យេរេមា 20
20
សង្ឃផាសហ៊ើរធ្វើបាបហោរាយេរេមា
1ពេលលោកផាសហ៊ើរ ជាកូនរបស់សង្ឃអ៊ីមមើរ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា បានឮថាហោរាយេរេមាកំពុងថ្លែងទំនាយសេចក្ដីទាំងនេះ 2លោកផាសហ៊ើរក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ កំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា។ 3លុះថ្ងៃបន្ទាប់ លោកផាសហ៊ើរក៏នាំហោរាយេរេមាចេញពីគុកមកវិញ ខណៈនោះ ហោរាយេរេមាប្រាប់លោកថា៖ «ព្រះយេហូវ៉ាមិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីបវិញ។ 4ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងនឹងធ្វើឲ្យអ្នកជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្តសម្លាញ់របស់អ្នកផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់អ្នកនឹងឃើញដែរ យើងនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃនៃស្ដេចបាប៊ីឡូន ហើយស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសម្លាប់គេដោយដាវផង។ 5មួយទៀត យើងនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ យើងនឹងប្រគល់ព្រះរាជទ្រព្យរបស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកនាំទៅឯស្រុកបាប៊ីឡូន"។ 6ឯអ្នកផាសហ៊ើរអើយ អ្នក និងអស់អ្នកដែលអាស្រ័យនៅផ្ទះអ្នកនឹងត្រូវនាំទៅជាឈ្លើយ គឺអ្នកនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះអ្នកត្រូវស្លាប់ ហើយគេនឹងកប់អ្នកនៅស្រុកនោះ គឺទាំងអ្នក និងពួកមិត្តសម្លាញ់អ្នកដែលអ្នកបានថ្លែងទំនាយកុហកដល់គេនោះផង»។
ហោរាយេរេមាត្អូញត្អែរដាក់ព្រះអម្ចាស់
7ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ
ហើយទូលបង្គំក៏បណ្ដោយតាម
ព្រះអង្គមានកម្លាំងជាង ក៏បានឈ្នះទូលបង្គំហើយ
ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច
មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ។
8ដ្បិតវេលាណាដែលទូលបង្គំនិយាយ
នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត
និងការបំផ្លាញទទេ
ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា
ធ្វើឲ្យត្រឡប់ជាសេចក្ដីដំណៀលដល់ទូលបង្គំ
ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ។
9ប្រសិនបើទូលបង្គំសម្រេចថា
មិននិយាយដំណាលពីព្រះអង្គ
ឬនិយាយដោយនូវព្រះនាមព្រះអង្គទៀត
នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ
ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ
ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់
ទាល់តែទ្រាំមិនបានទៀត។
10ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន
ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ
អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ
គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ
គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ
ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង
ដូច្នេះ យើងនឹងឈ្នះវាបាន
នោះយើងនឹងសងសឹកនឹងវា។
11ប៉ុន្តែ ព្រះយេហូវ៉ាគង់ជាមួយទូលបង្គំ
ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច
ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ
គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ
គេនឹងត្រូវខ្មាសជាទីបំផុត
ព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន
គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច
ឥតភ្លេចបានឡើយ។
12ឱព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះដែលល្បងលពួកសុចរិត
ហើយទតឃើញចិត្ត និងថ្លើមអើយ
សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ
ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ
នៃទូលបង្គំដល់ព្រះអង្គហើយ។
13ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
ដ្បិតព្រះអង្គបានដោះព្រលឹងរបស់មនុស្សវេទនា
ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
14សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្ដាសាចុះ
កុំឲ្យថ្ងៃដែលម្តាយបានសម្រាលខ្ញុំចេញមកនោះ
បានពរឡើយ
15សូមឲ្យត្រូវបណ្ដាសា
ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំ
មានអំណរជាខ្លាំង ដោយថា
អ្នកបានកូនប្រុសហើយ
16សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង
ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ
ឲ្យគេឮតែសម្រែកនៅពេលព្រឹក
ហើយសូរហ៊ោនៅថ្ងៃត្រង់
17ពីព្រោះគេមិនបានសម្លាប់ខ្ញុំ
ពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ
ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ
ហើយមានពោះធំរហូតទៅ។
18ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក
ឲ្យឃើញតែការនឿយហត់ និងសេចក្ដីទុក្ខព្រួយ
ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ
ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ?
ទើបបានជ្រើសរើសហើយ៖
យេរេមា 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies