យ៉ាកុប 5

5
ពាក្យ​ដាស់​តឿន​ដល់​ពួក​អ្នក​មានដែល​សង្កត់​សង្កិន​គេ
1ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។ 2ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក​រលួយ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កន្លាត​កាត់​អស់​ដែរ។ 3មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នោះ​នឹង​ក្លាយ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ‌សម្បត្តិ​ឡើង​នៅ​គ្រា​ចុង​បំផុត​នេះ។ 4មើល៍! ប្រាក់​ឈ្នួល​ដែល​អ្នក​បាន​លួច​បន្លំ​កម្មករ ដែល​ច្រូត​កាត់​ក្នុង​ស្រែ​របស់​អ្នក កំពុង​តែ​ស្រែក​ឡើង​ទាស់​នឹង​អ្នក ហើយ​សម្រែក​ពួក​អ្នក​ដែល​ច្រូត​ទាំង​នោះ ក៏​បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ។ 5អ្នក​រាល់​គ្នា​បាន​រស់​នៅ​លើ​ផែនដី​យ៉ាង​ថ្កុំ​ថ្កើង តាម​តែ​ចំណង់​ចិត្ត អ្នក​រាល់​គ្នា​ចម្អែត​ចិត្ត ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។ 6អ្នក​រាល់​គ្នា​បាន​ដាក់​ទោស ហើយ​បាន​សម្លាប់​មនុស្ស​សុចរិត ដែល​គេ​មិន​បាន​ប្រឆាំង​តប​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។
ភាព​អត់‌ធ្មត់​ក្នុង​ការ​រង​ទុក្ខ​លំបាក
7ដូច្នេះ បង‌ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មកចុះ។ មើល៍ កសិករ​រង់​ចាំ​ភោគ​ផល​ដ៏​វិសេស​ដែល​កើត​ចេញ​ពី​ដី ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ។ 8អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ចូរ​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។ 9បង‌ប្អូន​អើយ កុំ​រអ៊ូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស មើល៍ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ 10បង‌ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ថ្លែង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​ការ​រង​ទុក្ខ និង​ពី​ការ​អត់‌ធ្មត់​ចុះ។ 11មើល៍! យើងរាប់​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ ថា​ជា​អ្នក​មាន​ពរ។ អ្នក​រាល់​គ្នា​បាន​ឮ​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក​យ៉ូប​ហើយ ក៏​បាន​ឃើញថា នៅ​ទី​បំផុត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា​ចំពោះ​គាត់ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ និង​មេត្ដាករុណា​យ៉ាង​ពោរពេញ។
12ប៉ុន្ដែ លើស​ពីនេះ​ទៅ​ទៀត បង‌ប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ឬ​ស្បថ​នឹង​អ្វីផ្សេង​ទៀត​ក៏​ដោយ តែ​សូម​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា ប្រាកដ​ជា «បាទ» ហើយ​ពាក្យ «ទេ» ប្រាកដ​ជា «ទេ» ដើម្បី​កុំឲ្យ​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។
ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ
13ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កើត​ទុក្ខ​លំបាក​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន។ តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ។ 14ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។ 15ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់ក្រោក​ឡើង​វិញ។ ប្រសិន‌បើ​គាត់​បាន​ប្រ​ព្រឹត្ត​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។ 16ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។ 17លោក​អេលី‌យ៉ា​ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋានយ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ។ 18បន្ទាប់​មក លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​ក៏​បង្កើត​ផល​ផ្លែ​ឡើង។
19បង‌ប្អូន​អើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់វង្វេង​ចេញ​ពី​សេចក្តី​ពិត ហើយ​មាន​ម្នាក់​នាំ​អ្នក​នោះ​ឲ្យ​ត្រឡប់​មក​វិញ 20ត្រូវឲ្យ​អ្នក​នោះ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យងាក​ចេញ​ពី​ផ្លូវ​ដែល​គេ​វង្វេង​នោះ​មក​វិញ នោះ​ឈ្មោះ​ថា បាន​សង្គ្រោះ​ព្រលឹងអ្នក​នោះ​ឲ្យ​រួច​ពី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។:៚

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល