យេរេមា 35

35
ពួក​រេកាបបានទទួលការ​កោត​សរសើរ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទយ៉ូសៀស​ស្តេច​យូដា​ថា៖ 2ចូរ​ទៅ​ផ្ទះ​ពួក​រេកាប និយាយ​ជា‌មួយ​គេ ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ!។ 3ដូច្នេះ ខ្ញុំ​ក៏​ទៅ​យក​យ៉ាសានា ជា​កូន​យេរេមា ដែល​ជា​កូន​ហាបា-ស៊ីនា បង‌ប្អូន​របស់​គាត់ និង​កូន​ចៅ​របស់​គាត់​ទាំង​អស់ ព្រម​ទាំង​ពូជ‌ពង្ស​នៃ​ពួក​រេកាប​ទាំង​អស់​គ្នា។ 4ខ្ញុំ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា អ្នក​សំណព្វ​របស់​ព្រះ ដែល​នៅ​ជាប់​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ 5រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​ពួក​រេកាប ហើយ​ប្រាប់​ថា អញ្ជើញ​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចុះ។ 6ប៉ុន្តែ គេ​ឆ្លើយ​តប​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ព្រោះ​យ៉ូណាដាប ជា​កូន​រេកាប បុព្វ‌បុរស​យើង​បាន​ផ្តាំ​ថា អ្នក​រាល់​គ្នា​កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ទោះ​ទាំង​អ្នក ឬ​កូន​ចៅ​អ្នក​តរៀង​ទៅ។ 7អ្នក​មិន​ត្រូវ​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​មួយ​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ 8ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​បុព្វ‌បុរស​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​មួយ​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង 9ក៏​មិន​បាន​ធ្វើ​ផ្ទះ​សម្រាប់​អាស្រ័យ​នៅ ហើយ​គ្មាន​ដំណាំ​ទំពាំង‌បាយ‌ជូរ ឬ​ចម្ការ ឬ​ពូជ​ពង្រោះ​ណា​ផង 10គឺ​យើង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ត្រសាល ហើយ​បាន​ស្តាប់​បង្គាប់ ទាំង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យ៉ូណាដាប ជា​បុព្វ‌បុរស​យើង​បាន​ផ្តាំ​ទុក។ 11ប៉ុន្តែ ពេល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ស្រុក នោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ។
12ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ 13ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​និយាយ​នឹង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ដើម្បី​ស្តាប់​តាម​ពាក្យ​យើង​ទេ​ឬ? នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 14ឯ​ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅ មិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សម្រេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គេ​ស្តាប់​តាម​បង្គាប់​របស់​បុព្វ‌បុរស​គេ ឯ​យើង​វិញ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ប្រាប់​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ។ 15យើង​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​មក​ឯ​អ្នក​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ចាត់​គេ ឲ្យ​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​អ្នក កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តែ​អ្នក​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​យើង​សោះ។ 16ដូច្នេះ ដោយ​ឃើញ​ថា ពួក​កូន​ចៅ​យ៉ូណាដាប ជា​កូន​រេកាប បាន​សម្រេច​តាម​បង្គាប់​របស់​បុព្វ‌បុរស​គេ ដែល​ផ្តាំ​មក​នោះ តែ​ជន​ជាតិ​ទាំង​នេះ​មិន​បាន​ស្តាប់​តាម​យើង​ទេ។ 17ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​យើង​បាន​ពោល​ទាស់​នឹង​គេ​ហើយ ព្រោះ​យើង​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ យើង​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ។
18បន្ទាប់​មក ហោរា​យេរេមា​ថ្លែង​ទៅ​កាន់​ពួក​វង្ស​រេកាប​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​បុព្វ‌បុរស​អ្នក ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​របស់​គាត់ ព្រម​ទាំង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​គាត់​បាន​ផ្តាំ​មក 19ដូច្នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា យ៉ូណា‌ដាប​ជា​កូន​រេកាប នឹង​មិន​ដែល​ខាន​មាន​មនុស្ស​សម្រាប់​ឈរ​នៅ​មុខ​យើង​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 35: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល