យេរេមា 3

3
ពួក​អ៊ីស្រា‌អែល​មិន​មាន​ជំនឿ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ
ហើយ​នាង​បាន​ចេញ​ពី​អ្នក
ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ
តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ?
តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ?
ឯ​អ្នក​វិញ អ្នក​បាន​ផិត​យើង
ដោយ​មាន​សហាយ​ជា​ច្រើន
ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។
2ចូរ​មើល​ទៅ​ទី​ខ្ពស់​ត្រងិល​ទាំង​ប៉ុន្មាន
ហើយ​មើលចុះ! តើ​មិន​មែន​ជា​កន្លែង
ដែល​អ្នក​បាន​ដេក​ជា‌មួយ​ទេ​ឬ?
អ្នក​បាន​អង្គុយ​ចាំ​គូកំណាន់​តាម​ផ្លូវ
ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ
ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន
ដោយអំពើ​ផិត​ក្បត់ និង​អំពើ​ទុច្ចរិត​របស់​អ្នក។
3ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​មួយ​មេ​ឡើយ
ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ
អ្នក​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​ពេស្យា​ទៀត
អ្នក​មិន​ព្រម​អៀន​ខ្មាស​សោះ។
4ឥឡូវ​នេះ តើ​អ្នក​មិន​ចង់​អំពាវ‌នាវ​រក​យើង​វិញ​ទេ​ឬ
ដោយ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ព្រះ​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង
5តើ​ព្រះ‌អង្គ​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ?
តើ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ?
តែ​មើល៍ អ្នក​បាន​និយាយ
ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កម្លាំង​ចិត្ត»។
ការ​ត្រាស់​ហៅ​ឲ្យ​ប្រែ​ចិត្ត
6មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំងប៉ុន្មាន ហើយ​បាន​ប្រព្រឹត្តអំពើ​ផិត​ក្បត់​នៅ​ទី​នោះ។ 7លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ យើង​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​យើង​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ។ 8យូដា បាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា 9ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។ 10ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
11ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រាអែល​ជា​ពួក​រា​ថយ គេ​បាន​សម្ដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ​ទៅ​ទៀត។ 12ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា:
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ឱ​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​អើយ
ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មិន​បំភ័យ​អ្នក
ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​មាន​សេចក្ដី​មេត្តា»។
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ»។
13អ្នក​គ្រាន់​តែ​ទទួល​ព្រម​ថា អ្នក​មាន​អំពើ​ទុច្ចរិត​មែន
ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក
ហើយ​បាន​ចែក​អំពើ​គោរព​របស់​អ្នក
ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន
នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ផង
តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ»។
14ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«ឱ​ពួក​ក្មេងៗ​ដែល​រា​ថយ​អើយ
ចូរ​វិល​មក​វិញ​ចុះ
ដ្បិត​យើង​ជា​ប្ដី​ដល់​អ្នក​រាល់​គ្នា​ហើយ
យើង​នឹង​យក​អ្នក​រាល់​គ្នា ម្នាក់​ពី​ក្រុងមួយ
ហើយ​ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​មួយ
នាំ​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ។
15យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​យើង ជា​អ្នក​ដែល​ឃ្វាល​អ្នក​រាល់​គ្នា​ដោយ​តម្រិះ និង​យោបល់»។ 16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​និយាយពី​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ទៀត​ហើយ ហិប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ​ដែរ។ 17នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា​ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​រក​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​រឹង​ចចេស ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ។ 18ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។
19យើង​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដាក់​អ្នក
នៅ​ជា‌មួយ​ពួក​កូន​ចៅ​បាន
ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត
គឺ​ជា​មត៌ក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ
នៅ​អស់​ទាំង​សាសន៍​ដល់​អ្នក។
យើង​បាន​ឆ្លើយ​ថា
អ្នក​រាល់​គ្នា​នឹង​ហៅ​យើង​ថា​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក
ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​យើង​តទៅ»។
20ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ
ពិត​ប្រាកដ​ជា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​យើង
ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន។
21មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល
គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​យំ
ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន
ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។
22ឱ​ពួក​កូន​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ
យើង​នឹង​មើល​អស់​ទាំង​អំពើ​រា​ថយ​របស់​អ្នក
ឲ្យ​បាន​ជា​ឡើង​វិញ»។
យើង​ខ្ញុំ​រាល់​គ្នា​មក​រក​ព្រះ‌អង្គ​ហើយ
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា។
23ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច
និងដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ
នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ។
មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ
ដែល​អាច​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល។
24ប៉ុន្តែ របស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន
ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ
តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ហ្វូង​ចៀម
ហ្វូង​គោ និង​កូន​ប្រុស​កូន​ស្រី​របស់​គាត់។
25គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក ក្នុង​សេចក្ដី​ខ្មាស​របស់​យើង
ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប់​ដណ្តប់​យើង​ដែរ
ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង
និង​ពួក​ឪពុក​យើង​ផង
ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​រាល់​គ្នា។

ទើបបានជ្រើសរើសហើយ៖

យេរេមា 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល