ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងសម្រេចតាមពាក្យល្អ ដែលយើងបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា នៅគ្រានោះ គឺនៅជាន់នោះ យើងនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះ ព្រះអង្គនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត លំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា» ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ដាវីឌនឹងមិនដែលអាក់ខានមានមនុស្សសម្រាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្សនៅចំពោះយើងសម្រាប់ថ្វាយតង្វាយដុត តង្វាយម្សៅ និងយញ្ញបូជាជាប់នៅជានិច្ចដែរ។ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ប្រសិនបើអ្នករាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់យើង ពីដំណើរថ្ងៃ និងយប់ ដើម្បីមិនឲ្យមានថ្ងៃ ឬយប់តាមធម្មតាបាន នោះសេចក្ដីសញ្ញាដែលយើងបានតាំងនឹងដាវីឌ ជាអ្នកបម្រើយើង ក៏នឹងផ្តាច់ទៅបានដែរ។ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្ដីសញ្ញា ដែលតាំងនឹងពួកលេវី ជាពួកអ្នកដែលទទួលការងាររបស់យើងដែរ ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះយើងនឹងចម្រើនពូជដាវីឌ ជាអ្នកបម្រើយើង និងពួកលេវី ជាពួកអ្នកទទួលការងាររបស់យើងឲ្យមានច្រើនឡើងយ៉ាងនោះដែរ។ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា៖ អ្នកមិនបានពិចារណាសេចក្ដីដែលជនជាតិទាំងនេះពោលថា គ្រួទាំងពីរដែលព្រះយេហូវ៉ាបានរើសតាំងនោះ ព្រះអង្គបានបោះបង់ចោលវិញទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់ប្រជារាស្ត្រយើង ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ប្រសិនបើសេចក្ដីសញ្ញាពីដំណើរថ្ងៃ និងយប់ មិនស្ថិតស្ថេរនៅ បើយើងមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ និងផែនដីទេ នោះយើងនឹងបោះបង់ពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបម្រើរបស់យើងបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតយើងនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
អាន យេរេមា 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 33:14-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ