ពួក​ចៅ‌ហ្វាយ 9

9
អ័ប៊ី‌ម៉្មា‌ឡិច​តាំង​ខ្លួន​ជា​ស្តេច​នៅ​ស៊ីគែម
1គ្រា​នោះ អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​យេរូ-បាល បាន​ទៅ​រក​ពួក​បង​ប្អូន​ខាង​ម្តាយ​របស់​ខ្លួន​នៅ​ស៊ីគែម និង​ញាតិ‌សន្តាន​របស់​ជីតា​ខ្លួន​ខាង​ម្តាយ​ទាំង​ប៉ុន្មាន ជម្រាប​ថា៖ 2«សូម​និយាយ​ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រប់​គ្រង​លើ​អស់​លោក តើ​ណា​មួយ​ប្រសើរ​ជាង? សូម​នឹក​ចាំ​ផង​ដែរ​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។ 3ដូច្នេះ ពួក​បង​ប្អូន​ខាង​ម្តាយ​ក៏​និយាយ​សេចក្ដី​ទាំង​នេះ ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម ហើយ​ចិត្ត​គេ​ក៏​ល្អៀង​ទៅ​ខាង​អ័ប៊ី‌ម៉្មា‌ឡិច ដ្បិត​គេ​ពោល​ថា៖ «គាត់​ជា​បង​ប្អូន​របស់​យើង»។ 4គេ​ក៏​យក​ប្រាក់​សុទ្ធ​ចិត​សិប​ស្លឹង​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន​គាត់ ហើយ​គាត់​ក៏​យក​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា ឲ្យ​មក​តាម​ខ្លួន។ 5បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​គាត់ នៅ​ក្រុង​អូប្រា ហើយ​សម្លាប់​កូន​យេរូ-បាល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ទាំង​ចិត​សិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​លាក់​ខ្លួន។ 6ដូច្នេះ ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​បេត-មីឡូរ បាន​មក​ជួប​ជុំ​គ្នា ហើយ​នាំ​គ្នា​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ជិត​ដើម​ម៉ៃសាក់​ត្រង់ស្ដូប​នៅ​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច។
រឿង​ប្រៀប​ធៀប​អំពី​ដើម​ឈើ
7កាល​ដំណឹង​នោះបាន​ឮ​ដល់​យ៉ូថាម លោក​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ហើយ​ស្រែក​យ៉ាង​អស់​ទំហឹង ប្រាប់​គេ​ថា៖ «ឱ​អស់​លោក​មេ​ដឹក​នាំ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អស់​លោក​ដែរ។ 8មាន​ថ្ងៃ​មួយ ដើម​ឈើ​ទាំង​ឡាយ​ចេញ​ទៅ​ចាក់​ប្រេង​តាំង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ​លើ​គេ។ គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា "សូម​សោយ​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ"។ 9ប៉ុន្ដែ ដើម​អូលីវ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ប្រេង​របស់​ខ្ញុំ ដែល​សម្រាប់​ប្រើ​ដើម្បី​លើក​តម្កើង​ព្រះ និង​មនុស្ស​លោក ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?" 10ពេល​នោះ ដើម​ឈើ​ទាំង​នោះ​ពោល​ទៅកាន់​ដើម​ល្វា​ថា "សូម​អ្នក​មក​សោយ​រាជ្យ​លើ​យើងខ្ញុំ​ទៅ"។ 11ប៉ុន្ដែ ដើម​ល្វា​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​រស​ជាតិ​ផ្អែម និង​ផល​ល្អ​របស់​ខ្ញុំ ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?" 12ពេល​នោះ ដើម​ឈើ​ទាំង​នោះ​ពោល​ទៅ​កាន់​ដើម​ទំពាំង‌បាយ‌ជូរ​ថា "សូម​អ្នក​មក​សោយ‌រាជ្យ​លើ​យើងខ្ញុំ​ទៅ"។ 13ប៉ុន្ដែ ដើម​ទំពាំង‌បាយ‌ជូរ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ស្រា​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ព្រះ និង​មនុស្ស​លោក​បាន​រីក​រាយ​ចិត្ត ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?" 14បន្ទាប់​មក ដើម​ឈើ​ទាំង​ឡាយ​នោះ​ក៏​ពោល​ទៅ​កាន់​គុម្ព​បន្លា​ថា "សូម​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​ខ្ញុំ​ទៅ"។ 15គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ទាំង​នោះ​ថា "ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ បើ​មិន​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា មក​បញ្ឆេះ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ទៀត​ផង"។
16ឥឡូវ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ហើយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​គ្រួ​សារ​របស់​លោក ហើយ​បាន​សង​គុណ​ឲ្យ​សម​នឹង​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ 17ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​រំ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន 18ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ក្រុម​គ្រួសារ​ឪពុក​ខ្ញុំ ព្រម​ទាំង​សម្លាប់​កូន​របស់​លោក​ចិតសិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​ស្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គាត់​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា 19ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ហើយ​ស្មោះ​អស់​ពី​ចិត្តនឹង​យេរូ-បាល ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​នៅ​ថ្ងៃ​នេះ នោះ​សូម​រីករាយ​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​ឲ្យ​គាត់​បាន​រីក​រាយ​នឹង​អ្នក​រាល់​គ្នា​វិញ​ផង 20តែ​បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម និង​នៅ​បេត-​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មេដឹក​នាំ​នៅ​ស៊ីគែម និង​ពី​មេត-​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​វិញ​ដែរ»។ 21បន្ទាប់​មក យ៉ូថាម​ក៏​រត់​ចេញ គេច​ខ្លួន​ទៅ​ស្រុក​ប្អៀរ ហើយ​រស់​នៅ​ទី​នោះ ព្រោះ​តែ​ខ្លាច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​បង។
ការ​ធ្លាក់​ចុះ​របស់​អ័ប៊ី‌ម៉្មា‌ឡិច
22អ័ប៊ី‌ម៉្មា‌ឡិច​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​រយៈ​ពេល​បី​ឆ្នាំ។ 23ក្រោយ​មក ព្រះ‌ទ្រង់​បណ្ដាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​នឹង​អ័ប៊ី‌ម៉្មា‌ឡិច 24ដើម្បី​ឲ្យ​ឈាម​របស់​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិចជា​ប្អូន​បាន​សម្លាប់​ដោយ​ឃោរ​ឃៅ បាន​ធ្លាក់​មក​លើ​គាត់ និង​ធ្លាក់​មក​លើ​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចម្រើន​កម្លាំង​ដៃគាត់ ឲ្យ​សម្លាប់​បង​ប្អូន​របស់​ខ្លួន។ 25ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​បាន​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​គាត់ អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ហើយ​ដំណឹង​នោះក៏បាន​ឮ​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។
26គ្រា​នោះ កាអាល​ជា​កូន​អេបេឌ បាន​មក​ដល់​ស៊ីគែម​ជា​មួយ​បង​ប្អូន​របស់​គាត់ ហើយ​ពួកមេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ទុក​ចិត្ត​នឹង​គាត់។ 27គេ​នាំ​គ្នា​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ​ជូរ​របស់​ខ្លួន​យក​មក​គាប រួច​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ បន្ទាប់​មក គេ​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដា‌សា​អ័ប៊ី‌ម៉្មា‌ឡិច។ 28កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច? 29ឱ​ប្រសិន‌បើ​ប្រជាជន​នេះ​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ​ទៅ​អេះ! នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ ខ្ញុំ​នឹង​និយាយ​ទៅ​អ័ប៊ី‌ម៉្មា‌ឡិច​ថា "ចូរ​ប្រមូល​កង​ទ័ព​របស់​ឯង​ឲ្យ​ច្រើន ហើយ​ចេញ​មក!"»។
30កាល​សេប៊ុល​ជា​ចៅ‌ហ្វាយ​ក្រុង​បាន​ឮ​ពាក្យ​របស់​កាអាល​ជា​កូន​អេបេឌ​ដូច្នេះ កំហឹង​របស់​លោក​ក៏​ឆួល​ឡើង។ 31គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​សម្ងាត់​ថា៖ «មើល៍ កាអាល​ជា​កូន​អេបេឌ និង​បង​ប្អូន​របស់​គាត់ បាន​មក​ដល់​ស៊ីគែម ហើយ​គេ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​លោក។ 32ដូច្នេះ សូម​លោក និង​មនុស្ស​ដែល​នៅ​ជា​មួយ​លោក ចេញ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់ នៅ​តាមទី​វាល​ទៅ។ 33រួច​ព្រឹក​ឡើង នៅ​ពេល​ថ្ងៃ​រះ​ភ្លាម សូម​ក្រោក​ឡើង ហើយ​សម្រុក​ចូល​ទី​ក្រុង​ទៅ។ ពេល​កាអាល និង​មនុស្ស​ដែល​នៅ​ជាមួយ​វា​ចេញ​មក​ច្បាំង​នឹង​លោក សូម​ឲ្យ​លោក​ប្រព្រឹត្ត​នឹង​វា តាម​តែ​មាន​ឱកាស​ចុះ»។
34ដូច្នេះ អ័ប៊ី‌ម៉្មា‌ឡិច និង​មនុស្ស​ដែល​នៅ​ជាមួយ​គាត់ ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ជា​បួន​ក្រុម ដើម្បី​ច្បាំងនឹង​ក្រុង​ស៊ីគែម។ 35ឯ​កាអាល ជា​កូន​អេបេឌ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង រួច​អ័ប៊ី‌ម៉្មា‌ឡិច និង​មនុស្ស​ដែល​នៅ​ជា​មួយ ក៏​ស្ទុះ​ចេញ​ពី​ទី​បង្កប់​ខ្លួន​ដែរ។ 36ពេល​កាអាល​ឃើញ​ពួក​គេ គាត់​ក៏​ប្រាប់​សេប៊ុល​ថា៖ «មើល៍ មាន​មនុស្ស​ចុះ​ពី​កំពូល​ភ្នំ​មក​ហើយ!» ប៉ុន្ដែ សេប៊ុល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ស្រមោល​ភ្នំ​ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​ទេ​តើ!»។ 37កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា៖ «មើល​ហ្ន៎ មាន​មនុស្សចុះ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​មួយ​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​អេឡូន-មេវនេ‌នីម ដែរ»។ 38ពេល​នោះ សេប៊ុល​ឆ្លើយ​ថា៖ «ឥឡូវ​នេះ តើ​សម្ដី​អ្នក​ឯង​នៅ​ឯ​ណា អ្នក​ឯង​បាន​ពោល​ថា "តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណាបាន​ជា​យើង​ត្រូវបម្រើ​វា?" តើ​មិន​មែន​មនុស្ស​ទាំងនេះ​ទេ​ឬ ដែល​ឯង​បាន​មើល​ងាយ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ទៅ!» 39កាអាល​ក៏​នាំ​មុខ​ពួក​មេ​ដឹក​នាំ​ក្រុង​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច 40តែ​អ័ប៊ី‌ម៉្មា‌ឡិច​ដេញ​គាត់ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ។ មាន​មនុស្ស​ជា​ច្រើន​បាន​ដួលដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ក្រុង។ 41ឯ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​អាស្រ័យ​នៅ​ភូមិ​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល និង​បង​ប្អូន​របស់​គាត់ មិន​ឲ្យ​គេ​នៅ​ក្រុង​ស៊ីគែម​ទៀត​ឡើយ។
42លុះ​ស្អែក​ឡើង ប្រជាជន​ក៏​ចេញ​ទៅ​ត្រៀម​នៅ​ទី​វាល ហើយ​មាន​គេ​ទៅ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច។ 43អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ប្រមូល​មនុស្ស​របស់​គាត់ ហើយ​ចែក​ពួក​គេ​ជា​បី​ក្រុម រួច​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​ទី​វាល តែ​កាល​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ចេញ​ពី​ទី​ក្រុង​មក គាត់​ក៏​ស្ទុះ​ចូល​ទៅ​វាយ​ប្រហារ​គេ​ភ្លាម។ 44អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​មួយ​ក្រុម​ដែល​នៅ​ជា​មួយគាត់ ក៏​រត់​ទៅ​ខាង​មុខ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ចំណែក​ឯ​ទ័ព​ពីរ​ក្រុម​ទៀត សម្រុក​ចូល​ទៅ​វាយ​ប្រហារ​អស់​អ្នក​ដែល​នៅ​តាមទី​វាល។ 45អ័ប៊ី‌ម៉្មា‌ឡិច​ច្បាំង​នឹង​ទី​ក្រុង​នោះ​អស់​ពេញ​មួយ​ថ្ងៃ គាត់​ចាប់​យក​បាន​ទី​ក្រុង ហើយ​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង បំផ្លាញ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។
46កាល​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម​ឮ​ដំណឹង​នេះ គេ​ក៏​ចូល​ទៅ​ក្នុង​ជម្រក​ការ​ពារ​នៃ​វិហារ​ព្រះ‌បេរីត។ 47មាន​គេ​ជម្រាប​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ប៉ម​ស៊ីគែម បាន​ប្រមូល​ផ្ដុំ​គ្នា​ហើយ។ 48ពេល​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន។ អ័ប៊ី‌ម៉្មា‌ឡិច​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​ដាក់​លើ​ស្មា​លី​ទៅ ទាំង​បង្គាប់​មនុស្ស​ដែល​នៅ​ជា​មួយ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​ធ្វើ​អ្វី ចូរ​ប្រញាប់​នឹង​ធ្វើ​តាម​ខ្ញុំ​ទៅ!»។ 49ដូច្នេះ ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន ហើយ​លី​ទៅ​តាម​អ័ប៊ី‌ម៉្មា‌ឡិច រួច​ដាក់​មែក​ឈើ​ទាំង​នោះនៅ​ត្រង់​មាត់​ច្រក​ជម្រក​ការ​ពារ​នោះ ហើយ​យក​ភ្លើង​ដុត​បញ្ឆេះ ដូច្នេះ មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។
50បន្ទាប់​មក អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ទៅ​ដល់​ក្រុង​ថេ‌បេស បោះ‌ទ័ព​ច្បាំង​នឹង​ក្រុង​ថេ​បេស ហើយ​ចាប់​យក​បាន​ទី​ក្រុង​នោះ។ 51ប៉ុន្ដែ នៅ​ក្នុង​ទី​ក្រុង​នោះមាន​ប៉ម​មួយ​យ៉ាង​មាំ ឯ​ប្រជាជន​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី រួម​ទាំង​ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​នោះ​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ ហើយ​បិទ​ទ្វារ​ជិត រួច​ឡើង​ទៅ​លើ​កំពូល។ 52អ័ប៊ី‌ម៉្មា‌ឡិច​ចូល​មក​ច្បាំង​នឹង​ប៉ម​នោះ គាត់​ចូល​ទៅ​ជិត​មាត់​ទ្វារ​ប៉ម ដើម្បី​យក​ភ្លើង​ដុត​បំផ្លាញ​ចោល។ 53ពេល​នោះ មាន​ស្ត្រី​ម្នាក់​បាន​ទម្លាក់​គម្រប​ត្បាល់​កិន​មួយ មក​លើ​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​គាត់​ក៏​បែក​ក្បាល។ 54ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។ 55កាល​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ថា អ័ប៊ី‌ម៉្មា‌ឡិច​ស្លាប់​ហើយ គេ​ក៏​ត្រឡប់​ទៅ​លំនៅ​របស់​គេ​រៀង​ៗ​ខ្លួន​វិញ។ 56គឺ​យ៉ាង​នេះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​អាក្រក់​របស់​អ័ប៊ី‌ម៉្មា‌ឡិច ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ឪពុក​ខ្លួន ដោយ​សម្លាប់​បង​ប្អូន​ខ្លួន​ទាំង​ចិត​សិប​នាក់ 57ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទម្លាក់​អំពើ​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ហើយ​បណ្ដា‌សា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល ក៏​ធ្លាក់​លើ​គេ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល