ពួកចៅហ្វាយ 12
12
ទំនាស់រវាងកុលសម្ព័ន្ធអេប្រាអិម និងលោកយែបថា
1ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។ 2យែបថាឆ្លើយទៅគេថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានជម្លោះជាខ្លាំងជាមួយពួកអាំម៉ូន ហើយពេលខ្ញុំហៅអ្នករាល់គ្នា អ្នករាល់គ្នាមិនបានជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃគេទេ។ 3កាលខ្ញុំឃើញថា អ្នករាល់គ្នាមិនព្រមជួយសង្គ្រោះខ្ញុំ នោះខ្ញុំក៏ប្រថុយជីវិតចេញទៅច្បាំងនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកប្រយុទ្ធនឹងខ្ញុំនៅថ្ងៃនេះដូច្នេះ?» 4ពេលនោះ យែបថាក៏ប្រមូលអ្នកស្រុកកាឡាតទាំងប៉ុន្មាន ទៅប្រយុទ្ធនឹងពួកអេប្រាអិម ហើយពួកកាឡាតបានវាយពួកអេប្រាអិម ព្រោះគេនិយាយថា «ពួកកាឡាតអើយ ពួកឯងនៅកណ្ដាលពួកអេប្រាអិម និងពួកម៉ាណាសេ ពួកឯងសុទ្ធតែជាមនុស្សដែលរត់ចេញពីពួកអេប្រាអិមទេ!»។ 5ពួកកាឡាតបានវាយចាប់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់ ទល់មុខស្រុកពួកអេប្រាអិម។ ពេលណាមានពួកអេប្រាអិមដែលលួចរត់គេច អង្វរថា៖ «សូមឲ្យខ្ញុំឆ្លងទៅផង» នោះពួកកាឡាតសួរទៅគេថា៖ «តើអ្នកជាពួកអេប្រាអិមឬ?» កាលគេឆ្លើយថា «ទេ» 6នោះពួកកាឡាតបង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» ព្រោះគេចេញខ្យល់និយាយពាក្យនោះមិនត្រូវ នោះពួកកាឡាតក៏ចាប់គេ ហើយសម្លាប់នៅត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអិមដួលស្លាប់អស់ចំនួនបួនម៉ឺនពីរពាន់នាក់។
7យែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់ប្រាំមួយឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាត ក្នុងក្រុងរបស់លោក។
លោកអ៊ីបសាន លោកអេឡូន និងលោកអាបដូន
8ក្រោយពីយែបថាមក នោះមានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ 9លោកមានកូនប្រុសសាមសិបនាក់ ហើយលោកបានឲ្យកូនស្រីរបស់លោកសាមសិបនាក់រៀបការនឹងអ្នកផ្សេង ក្រៅពីពូជអំបូររបស់លោក ក៏បានយកកូនស្រីអ្នកផ្សេងសាមសិបនាក់ មកឲ្យកូនប្រុសរបស់លោក។ លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ 10រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅបេថ្លេហិម។
11ក្រោយពីអ៊ីបសានមក មានបុរសម្នាក់ឈ្មោះអេឡូន ជាពួកសាប់យូឡូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ 12រួចអេឡូនជាពួកសាប់យូឡូននោះក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅអាយ៉ាឡូន ក្នុងស្រុកសាប់យូឡូន។
13ក្រោយពីអេឡូនមក មានបុរសម្នាក់ឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ 14លោកមានកូនប្រុសសែសិបនាក់ ហើយមានចៅសាមសិបនាក់ ដែលសុទ្ធតែមានកូនលាមួយម្នាក់សម្រាប់ជិះ។ អាបដូនបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ 15រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅពីរ៉ាថូន ក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាឡេក។
ទើបបានជ្រើសរើសហើយ៖
ពួកចៅហ្វាយ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies