យេរេមា 2
2
ព្រះតវ៉ាជាមួយពួកអ៊ីស្រាអែល ដើម្បីឲ្យគេប្រែចិត្ត
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
2«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក
ពួកក្រុងយេរូសាឡិមថា
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ
គឺយើងនឹកចាំពីអ្នកកាលនៅក្មេង
ដែលអ្នកមានចិត្តកួចចំពោះយើង
ហើយពីសេចក្ដីស្រឡាញ់របស់អ្នក
កាលទើបនឹងបានគ្នា
គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន
ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
3គ្រានោះ អ៊ីស្រាអែលជាពួកបរិសុទ្ធដល់ព្រះយេហូវ៉ា
ជាផលដំបូងនៃសេចក្ដីចម្រើនរបស់ព្រះអង្គ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា
អស់អ្នកណាដែលស៊ីបង្ហិនគេ
នោះនឹងត្រូវមានទោស
សេចក្ដីអាក្រក់នឹងមកគ្របលើអ្នកនោះ»។
4ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។ 5ព្រះអង្គមានព្រះបន្ទូលសួរថា៖
បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន
អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង
បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ
ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍
ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
6គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា
ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក
ហើយបាននាំយើងដើរកាត់ទីរហោស្ថាន
ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក
គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ
ជាកន្លែងដែលឥតមានមនុស្សដើរកាត់
ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា?
7យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌
ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ
ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ
នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក
ហើយឲ្យមត៌ករបស់យើង
បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។
8ពួកសង្ឃក៏មិនបានសួរថា៖
តើព្រះយេហូវ៉ាគង់នៅឯណា?
គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ
គេមិនបានស្គាល់យើងទេ
ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង
ហើយពួកហោរាបានទាយ ដោយព្រះបាលផង
គេបានដើរតាមតែរបស់
ដែលឥតមានប្រយោជន៍អ្វីសោះ។
9ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យើងតវ៉ានឹងអ្នករាល់គ្នាទៀត
ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ
10ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មាន
របស់ពួកគីទីមមើល
ហើយចាត់គេទៅឯស្រុកកេដារ
ឲ្យពិចារណាយ៉ាងអស់ពីចិត្ត
នោះនឹងឃើញបើមានអ្វីដូច។
11តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន
ដែលមិនមែនជាព្រះផងឬទេ?
តែប្រជារាស្ត្ររបស់យើងបានដូរព្រះ
ដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់
ដែលឥតមានប្រយោជន៍វិញ។
12ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱផ្ទៃមេឃអើយ
ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ
ត្រូវឲ្យមានចិត្តត្រមោចនៅ
13ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត
អំពើអាក្រក់ពីរយ៉ាង
គឺបានទាំងបោះបង់ចោលយើង
ដែលជាក្បាលទឹករស់
ហើយបានដាប់ធ្វើអាងវិញ
ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
14តើអ៊ីស្រាអែលជាខ្ញុំបម្រើលោះដោយប្រាក់
ឬជាខ្ញុំបម្រើដែលកើតនៅផ្ទះចៅហ្វាយ?
ហេតុអ្វីបានជាត្រូវរឹបយកដូច្នេះ?
15កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម
ហើយសន្ធាប់ដាក់គេ បានបំផ្លាញស្រុក
ឯទីក្រុងរបស់គេទាំងប៉ុន្មានត្រូវឆេះអស់ហើយ
ឥតមានអ្នកណានៅទៀត។
16ពួកក្រុងណូព និងក្រុងតាហាពេនេស
គេបានបំបែកកំពូលក្បាលរបស់អ្នកហើយ
17តើអ្នកមិនបាននាំការនេះមកលើខ្លួនអ្នកទេឬ?
ដោយអ្នកបានបោះបង់ចោលព្រះយេហូវ៉ា
ជាព្រះរបស់អ្នក ក្នុងកាលដែលព្រះអង្គ
កំពុងតែនាំអ្នកតាមផ្លូវនោះ
18ចុះឥឡូវនេះ តើអ្នកមានការអ្វី
បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ
ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ?
ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ
ដើម្បីផឹកទឹកទន្លេនោះ?
19អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក
ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។
ដូច្នេះ ចូរពិចារណា ហើយដឹងថា
ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា
ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច
ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់
ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល
របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
20តាំងពីយូរមកហើយ អ្នកបានបំបាក់នឹមរបស់ខ្លួន
ហើយបានផ្តាច់ចំណងអ្នកចេញ ដោយពាក្យថា
យើងមិនបម្រើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ
ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី
នោះអ្នកបានផិតក្បត់នឹងយើង។
21យើងបានផ្សាំអ្នកទុកជាទំពាំងបាយជូរសម្រាំង
ជាពូជយ៉ាងល្អបំផុត ម្តេចបានជាអ្នកក្លាយទៅជា
ខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់យើងដូច្នេះ?
22ទោះបើអ្នកលាងខ្លួនដោយក្បុង
ហើយប្រើសាប៊ូជាច្រើនក៏ដោយ
គង់តែព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា៖
អំពើទុច្ចរិតរបស់អ្នក នៅមានកត់ជាប់
ចំពោះយើងនៅឡើយដែរ។
23ធ្វើដូចម្តេចឲ្យអ្នកបានថា អ្នកមិនសៅហ្មង
ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ។
ចូរមើលស្នាមផ្លូវដែលអ្នកដើរនៅវាលច្រកភ្នំ
ហើយយល់ពីការដែលអ្នកបានធ្វើនោះចុះ
អ្នកជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា។
24ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន
ក៏ស្រងក្លិនខ្យល់ដោយមានសម្រើប
លុះដល់រដូវកំណត់របស់វា
តើអ្នកណានឹងបំបែរចេញបាន?
អ្នកណាដែលរកចាប់វា
មិនបាច់នឿយហត់នឹងទៅតាមទេ
ដ្បិតដល់រដូវកំណត់ នឹងបានប្រទះហើយ។
25កុំប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ
តែអ្នកបានតបថា ឥតប្រយោជន៍ទេ
ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ
ហើយនឹងរត់ទៅតាមគេវិញ។
26ឯចោរដែលគេទាន់ឃើញ
តែងមានសេចក្ដីខ្មាសយ៉ាងណា
នោះពួកវង្សអ៊ីស្រាអែល
ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ
គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ
ពួកសង្ឃ និងពួកហោរារបស់គេផង
27ជាពួកអ្នកដែលនិយាយដល់ដុំឈើថា
លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា
លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យយើង
មិនហ៊ានបែរមុខឡើយ
ប៉ុន្តែ ដល់គ្រាដែលគេកើតមានសេចក្ដីវេទនា
នោះគេនឹងអំពាវនាវដល់យើងថា
សូមព្រះអង្គក្រោកឡើង ជួយសង្គ្រោះយើងខ្ញុំផង។
28ឯព្រះដែលអ្នកបានធ្វើសម្រាប់ខ្លួន តើនៅឯណា?
ចូរឲ្យវាក្រោកឡើងជួយអ្នកចុះ
បើវាអាចនឹងជួយសង្គ្រោះអ្នក
ក្នុងគ្រាដែលអ្នកកើតមានសេចក្ដីវេទនានោះបាន។
ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នក
នោះប្រមាណស្មើនឹងទីក្រុងរបស់អ្នកដែរ។
29ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ហេតុអ្វីបានជាអ្នករាល់គ្នាចង់តនឹងយើងដូច្នេះ?
អ្នករាល់គ្នាបានរំលងចំពោះយើងហើយ
30ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក
នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ
គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា
ដែលបានត្របាក់លេបពួកហោរារបស់អ្នក
ដូចជាសិង្ហដែលហែកបំផ្លាញវិញ។
31ឱតំណមនុស្សនេះអើយ
ចូរមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
តើយើងដូចជាទីរហោស្ថាន
ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬ?
ហេតុអ្វីបានជាប្រជាប្រជារាស្ត្ររបស់យើងពោលថា
"យើងបានផ្តាច់ចំណង ហើយយើងមិនព្រម
មកឯព្រះអង្គទៀតឡើយ" ដូច្នេះ?
32តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬទេ?
តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួន
សម្រាប់រៀបការឬទេ?
ប៉ុន្តែ ប្រជារាស្ត្ររបស់យើង
បានភ្លេចយើងជាយូរថ្ងៃហើយ
នឹងរាប់មិនបានឡើយ។
33អ្នកប្រសប់អីម៉្លេះ នឹងរៀបផ្លូវរក
សេចក្ដីស្រឡាញ់ដូច្នេះ
អ្នកបានទាំងបង្រៀនពួកស្រីៗអាក្រក់
តាមផ្លូវរបស់អ្នកដែរ។
34មួយទៀត នៅជាយអាវអ្នក
ឃើញមានឈាមរបស់មនុស្សក្រីក្រ
ជាអ្នកដែលឥតមានទោសផង
យើងមិនបានដឹងដោយស៊ើបសួររកបែបសម្ងាត់ទេ
គឺបានឃើញដោយអំពើទាំងនេះវិញ។
35ប៉ុន្តែ អ្នកថា ខ្ញុំគ្មានទោសទេ
ប្រាកដជាសេចក្ដីក្រោធរបស់ព្រះអង្គ
បានបែរចេញពីខ្ញុំហើយ
យើងនឹងកាត់ទោសអ្នកដោយព្រោះអ្នកថា
អ្នកគ្មានធ្វើបាបឡើយដូច្នេះ។
36ហេតុអ្វីបានជាអ្នកអាល័យតែដើរចុះឡើង
ដើម្បីបំផ្លាស់កិរិយារបស់អ្នក
អ្នកនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ
ដូចជាអ្នកបានខ្មាសចំពោះស្រុកអាសស៊ើរដែរ
37ហើយអ្នកនឹងត្រូវចេញពីស្រុកនោះ
ទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ា
មិនព្រមទទួលពួកដែលអ្នកយកជាទីពឹងនោះទេ
ហើយអ្នកនឹងមិនបានចម្រើននៅជាមួយគេដែរ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies