យេរេមា 31
31
ពួកនិរទេសបានវិលត្រឡប់មកវិញដោយអំណរ
1ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ យើងនឹងធ្វើជាព្រះដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេជាប្រជារាស្ត្ររបស់យើង។
2ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល
គេបានប្រកបដោយគុណនៅទីរហោស្ថាន
ក្នុងកាលដែលយើងទៅប្រោស
ឲ្យបានសេចក្ដីសម្រាក។
3ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ ឃើញពីចម្ងាយ
ដោយមានព្រះបន្ទូលថា៖ យើងបានស្រឡាញ់អ្នក
ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប
ហេតុនេះហើយបានជាយើងទាញអ្នកមក
ដោយសេចក្ដីសប្បុរស។
4ឱនាងព្រហ្មចារីអ៊ីស្រាអែលអើយ!
យើងនឹងសង់អ្នកឡើងវិញម្ដងទៀត
ហើយអ្នកនឹងបានតាំងឡើង
អ្នកនឹងបានតាក់តែងដោយក្រាប់ជាថ្មី
ព្រមទាំងចេញទៅលោតកព្ឆោង
ជាមួយពួកអ្នកដែលលេងសប្បាយ។
5អ្នកនឹងដាំដំណាំទំពាំងបាយជូរ
នៅលើភ្នំស្រុកសាម៉ារីទៀត
ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង។
6ដ្បិតនឹងមានថ្ងៃមកដល់
ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម
នឹងស្រែកឡើងថា៖ ចូរក្រោកឡើង
យើងនឹងឡើងទៅឯព្រះយេហូវ៉ា
ជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។
7ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប
ហើយស្រែកឡើងដោយអំណរ
ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍
ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ
ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ
សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់ព្រះអង្គផង។
8មើល៍! យើងនឹងនាំគេមកស្រុកខាងជើង
ហើយប្រមូលគេពីចុងផែនដីបំផុត
មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទម្ងន់
និងស្រីដែលហៀបសម្រាលកូនផង
ជាក្រុមមនុស្សយ៉ាងធំ
ដែលនឹងវិលមកនៅទីនេះវិញ។
9គេនឹងមកទាំងយំ
និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា
យើងនឹងនាំគេត្រឡប់មកវិញ
យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ
តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ
ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល
ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។
10ឱសាសន៍ដទៃទាំងប៉ុន្មានអើយ
ចូរអ្នករាល់គ្នាស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា៖
ព្រះដែលបានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែល
ព្រះអង្គនឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ
ដូចជាគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
11ព្រោះព្រះយេហូវ៉ាបានលោះយ៉ាកុបហើយ
ព្រះអង្គបានដោះគេចេញពីកណ្ដាប់ដៃ
នៃពួកអ្នកដែលខ្លាំងជាងខ្លួន។
12គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន
ហើយមកហូរហែដល់សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា
គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង
និងកូនចៀម កូនគោ ពីហ្វូងសត្វ
ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ
ដែលមានទឹកស្រោច នោះគេនឹងមិនមាន
សេចក្ដីព្រួយទៀតឡើយ។
13គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ
ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ
និងពួកចាស់ៗទាំងអស់គ្នាផង
ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ
ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ
ព្រមទាំងឲ្យគេរីករាយ
ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។
14យើងនឹងចម្អែតព្រលឹងពួកសង្ឃ
ដោយសេចក្ដីបរិបូរ
ហើយឲ្យប្រជារាស្ត្ររបស់យើងបានស្កប់ចិត្ត
ដោយសេចក្ដីសប្បុរសរបស់យើង
នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ
និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង
ហើយមិនព្រមកម្សាន្តចិត្ត ពីដំណើរកូនសោះ
ដ្បិតវាវិនាសបាត់ហើយ។
16ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ចូរទប់សំឡេងអ្នកមិនឲ្យយំ
និងភ្នែកអ្នកមិនឲ្យហូរសស្រាក់ឡើយ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
កិច្ចការរបស់អ្នកនឹងបានរង្វាន់ជាពិត
ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ។
17ព្រះយេហូវ៉ាក៏មានព្រះបន្ទូលថា៖
មានសេចក្ដីសង្ឃឹមសម្រាប់ចុងបំផុតរបស់អ្នក
កូនចៅអ្នកនឹងវិលមកព្រំដែនរបស់គេវិញ។
18ពិតប្រាកដជាយើងបានឮពួកអេប្រាអិម
កំពុងតែត្អូញត្អែរថា៖ ព្រះអង្គបានវាយផ្ចាលទូលបង្គំ
គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោ
ដែលមិនធ្លាប់ទឹម
សូមព្រះអង្គទាញញាក់ទូលបង្គំមកវិញ
នោះទូលបង្គំនឹងវិលបែរមកហើយ
ដ្បិតគឺព្រះអង្គហើយជាព្រះយេហូវ៉ា
ជាព្រះនៃទូលបង្គំ។
19ក្រោយដែលព្រះអង្គបានទាញញាក់ទូលបង្គំមកវិញ
នោះទូលបង្គំបានប្រែគំនិតឡើងជាពិត
កាលទូលបង្គំបានទទួលសេចក្ដីប្រៀនប្រដៅហើយ
នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្ដីខ្មាស
អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រង
សេចក្ដីអាម៉ាស់ខ្មាសនៃវ័យក្មេង។
20តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ?
តើជាកូនសំណព្វឬ?
ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា
នោះយើងក៏នឹករឭកដល់វានៅវេលានោះ។
ដូច្នេះ យើងមានចិត្តរំជួលដល់វា
និងអាណិតមេត្តាដល់វាជាមិនខាន
នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
21ចូរធ្វើទីសម្គាល់តាមផ្លូវ ហើយដោតតម្រុយចុះ
ចូរតាំងចិត្តតម្រង់ទៅឯថ្នល់
គឺជាផ្លូវដែលអ្នកបានទៅតាមនោះ
ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ
ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់អ្នកទាំងនេះចុះ
22ឱកូនស្រីដែលរាថយអើយ
តើនាងនៅតែដើរសាត់អណ្តែតដល់កាលណាទៀត?
ដ្បិតព្រះយេហូវ៉ាបានបង្កើតការមួយថ្មីនៅលើផែនដី
គឺស្ត្រីហ៊ុមព័ទ្ធបុរស ។
23ព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះរបស់សាសន៍អ៊ីស្រាអែល
មានព្រះបន្ទូលដូច្នេះថា៖ កាលណាយើងនាំពួកគេ
ដែលជាឈ្លើយមកវិញ នៅក្នុងស្រុកយូដា
ហើយអស់ទាំងទីក្រុងនៅស្រុកនោះ
គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត
គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត
ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ
សូមព្រះយេហូវ៉ាប្រទានពរដល់អ្នក
24ស្រុកយូដា និងទីក្រុងទាំងប៉ុន្មានរបស់ស្រុកនោះ នឹងនៅទីនោះជាមួយគ្នា ហើយពួកអ្នកធ្វើស្រែចម្ការ និងអស់អ្នកដែលដើរចុះឡើង ក៏នៅជាមួយហ្វូងសត្វរបស់គេដែរ។ 25ដ្បិតយើងបានចម្អែតព្រលឹងមនុស្សដែលល្វើយ ឯព្រលឹងព្រួយលំបាក យើងបានឲ្យស្កប់ចិត្តឡើងវិញ។ 26មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយពេលនោះ ខ្ញុំដេកលក់ស្កប់ស្កល់ណាស់។ 27ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងយកពូជមនុស្ស និងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា 28ដែលយើងបានមើលគេ ដើម្បីនឹងដករំលើង កាច់បំបាក់ រំលំ បំផ្លាញ ហើយធ្វើទុក្ខជាយ៉ាងណា នោះយើងនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 29នៅគ្រានោះ គេលែងនិយាយថា៖ ឪពុកបានស៊ីផ្លែទំពាំងបាយជូរ ហើយកូនបែរជាសង្កៀរធ្មេញ 30គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន អស់អ្នកណាដែលស៊ីផ្លែទំពាំងបាយជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញ។
សេចក្ដីសញ្ញាថ្មី
31ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា 32មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 33គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សេចក្ដីសញ្ញាដែលយើងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រា គឺយ៉ាងដូច្នេះ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើង នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។ 34បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
35ព្រះដែលប្រទានព្រះអាទិត្យ
សម្រាប់ជាពន្លឺនៅពេលថ្ងៃ
ហើយតាំងរបៀបនៃព្រះចន្ទ
និងតារាទាំងប៉ុន្មានសម្រាប់បំភ្លឺនៅពេលយប់
ជាព្រះដែលបណ្ដាលឲ្យសមុទ្រកម្រើកឡើង
ដល់ម៉្លេះបានជាឮសន្ធឹករលក
ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
36បើបញ្ញត្តិច្បាប់ទាំងនេះ
ឃ្លាតចេញពីមុខយើងទៅកាលណា
នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរ
នៅមុខយើងជារៀងរហូតដែរ។
37ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
បើអាចនឹងវាស់ផ្ទៃមេឃខាងលើ
ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន
យើងនឹងបោះបង់ចោលពូជអ៊ីស្រាអែល
ដោយព្រោះកិច្ចការទាំងប៉ុន្មានដែលគេបានប្រព្រឹត្តដែរ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
38ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង។ 39គេនឹងយកខ្សែរង្វាស់វាស់ចេញទៅដល់ភ្នំការេប ហើយបត់មកដល់កូអាត។ 40ឯច្រកភ្នំទាំងមូលនៃសាកសព និងផេះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ មិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 31: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies