យេរេមា 35
35
ពួករេកាបបានទទួលការកោតសរសើរ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា នៅក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀសស្តេចយូដាថា៖ 2ចូរទៅផ្ទះពួករេកាប និយាយជាមួយគេ ហើយនាំគេចូលទៅក្នុងបន្ទប់មួយនៃព្រះដំណាក់របស់ព្រះយេហូវ៉ា រួចចាក់ស្រាទំពាំងបាយជូរឲ្យគេផឹកទៅ!។ 3ដូច្នេះ ខ្ញុំក៏ទៅយកយ៉ាសានា ជាកូនយេរេមា ដែលជាកូនហាបា-ស៊ីនា បងប្អូនរបស់គាត់ និងកូនចៅរបស់គាត់ទាំងអស់ ព្រមទាំងពូជពង្សនៃពួករេកាបទាំងអស់គ្នា។ 4ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ 5រួចខ្ញុំដាក់ដបស្រាទំពាំងបាយជូរ និងពែងនៅមុខកូនចៅពួករេកាប ហើយប្រាប់ថា អញ្ជើញពិសាស្រាទំពាំងបាយជូរចុះ។ 6ប៉ុន្តែ គេឆ្លើយតបថា៖ យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ព្រោះយ៉ូណាដាប ជាកូនរេកាប បុព្វបុរសយើងបានផ្តាំថា អ្នករាល់គ្នាកុំផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងអ្នក ឬកូនចៅអ្នកតរៀងទៅ។ 7អ្នកមិនត្រូវធ្វើផ្ទះ ឬសាបព្រោះ ឬដាំ ឬមានចម្ការទំពាំងបាយជូរឡើយ គឺអ្នករាល់គ្នាត្រូវនៅក្នុងត្រសាលអស់មួយជីវិត ដើម្បីឲ្យបានរស់ជាយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងស្នាក់នៅនោះ 8ហើយយើងរាល់គ្នាបានស្តាប់បង្គាប់យ៉ូណាដាប ជាកូនរេកាប ដែលជាបុព្វបុរសយើង តាមគ្រប់ទាំងសេចក្ដីដែលគាត់បានផ្តាំមក គឺមិនបានទទួលទានស្រាទំពាំងបាយជូរដរាបដល់អស់មួយជីវិតយើង ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់យើងផង 9ក៏មិនបានធ្វើផ្ទះសម្រាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចម្ការ ឬពូជពង្រោះណាផង 10គឺយើងរាល់គ្នាបានអាស្រ័យនៅក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្ដីដែលយ៉ូណាដាប ជាបុព្វបុរសយើងបានផ្តាំទុក។ 11ប៉ុន្តែ ពេលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឡើងមកក្នុងស្រុក នោះយើងបាននិយាយគ្នាថា ចូរយើងចូលទៅក្នុងក្រុងយេរូសាឡិម ឲ្យរួចពីពួកទ័ពខាល់ដេ និងពួកទ័ពស៊ីរីចេញ ហេតុនោះបានជាយើងរាល់គ្នា អាស្រ័យនៅក្នុងក្រុងយេរូសាឡិមសព្វថ្ងៃនេះ។
12ពេលនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា៖ 13ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមថា តើអ្នករាល់គ្នាមិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ដើម្បីស្តាប់តាមពាក្យយើងទេឬ? នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 14ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាបដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសម្រេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់បុព្វបុរសគេ ឯយើងវិញ យើងបាននិយាយនឹងអ្នករាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីប្រាប់ផង តែអ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ។ 15យើងក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យមកឯអ្នកដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីចាត់គេ ឲ្យប្រាប់ថា ចូរអ្នកទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់អ្នក កុំទៅតាមព្រះដទៃ ដើម្បីគោរពបម្រើព្រះទាំងនោះឡើយ នោះអ្នករាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលយើងបានឲ្យដល់អ្នក និងបុព្វបុរសអ្នក តែអ្នករាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមយើងសោះ។ 16ដូច្នេះ ដោយឃើញថា ពួកកូនចៅយ៉ូណាដាប ជាកូនរេកាប បានសម្រេចតាមបង្គាប់របស់បុព្វបុរសគេ ដែលផ្តាំមកនោះ តែជនជាតិទាំងនេះមិនបានស្តាប់តាមយើងទេ។ 17ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។
18បន្ទាប់មក ហោរាយេរេមាថ្លែងទៅកាន់ពួកវង្សរេកាបថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលព្រះអង្គមានព្រះបន្ទូលថា ដោយព្រោះអ្នករាល់គ្នាបានស្តាប់តាមបង្គាប់យ៉ូណាដាប ជាបុព្វបុរសអ្នក ហើយរក្សាអស់ទាំងបញ្ញត្តិរបស់គាត់ ព្រមទាំងសម្រេចតាមអស់ទាំងពាក្យដែលគាត់បានផ្តាំមក 19ដូច្នេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា យ៉ូណាដាបជាកូនរេកាប នឹងមិនដែលខានមានមនុស្សសម្រាប់ឈរនៅមុខយើងឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 35: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies