យេរេមា 19
19
ក្អមដីដែលបែកបាក់
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទៅទិញក្អមដីពីជាងស្មូនមក រួចនាំចាស់ទុំខ្លះក្នុងចំណោមប្រជាជន និងចាស់ទុំខ្លះក្នុងចំណោមពួកសង្ឃមកជាមួយអ្នក 2ហើយចេញទៅច្រកភ្នំនៃកូនចៅហ៊ីនណម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលយើងនឹងប្រាប់ដល់អ្នក។ 3ត្រូវប្រាប់ថា៖ ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក។ 4ដ្បិតគេបានបោះបង់យើង ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ បុព្វបុរសគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញដោយឈាមមនុស្ស ដែលឥតមានទោសដែរ។ 5គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។ 6ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលគេលែងហៅទីនេះថា តូផែត ឬច្រកភ្នំរបស់កូនចៅហ៊ីនណមទៀត គឺនឹងហៅថា ច្រកភ្នំសម្លេះវិញ។ 7គ្រានោះ យើងនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមបាត់ពីទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង យើងនឹងប្រគល់សាកសពរបស់គេដល់សត្វហើរលើអាកាស និងសត្វជើងបួននៅផែនដីធ្វើជាអាហារ។ 8យើងនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូស អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ។ 9យើងនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្តរបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ"។
10បន្ទាប់មក អ្នកត្រូវបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយអ្នក 11ហើយត្រូវប្រាប់ដល់គេថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា គឺបែបយ៉ាងនេះ ដែលយើងនឹងបំបែកបំបាក់ជនជាតិនេះ និងទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងបញ្ចុះសពគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត។ 12ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែត។ 13អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។
14ហោរាយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅថ្លែងទំនាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្ដាជនទាំងឡាយថា៖ 15ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើក្រុងនេះ និងអស់ទាំងតំបន់នៅជុំវិញ ដូចជាយើងបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់យើងឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies