យេរេមា 38

38
ហោរា​យេរេមា​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​អណ្តូង
1សេផាធា ជា​កូន​ម៉ាត់ថាន និង​កេដាលា ជា​កូន​ផាស‌ហ៊ើរ យេហ៊ូកាល ជា​កូន​សេលេមា ហើយ​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា គេ​ក៏​ឮ​ពាក្យ​ដែល​ហោរា​យេរេមា​ប្រាប់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖ 2«ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​កៀច​នៅ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ ឬ​ដោយ​អាសន្ន‌រោគ តែ​អ្នក​ណា​ដែល​ចេញ​ផុត​ពី​ពួក​ខាល់ដេ នោះ​នឹង​បាន​រស់ ជីវិត​អ្នក​នោះ​ដូច​រួច​ពី​សង្គ្រាម ហើយ​រស់​នៅ​តទៅ។ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក"។ 4ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។ 5ព្រះបាទ​សេដេគា​មាន​រាជ‌ឱង្ការ​តប​ថា៖ «មើល៍! វា​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ»។ 6គេ​ក៏​ចាប់​យក​ហោរា​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទី‌លាន​គុក គេ​យក​ខ្សែ​សម្រូត​ហោរា​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់ ហើយ​ហោរា​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។
លោកអេបេឌ-មេលេក​សង្គ្រោះ​ហោរា​យេរេមា
7លោក​អេបេឌ-មេលេក សាសន៍​អេធីយ៉ូពី ដែលជា​មហាតហិក​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​ហោរា​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន) 8នោះ​អេបេឌ-មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា៖ 9«ឱ​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះអត់​ឃ្លាន​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ»។ 10ដូច្នេះ ស្ដេច​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា៖ «ចូរ​នាំ​មនុស្ស​សាម​សិប​នាក់​ពី​ទី​នេះ​ទៅ​ជា‌មួយ​អ្នក ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់»។ 11ដូច្នេះ អេបេឌ-មេលេក​ក៏​យក​មនុស្ស​ទាំង​នោះ​ទៅ​ជា‌មួយ ចូល​ទៅ​ក្នុង​ព្រះ‌រាជ​ដំណាក់ គឺ​ទៅ​កាន់​បន្ទប់​សម្លៀក​បំពាក់​នៅ​ក្នុង​ឃ្លាំង យក​ក្រណាត់​ចាស់ៗ និង​សម្លៀក​បំពាក់​រយ៉ី‌រយ៉ៃ​ពី​កន្លែង​នោះ ហើយ​ចងនឹង​ខ្សែ​ពួរ សម្រូត​ចុះ​ទៅ​ឲ្យ​យេរេមា​នៅ​ក្នុង​អណ្ដូង​ងងឹត។ 12អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​ហោរា​យេរេមា​ថា៖ «សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែ​ពួរ​ទៅ​ហោរា​យេរេមា​ក៏​ធ្វើ​ដូច្នោះ។ 13រួច​គេ​យោង​ទាញ​ហោរា​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​វិញ។
ព្រះ‌បាទ​សេដេគា​ពិភាក្សា​ជា‌មួយ​ហោរា​យេរេមា​ម្ដង​ទៀត
14ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា មក​នៅ​ត្រង់​ទ្វារ​ទី​បី​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ហោរា​យេរេមា​ថា៖ «យើង​ចង់​សួរ​បន្តិច កុំ​លាក់​នឹង​យើង​ឡើយ»។ 15ដូច្នេះ ហោរា​យេរេមា​ទូលព្រះបាទ​សេដេគា​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​ជ្រាប តើ​ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​មែន​ទេ​ឬ? ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ»។ 16ព្រះបាទ​សេដេគា​ស្បថ​នឹងហោរា​យេរេមា​ដោយ​សម្ងាត់​ថា៖ «ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ព្រលឹង​ឲ្យ​យើង​នេះ នោះ​ប្រាកដ​ជា​យើង​មិន​សម្លាប់ ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​អ្នក​ឡើយ»។
17ហោរា​យេរេមា​ទូល​ព្រះបាទ​សេដេគា​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​បំផ្លាញ​ដែរ គឺ​ទ្រង់ និង​ពួក​វង្សាក៏​បាន​រួច​ជីវិត​ដែរ។ 18ប៉ុន្តែ បើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ហើយ​គេ​នឹង​ដុត​ចោល ឯ​ទ្រង់​ក៏​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ»។ 19ព្រះបាទ​សេដេគាមាន​រាជ‌ឱង្ការទៅ​កាន់​ហោរា​យេរេមា​ថា៖ «យើង​ខ្លាច​ពួក​សាសន៍​យូដា ដែល​ចូល​ដៃ​ខាង​ពួក​ខាល់ដេ ហើយ​ក្រែង​សាសន៍​ខាល់ដេ​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ហើយ​គេ​ត្មះ‌តិះ‌ដៀល​យើង»។ 20ប៉ុន្តែ ហោរា​យេរេមា​ទូល​តប​ថ៖ «គេ​មិន​ប្រគល់​ទ្រង់​ទៅ​ទេ ទូល‌បង្គំអង្វរ សូម​ទ្រង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្ដី​សុខ ហើយ​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ។ 21ប៉ុន្តែ ប្រសិន‌បើ​ទ្រង់​មិន​ព្រម​យាង​ចេញ​ទៅ​ទេ នោះ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​នេះ​មក ឲ្យ​ទូល‌បង្គំ​ឃើញ​ថា 22ស្ត្រី​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ដំណាក់​របស់​ស្តេច​យូដា នឹង​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន ហើយ​ស្ត្រី​ទាំង​នោះ​នឹង​ពោល​ថា
ពួក​ជំនិត​របស់​ទ្រង់​បាន​បញ្ឆោត​ទ្រង់
ហើយ​ក៏​ឈ្នះ​ទ្រង់​ផង
ឥឡូវ​នេះ ព្រះ‌បាទ​របស់​ព្រះ‌ករុណា​ផុង​ជាប់
ទៅ​ក្នុង​ភក់​ហើយ នោះ​គេ​ងាក​ចេញ​ពី​ទ្រង់​ទៅ។
23គេ​នឹង​នាំ​ភរិយា និង​ព្រះ‌រាជ្យ​បុត្រ​របស់​ព្រះ‌ករុណា​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​ព្រះ​ករុណា​ផ្ទាល់​ក៏​មិន​រួច​ពី​កណ្ដាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវភ្លើង​ឆេះ»។
24ព្រះបាទ​សេដេគា​មាន​រាជ‌ឱង្ការ​ទៅកាន់​ហោរា​យេរេមា​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ។ 25ប៉ុន្តែ បើ​ពួក​ចៅ‌ហ្វាយ​ឮ​ថា យើង​បាន​និយាយ​នឹង​អ្នក ហើយ​គេ​មករក​អ្នក ដោយ​ពាក្យ​ថា ចូរ​ប្រាប់​យើង​ពី​សេចក្ដី​ដែល​អ្នក​បាន​ទូល​ដល់​ស្តេច កុំ​លាក់​យើង​ឲ្យ​សោះ យើង​មិន​សម្លាប់​អ្នក​ទេ ហើយ​ប្រាប់យើង​ពី​សេចក្ដី​ដែល​ស្តេច​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​ដែរ។ 26អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ថា ខ្ញុំ​គ្រាន់​តែ​ទូល‌អង្វរ​ស្ដេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណាថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ»។ 27បន្ទាប់​មក ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​មក​ឯ​យេរេមា​សួរ​យ៉ាង​នោះ​មែន ហើយ​លោក​ប្រាប់​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ស្តេច​បាន​បង្គាប់។ ដូច្នេះ គេ​ក៏​លែង​និយាយ​នឹង​លោក​ទៅ ពី​ព្រោះ​ការ​នោះ​មិន​បាន​បើក​ឲ្យ​គេ​ឃើញ​ទេ។ 28ឯ​ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន ។ វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 38: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល