យេរេមា 17:1-12

យេរេមា 17:1-12 គកស១៦

អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ។ ក្នុ​ងពេលដែល​កូន​ចៅ​របស់​គេ​នឹក​ចាំ​ពី​អាសនា និង​បង្គោល​សក្ការៈ របស់​គេ ដែល​នៅ​ក្បែរ​ដើម​ឈើ​ខៀវ​ខ្ចី និង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន។ ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។ អ្នក​នឹង​ត្រូវ​ចាក​ចោល​មត៌ក​របស់​អ្នក ដែល​យើង​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន យើង​នឹង​ឲ្យ​អ្នក​បម្រើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ដែល​នឹង​ឆេះ​ជា​រៀង​រហូត។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ​កក្រោះ នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្ដី​ល្អ​មក​ដល់ នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។ ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ ដែល​ដាំ​នៅ​មាត់​ទឹក ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌ស្ងួត​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។ ឯ​ចិត្ត​ជា​គ្រឿង​បព្ឆោាត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​អាច​ស្គាល់​បាន យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​ស្ទង់​ចិត្ត យើង​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​គេ ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ។ ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្ដាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។ កន្លែង​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្តុង្គ​ឧត្តម ដែល​បាន​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក។

អាន យេរេមា 17