អេសាយ 65:17-25

អេសាយ 65:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​មាន​អំណរ ហើយ​រីក‌រាយ​ជា​ដរាប​ចំពោះ​ការ​ដែល​យើង​បង្កើត​នោះ ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជាជន​ទាំង‌ឡាយ​ជា​អំណរ។ យើង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម និង​អំណរ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សម្រែក​ទៀត។ ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ ឲ្យ​ពេញ​កំណត់​អាយុ​ទៀត​ដែរ ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​មួយរយ​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្ដាសា​វិញ។ គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ ក៏​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​បរិ‌ភោគ​ផល​ដែរ។ គេ​មិន​សង់​ដើម្បី​ម្នាក់​ទៀត​អាស្រ័យ​នៅ​ទេ ឬ​ដាំ​សម្រាប់​ម្នាក់​ទៀត​បរិ‌ភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​ប្រជា‌រាស្ត្រ​របស់​យើង នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​យើង នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ។ គេ​ខំ​ធ្វើការ​មិន​មែន​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​មក​នោះ​ដែរ។ មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។ ឆ្កែ​ព្រៃ និង​កូន​ចៀម​រក​ស៊ី​ជា‌មួយ​គ្នា សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេសាយ 65

អេសាយ 65:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។ ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹម ដែល​មាន​អំណរ​សប្បាយ​រីក‌រាយ យើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។ ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។ ពេល​នោះ គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ គេ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត ។ គេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។ ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។ ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសាយ 65

អេសាយ 65:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ ប៉ុន្តែត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីក‌រាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជា‌ជន​ទាំង‌ឡាយ​ជា​សេចក្ដី​អំណរ នោះ​អញ​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម នឹង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ នឹង​សំរែក​ទៀត​ឡើយ ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ​ឲ្យ​ពេញ​កំណត់​អាយុ ត​ទៅ​ទៀត ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​១០០​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​១០០​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្តាសា​វិញ គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ​ទៅ គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង គ្រា​នោះ មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ ឯ​ឆ្កែ​ព្រៃ នឹង​កូន​ចៀម​វា នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់​វា នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​អញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេសាយ 65

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ