ពួកចៅហ្វាយ 11
11
លោកយែបថា
1គ្រានោះ មានអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ឈ្មោះយែបថា ជាកូនស្រីពេស្យាម្នាក់។ កាឡាតជាឪពុករបស់យែបថា។ 2រីឯប្រពន្ធរបស់កាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលកូនប្រុសៗរបស់ប្រពន្ធគាត់បានធំឡើង គេក៏បណ្តេញយែបថាចេញ ដោយពាក្យថា៖ «ឯងមិនត្រូវទទួលចំណែកមត៌កអ្វីនៅក្នុងគ្រួសារឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្ត្រីដទៃ»។ 3ពេលនោះ យែបថាក៏រត់ពីបងប្អូនរបស់គាត់ ចេញទៅរស់នៅស្រុកថូប រួចមានមនុស្សអនាថាមូលគ្នាមកចូលដៃជាមួយគាត់ ហើយតែងចេញទៅប្លន់ជាមួយគាត់។
4លុះចំណេរក្រោយមក ពួកអាំម៉ូនបានលើកគ្នាមកច្បាំងនឹងអ៊ីស្រាអែល។ 5កាលពួកអាំម៉ូនមកច្បាំងនឹងអ៊ីស្រាអែល ពួកចាស់ទុំនៅស្រុកកាឡាតក៏ចេញទៅហៅយែបថានៅស្រុកថូប។ 6គេអង្វរយែបថាថា៖ «សូមមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ 7ប៉ុន្ដែ យែបថាពោលទៅកាន់ពួកចាស់ទុំស្រុកកាឡាតថា៖ «តើអស់លោកមិនបានស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំចេញពីផ្ទះឪពុកខ្ញុំទេឬ? ឥឡូវនេះ ហេតុអ្វីបានជាមករកខ្ញុំ នៅពេលមានអាសន្នដូច្នេះ?» 8ពួកចាស់ទុំស្រុកកាឡាតតបថា៖ «ហេតុនេះហើយបានជាយើងមករកលោកនៅពេលនេះ ដើម្បីឲ្យលោកបានចេញទៅច្បាំងនឹងពួកអាំម៉ូនជាមួយយើង ហើយធ្វើជាមេដឹកនាំរបស់យើង គ្រប់គ្រងលើប្រជាជននៅស្រុកកាឡាតទាំងមូល»។ 9យែបថានិយាយទៅកាន់ពួកចាស់ទុំស្រុកកាឡាតថា៖ «ប្រសិនបើអស់លោកហៅខ្ញុំត្រឡប់ទៅស្រុកវិញ ដើម្បីប្រយុទ្ធនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាប្រគល់គេមកខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ 10ពួកចាស់ទុំស្រុកកាឡាតក៏បញ្ជាក់ប្រាប់យែបថាថា៖ «ព្រះយេហូវ៉ានឹងធ្វើជាសាក្សីរវាងយើងថា យើងនឹងធ្វើតាមពាក្យរបស់លោកជាប្រាកដ!» 11ដូច្នេះ យែបថាក៏ទៅជាមួយពួកចាស់ទុំស្រុកកាឡាត ហើយប្រជាជនក៏លើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ យែបថាក៏ប្រកាសពាក្យទាំងប៉ុន្មាននោះ នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។
12បន្ទាប់មក យែបថាក៏ចាត់គេឲ្យនាំពាក្យទៅទូលស្តេចរបស់ពួកអាំម៉ូនថា៖ «តើព្រះករុណា និងខ្ញុំ មានរឿងអ្វីនឹងគ្នា បានជាព្រះករុណាមកច្បាំងនឹងទូលបង្គំ នៅស្រុកទូលបង្គំដូច្នេះ?» 13ស្តេចនៃពួកអាំម៉ូនឆ្លើយទៅពួកអ្នកនាំសាររបស់យែបថាថា៖ «ព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់យើង ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ទន្លេយ័រដាន់ កាលគេចេញមកពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ ចូរប្រគល់ស្រុកទាំងនោះមកយើងវិញតាមសម្រួលទៅ»។ 14យែបថាក៏ចាត់គេឲ្យនាំពាក្យទៅទូលស្តេចរបស់ពួកអាំម៉ូនម្តងទៀត 15គេទូលស្ដេចថា៖ «យែបថាមានប្រសាសន៍ដូច្នេះថា អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកអាំម៉ូនទេ 16តែកាលគេឡើងពីស្រុកអេស៊ីព្ទមក សាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដេស។ 17ពេលនោះ អ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ទូលថា "សូមមេត្តាឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង" តែស្តេចសាសន៍អេដុមមិនយល់ព្រមទេ រួចគេក៏ចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចសាសន៍ម៉ូអាប់ ទូលដូច្នោះដែរ តែស្ដេចមិនយល់ព្រមទៀត។ ដូច្នេះ អ៊ីស្រាអែលក៏ស្នាក់នៅតែត្រង់កាដេសនោះទៅ។ 18បន្ទាប់មក គេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ភាគខាងកើតស្រុកម៉ូអាប់ ហើយបោះជំរំនៅខាងនាយស្ទឹងអើណូន។ ប៉ុន្ដែ គេមិនបានចូលទៅក្នុងទឹកដីស្រុកម៉ូអាប់ទេ ដ្បិតស្ទឹងអើណូនជាព្រំប្រទល់ស្រុកម៉ូអាប់។ 19នៅទីនោះ អ៊ីស្រាអែលក៏ចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា "សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា ឆ្ពោះទៅកាន់ស្រុករបស់យើងខ្ញុំផង" 20ប៉ុន្ដែ ព្រះបាទស៊ីហុនមិនទុកចិត្តអ៊ីស្រាអែល ដោយឲ្យគេដើរឆ្លងកាត់ទឹកដីរបស់ទ្រង់ឡើយ ហើយទ្រង់បានប្រមូលមនុស្សទាំងអស់របស់ទ្រង់ ទៅបោះទ័ពនៅយ៉ាហាស់ ហើយច្បាំងនឹងអ៊ីស្រាអែល។ 21ពេលនោះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ក៏ប្រគល់ស៊ីហុន និងមនុស្សទាំងប៉ុន្មានរបស់ទ្រង់ មកក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏ប្រហារគេ។ ដូច្នេះ អ៊ីស្រាអែលក៏ចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ដែលរស់នៅស្រុកនោះ។ 22គេចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានរហូតដល់ទន្លេយ័រដាន់។ 23ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បានបណ្តេញពួកអាម៉ូរី ចេញពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ដូច្នេះ តើព្រះករុណាចង់ដណ្ដើមយកស្រុករបស់គេឬ? 24ឯស្រុកដែលព្រះកេម៉ូសជាព្រះរបស់ព្រះករុណាបានប្រទានឲ្យ តើព្រះករុណាមិនបានកាន់កាប់ជារបស់ទ្រង់ទេឬ? ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានបណ្តេញចេញពីមុខយើងខ្ញុំ នោះស្រុករបស់គេយើងខ្ញុំនឹងកាន់កាប់។ 25ឥឡូវនេះ តើព្រះករុណាវិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬ? តើស្តេចហ៊ានឈ្លោះប្រកែកនឹងអ៊ីស្រាអែលឬទេ? តើស្ដេចហ៊ានច្បាំងនឹងគេឬទេ? 26កាលអ៊ីស្រាអែលបានរស់នៅក្រុងហែសបូន និងភូមិនានាដែលនៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងភូមិនានាដែលនៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំ ហេតុអ្វីបានជាព្រះករុណាមិនរំដោះយកទឹកដីទាំងនោះវិញ នៅគ្រានោះទៅ? 27ដូច្នេះ ទូលបង្គំមិនបានធ្វើអំពើបាបនឹងព្រះករុណាទេ គឺព្រះករុណាទេតើដែលធ្វើខុសនឹងទូលបង្គំ ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះយេហូវ៉ាដែលជាចៅក្រម ព្រះអង្គកាត់ក្ដីរវាងប្រជាជនអ៊ីស្រាអែល និងប្រជាជនអាំម៉ូននៅថ្ងៃនេះចុះ»។ 28ប៉ុន្តែ ស្តេចនៃពួកអាំម៉ូនមិនព្រមស្តាប់ពាក្យដែលយែបថាបានចាត់អ្នកនាំពាក្យឲ្យមកទូលទ្រង់នោះឡើយ។
ពាក្យសន្យារបស់លោកយែបថា
29គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើយែបថា រួចលោកបានធ្វើដំណើរកាត់ស្រុកកាឡាត និងស្រុកម៉ាណាសេ បន្តទៅដល់មីសប៉ាក្នុងស្រុកកាឡាត ហើយចេញពីមីសប៉ាស្រុកកាឡាត បន្តទៅឯពួកអាំម៉ូន។ 30យែបថាសន្យាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់ពួកអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ 31នោះអ្វីក៏ដោយដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ នៅពេលទូលបង្គំត្រឡប់ពីពួកអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត»។ 32ដូច្នេះ យែបថាក៏ឆ្លងចូលទៅរកពួកអាំម៉ូន ហើយច្បាំងនឹងគេ ព្រះយេហូវ៉ាក៏ប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់លោក។ 33លោកវាយកម្ទេចគេយ៉ាងសម្បើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានម្ភៃក្រុង ហើយរហូតដល់ក្រុងអេបិល-កេរ៉ាមីមថែមទៀត។ ដូច្នេះ ពួកអាំម៉ូនក៏ត្រូវក្រាបចុះ នៅមុខប្រជាជនអ៊ីស្រាអែល។
កូនស្រីរបស់លោកយែបថា
34បន្ទាប់មក យែបថាវិលត្រឡប់មកដល់ផ្ទះរបស់លោកនៅមីសប៉ា ហើយមើល៍ កូនស្រីរបស់លោកក៏ចេញមកទទួល ទាំងវាយក្រាប់ ហើយលោតកញ្ឆេង។ នាងជាកូនតែមួយគត់របស់លោក ក្រៅពីនាង លោកគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ។ 35កាលលោកក្រឡកទៅឃើញនាង លោកក៏ហែកអាវ ហើយពោលថា៖ «វរហើយ កូនស្រីអើយ! កូនបានធ្វើឲ្យឪពុកទន់ជង្គង់ហើយ កូនជាហេតុដែលនាំឲ្យឪពុកវេទនាចិត្តជាខ្លាំង ដ្បិតមាត់របស់ឪពុកបានចេញវាចានឹងព្រះយេហូវ៉ាហើយ ឪពុកមិនអាចដកពាក្យសម្បថនោះវិញបានទេ»។ 36នាងឆ្លើយទៅលោកថា៖ «លោកឪពុកអើយ បើលោកបានចេញវាចានឹងព្រះយេហូវ៉ាហើយ នោះសូមប្រព្រឹត្តចំពោះកូនតាមពាក្យដែលចេញពីមាត់លោកឪពុកចុះ ព្រោះព្រះយេហូវ៉ាបានសងសឹកពួកអាំម៉ូន ជាខ្មាំងសត្រូវរបស់លោកឪពុកហើយ»។ 37នាងពោលទៅឪពុកទៀតថា៖ «សូមអនុញ្ញាតឲ្យកូនបានធ្វើដូច្នេះផង គឺទុកកូនឲ្យនៅពីរខែសិន ដើម្បីឲ្យកូនបានដើរចុះឡើងនៅលើភ្នំ ហើយយំស្តាយព្រហ្មចារីរបស់កូន ជាមួយមិត្តភក្ដិស្រីៗរបស់កូន»។ 38ឪពុកឆ្លើយថា៖ «ទៅចុះ» ហើយលោកក៏បើកឱកាសឲ្យនាងចេញទៅរយៈពេលពីរខែ។ ដូច្នេះ នាងក៏ចេញទៅជាមួយមិត្តភក្ដិស្រីៗរបស់នាង ហើយយំស្តាយព្រហ្មចារីរបស់នាងនៅលើភ្នំ។ 39លុះគ្រប់កំណត់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ ហើយលោកបានប្រព្រឹត្តនឹងនាង តាមពាក្យដែលលោកបានស្បថ។ នាងពុំដែលបានស្គាល់បុរសណាឡើយ ហើយសេចក្ដីនោះក៏បានត្រឡប់ជាទម្លាប់ក្នុងពួកអ៊ីស្រាអែល 40គឺពីមួយឆ្នាំទៅមួយឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល តែងទៅយំរំឭកដល់កូនស្រីរបស់យែបថា ជាអ្នកស្រុកកាឡាត រយៈពេលបួនថ្ងៃ ក្នុងមួយឆ្នាំ។
ទើបបានជ្រើសរើសហើយ៖
ពួកចៅហ្វាយ 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies