ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាអំណរ។ យើងនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងអំណរចំពោះប្រជារាស្ត្ររបស់យើង រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសម្រែកទៀត។ ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅ ឲ្យពេញកំណត់អាយុទៀតដែរ ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹមមួយរយឆ្នាំ នោះនឹងត្រូវបណ្ដាសាវិញ។ គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយអាស្រ័យនៅ ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយបរិភោគផលដែរ។ គេមិនសង់ដើម្បីម្នាក់ទៀតអាស្រ័យនៅទេ ឬដាំសម្រាប់ម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្ររបស់យើង នឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់យើង នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរ។ គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។ មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។ ឆ្កែព្រៃ និងកូនចៀមរកស៊ីជាមួយគ្នា សិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់ នឹងមានធូលីដីជាអាហារ សត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់យើងទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អាន អេសាយ 65
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 65:17-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ