក្នុង​ទី‌លាន​គុក​នៅ​ឡើយ នោះ​ថា៖ 16«ចូរ​ទៅ​ប្រាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ដូច្នេះ គឺ​ថា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​យើង​មក​លើក្រុង​នេះ ឲ្យ​បាន​សេចក្ដី​អាក្រក់ មិន​មែន​ជា​សេចក្ដី​ល្អ​ទេ ពាក្យ​ទាំង​នោះ​នឹង​បាន​សម្រេច​នៅ​មុខ​អ្នក​ក្នុង​ថ្ងៃ​នោះ»។ 17ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​អ្នក​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ ដែល​អ្នក​ខ្លាច​ឡើយ។ 18ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​ពិត​ប្រាកដ អ្នក​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​រួច​ជីវិត ពី​ព្រោះ​អ្នក​បាន​យក​យើង​ជា​ទី​ទុក​ចិត្ត» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

យេរេមា 39: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល