ពួក​ចៅ‌ហ្វាយ 16

16
លោក​សាំសុន និង​នាង​ដេ​លីឡា
1ថ្ងៃ​មួយ សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​ពេស្យា​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង។ 2មាន​គេ​ប្រាប់​ពួក​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​បាន​មក​ទី​នេះ»។ គេ​ក៏​ព័ទ្ធ​ជុំ​វិញ​ទីកន្លែង​នោះ ហើយ​លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង រហូត​ទាល់​ភ្លឺ។ គេ​នៅ​សម្ងំ​ពេញ​មួយ​យប់ ដោយ​សន្យា​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា» 3ប៉ុន្ដែ សាំសុន​ដេក​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ ហើយ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ គាត់​ក៏​ក្រោក​ឡើង ចាប់​ទាញ​ទ្វារ​ក្រុង កន្ត្រាក់​បង្គោល​ទាំង​ពីរ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​ពី​មុខ​ក្រុង​ហេប្រុន។
4បន្ទាប់​ពី​នោះ​មក គាត់​ស្រឡាញ់​ស្ត្រី​ម្នាក់ ដែល​រស់​នៅ​ច្រក​ភ្នំ​សូរេក នាង​ឈ្មោះ​ដេលី‌ឡា។ 5ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​និយាយ​នឹង​នាង​ថា៖ «ចូរ​លួង​លោម​វា ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​កម្លាំង​ខ្លាំង​ក្លា​ដល់​ម៉្លេះ​មក​ពី​ណា ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ឈ្នះ​វា ដើម្បី​ឲ្យ​យើង​ចាប់​ចង បង្ក្រាប​វា​បាន នោះ​យើង​នឹង​ឲ្យ​ប្រាក់​សុទ្ធ​ដល់​នាង ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។ 6ដូច្នេះ ដេលី‌ឡា​ក៏​ល្បួង​សាំសុន​ថា៖ «សូម​បង​ប្រាប់​ខ្ញុំ​មក តើ​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អាច​បង្ក្រាប​បង​បាន?» 7សាំសុន​ឆ្លើយ​ទៅ​នាង​ថា៖ «បើ​គេ​យក​វល្លិ​ស្រស់​ប្រាំពីរ ដែល​មិន​ទាន់​ហាល​ស្ងួត​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ 8ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​ក៏​យក​វល្លិ​ស្រស់​ប្រាំពីរ ដែល​មិន​ទាន់​ហាល​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​ក៏​យក​វល្លិ​នោះ​ទៅ​ចង​គាត់។ 9នៅ​បន្ទប់​ខាង​ក្នុង នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​ចាំ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ ប៉ុន្ដែ គាត់​បណ្ដាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង។ ដូច្នេះ គេ​មិន​ដឹង​ពី​អាថ៌​កំបាំង​នៃ​កម្លាំង​របស់​គាត់​ទេ។
10ពេល​នោះ ដេលី‌ឡាពោល​ទៅ​កាន់​សាំសុន​ថា៖ «មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ ហើយ​បាន​និយាយ​កុហក​ខ្ញុំ។ សូមបង​ប្រាប់​ខ្ញុំមក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» 11គាត់​តប​ទៅ​នាង​ថា៖ «បើ​គេ​យក​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ 12ដូច្នេះ ដេលី‌ឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​គាត់ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ» (ឯ​មនុស្ស​ដែល​បង្កប់​ខ្លួន សម្ងំ​នៅ​បន្ទប់​ខាង​ក្នុង)។ ប៉ុន្ដែ គាត់​បណ្ដាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ ដូច​គេ​ផ្ដាច់​អំបោះ​មួយ​សរសៃ។
13ដេលី‌ឡា​ពោល​ទៅ​សាំសុន​ថា៖ «រហូត​មក​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ហើយ​និយាយ​កុហក​ខ្ញុំ​ដដែល។ ប្រាប់​ខ្ញុំ​មក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» គាត់​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​ក្បាល​បង​ទាំង​ប្រាំពីរ​កម្រង ជាប់​ជា​មួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ​ទៅ នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ 14ដូច្នេះ កាល​សាំ​សុន​កំពុង​ដេក​លក់ ដេលីឡា​ក៏​យក​សក់​ទាំង​ប្រាំ​ពីរ​កម្រង​របស់​គាត់ ក្រង​ជាប់​ជាមួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» ប៉ុន្ដែ គាត់​ភ្ញាក់​ពី​ដេក ទាញ​កន្ត្រាក់​ត្រល់​តម្បាញ កី​តម្បាញ និង​អំបោះ​អន្ទង​ចេញ​អស់។
15ពេល​នោះ នាង​ពោល​ទៅ​គាត់​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា "បង​ស្រឡាញ់​អូន"ទៅ​កើត បើ​ចិត្ត​បង​មិន​នៅ​ជា​មួយ​ខ្ញុំ​ផង​នោះ? បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​បី​ដង​ហើយ បង​មិន​ព្រម​ប្រាប់​ខ្ញុំ​ថា​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះមក​ពី​ណា​សោះ»។ 16កាល​នាង​ចេះ​តែ​រំអុក​គាត់​ជា​ខ្លាំង ដោយ​ពាក្យ​សម្ដី​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចិត្ត​របស់​គាត់​ព្រួយ​សឹង​តែ​នឹង​ស្លាប់។ 17គាត់​ក៏​បញ្ចេញ​ប្រាប់​អស់​ពី​ក្នុង​ចិត្ត​ដល់​នាង​ថា៖ «មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​បង​ឡើយ ដ្បិត​បង​ជា​ពួក​ណាសារីត ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក​ម៉្លេះ ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​ថយ​ចេញ​ពី​បង​ទៅ ហើយ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត»។
18កាល​ដេលី‌ឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​មក ដោយ​ពាក្យ​ថា៖ «សូម​ឡើង​មក​ម្តង​ទៀត ដ្បិត​គាត់​បាន​ប្រាប់ខ្ញុំ​អស់​ពី​ក្នុង​ចិត្ត​របស់​គាត់​ហើយ»។ ពេល​នោះ ពួក​មេ​លើ​សាសន៍​ភីលី​ស្ទីន​ក៏​ឡើង​មក​ជួប​នាង ទាំង​យក​ប្រាក់​មក​ជាមួយ។ 19នាង​បាន​ធ្វើឲ្យ​គាត់​ដេក​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​បុរស​ម្នាក់ មក​កោរ​សក់​ទាំង​ប្រាំ​ពីរ​កម្រងពី​លើ​ក្បាល​របស់​គាត់​ចេញ។ ពេល​នោះ នាង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់ ហើយ​កម្លាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ។ 20នាង​ពោល​ឡើង​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» គាត់​ក៏​ភ្ញាក់​ពី​ដេក ហើយ​គិត​ថា៖ «អញ​នឹង​ចេញ​ទៅ​ទាំង​រលាស់​ខ្លួន ដូច​សព្វ​មួយ​ដង»។ ប៉ុន្តែ គាត់​មិន​ដឹងថា ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​គាត់​ទេ។ 21ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​ចាប់​គាត់ ហើយ​ខ្វេះ​ភ្នែក​គាត់ រួច​នាំ​ចុះ​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ចង​គាត់ ឲ្យ​គាត់​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក។ 22ប៉ុន្តែ ក្រោយ​ពី​គេ​បាន​កោរ​រួច​មក សក់​របស់​គាត់​ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។
មរណ​ភាព​របស់​លោក​សាំសុន
23គ្រា​នោះ ពួក​មេ​សាសន៍​ភីលី‌ស្ទីនបាន​ប្រមូល​គ្នា ដើម្បី​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន ជា​ព្រះ​របស់​គេ ហើយ​នាំ​គ្នា​អរ​សប្បាយ គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!» 24កាល​ប្រជាជន​នោះ​ឃើញ​គាត់ គេ​ក៏​សរសើរដល់​ព្រះ​របស់​គេ ដ្បិត​គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ពួក​យើង​អស់​ជា​ច្រើន​ផង»។ 25កាល​ចិត្ត​របស់​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ គេ​ក៏និយាយ​ថា៖ «ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល»។ គេ​ក៏​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក ហើយ​គាត់​ក៏​ឡក​ត្លុក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​គាត់​ឲ្យ​នៅចន្លោះ​សសរ។ 26សាំសុន​ពោលទៅ​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា៖ «សូម​ឲ្យ​ពាល់​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​លើ​សសរ​នោះ​ផង»។ 27ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​ក្នុង​វិហារ។ ពួក​មេ​សាសន៍​ភីលី‌ស្ទីន​ទាំង​អស់ក៏​នៅ​ទី​នោះ​ដែរ ហើយ​នៅ​លើ​ដំបូល មាន​មនុស្សទាំង​ប្រុស​ទាំង​ស្រី​ប្រមាណ​បី​ពាន់ ឈរ​មើល​ពី​លើ​ដំបូល ក្នុង​ពេល​សាំ​សុន​កំពុង​ឡក​ត្លុក។ 28ពេល​នោះ សាំសុន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ឱ​ព្រះ​អើយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ​តែ​ម្តង​នេះ​ចុះ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​សឹក​ពួក​ភីលី‌ស្ទីន ដោយ​ព្រោះ​ភ្នែក​ទាំង​ពីរ​របស់​ទូល​បង្គំ»។ 29សាំសុន​ក៏​ចាប់​សសរ​កណ្ដាល​ទាំង​ពីរ​ដែល​ទ្រ​វិហារ ហើយ​សង្កត់​ទម្ងន់​របស់​គាត់​ទៅ​លើ​សសរ​ទាំង​ពីរ ម្ខាង​ដៃ​ស្តាំ ហើយ​ម្ខាង​ទៀត​ដៃ​ឆ្វេង។ 30ពេល​នោះ សាំ​សុន​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលី‌ស្ទីន​ចុះ»។ គាត់​ប្រឹង​យោល​ខ្លួន​ពេញ​កម្លាំង ហើយ​វិហារ​នោះ​ក៏​រលំ​លើ​ពួក​មេ និង​លើ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​វិហារ​នោះ។ ដូច្នេះ ពួក​អ្នក​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​ពេល​ដែល​គាត់​ស្លាប់​នេះ មាន​ចំនួន​ច្រើន​ជាង​អស់​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ពី​គាត់​នៅ​មាន​ជីវិត​ទៅ​ទៀត។ 31បន្ទាប់​មក បង​ប្អូន និង​ក្រុម​គ្រួ​សារ​របស់​គាត់​ទាំង​អស់ នាំ​គ្នា​ចុះ​ទៅ​យក​សព​គាត់​ឡើង មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ម៉ាណូ​អា​ជា​ឪពុក នៅ​ចន្លោះ​សូហារ និង​អែស‌ថោល។ គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

ទើបបានជ្រើសរើសហើយ៖

ពួក​ចៅ‌ហ្វាយ 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល