អេសាយ 60
60
សិរីល្អរបស់ព្រះបំភ្លឺលើអ៊ីស្រាអែល
1ចូរក្រោកឡើង ហើយភ្លឺមកចុះ
ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ
សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់អ្នកដែរ។
2ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី
ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ
តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក
ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។
3អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់អ្នក
ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីអ្នក
ក្នុងកាលដែលអ្នករះឡើង។
4ចូរងើបភ្នែកអ្នកមើលជុំវិញ
គេមូលគ្នាមកឯអ្នក
ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ
ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
5ពេលនោះ អ្នកនឹងឃើញ ហើយមានសេចក្ដីរីករាយ
ចិត្តអ្នកនឹងខ្លាច ហើយរីកធំឡើង
ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកអ្នកវិញ
អស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯអ្នក។
6អ្នកនឹងមានសត្វអូដ្ឋយ៉ាងសន្ធឹក
គឺជាអូដ្ឋស្ទាវរបស់ពួកម៉ាឌាន និងពួកអេផា
ហើយទាំងអស់ដែលនៅស្រុកសេបានឹងមកដែរ
ព្រមទាំងដឹកយកមាស និងកំញានមក
ហើយនឹងប្រកាសប្រាប់ពី
សេចក្ដីសរសើររបស់ព្រះយេហូវ៉ា។
7អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ
នឹងមូលគ្នាមកឯអ្នក
ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់អ្នក
ពួកវានឹងឡើងមកលើអាសនាយើង ដោយស្ម័គ្រពីចិត្ត
ហើយយើងនឹងលើកតម្កើងវិហារនៃសិរីល្អរបស់យើង។
8តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក
ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាប?
9ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង
ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ
ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ
មានទាំងមាសប្រាក់របស់គេមកជាមួយផង
ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក
ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។
10ពួកសាសន៍ដទៃនឹងសង់កំផែងអ្នកឡើង
ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់អ្នក
ដ្បិតទោះបើយើងបានវាយអ្នក
ក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ
តែយើងបានអាណិតដល់អ្នក ក្នុងគ្រាដែលផ្តល់ព្រះគុណ។
11ទ្វារកំផែងរបស់អ្នកនឹងនៅចំហជានិច្ច
ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ
ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិ
របស់សាសន៍ទាំងប៉ុន្មានមកឯអ្នក
ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង។
12ដ្បិតសាសន៍ណា និងនគរណា
ដែលមិនព្រមគោរពដល់អ្នក នោះនឹងត្រូវវិនាស
សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង។
13សេចក្ដីលម្អនៃព្រៃល្បាណូននឹងមកឯអ្នក
គឺជាឈើកកោះ ឈើស្រល់ និងឈើស្រឡៅផង
ដើម្បីតុបតែងកន្លែងនៃទីបរិសុទ្ធរបស់យើង
ហើយយើងនឹងធ្វើឲ្យកន្លែង
ដែលយើងនៅបានរុងរឿងឧត្តម។
14ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនអ្នក
គេនឹងមកឱនក្រាបនៅចំពោះអ្នក
ហើយអ្នកណាដែលធ្លាប់មើលងាយអ្នក
គេនឹងក្រាបចុះនៅទៀបបាទជើងអ្នក
គេនឹងហៅអ្នកថា ជាទីក្រុងរបស់ព្រះយេហូវ៉ា
គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធ
នៃសាសន៍អ៊ីស្រាអែល។
15ទោះបើអ្នកបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់
ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់អ្នកឡើយ
យើងនឹងធ្វើឲ្យអ្នកបានជាទីប្រសើរ នៅអស់កល្បជានិច្ច
ជាទីអំណរដល់ច្រើនតំណតទៅ។
16អ្នកនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍
ហើយនឹងបឺតដោះនៃពួកស្តេចដែរ
អ្នកនឹងដឹងថា យើងនេះគឺយេហូវ៉ា
ជាព្រះដ៏ជួយសង្គ្រោះអ្នក
ហើយជាព្រះដ៏ប្រោសលោះអ្នក
គឺជាព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប។
17យើងនឹងនាំមាសមកឲ្យជំនួសលង្ហិន
ប្រាក់ឲ្យជំនួសដែក
លង្ហិនឲ្យជំនួសឈើ
ហើយដែកឲ្យជំនួសថ្មផង
យើងនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលអ្នក
ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើអ្នក។
18នៅក្នុងស្រុកអ្នកនឹងមិនដែលឮនិយាយ
ពីសេចក្ដីច្រឡោតទៀត
ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនអ្នកឡើយ
គឺអ្នកនឹងហៅកំផែងអ្នកថា សេចក្ដីសង្គ្រោះ
ហើយទ្វាររបស់អ្នកថា សរសើរតម្កើង។
ព្រះជាសិរីល្អនៃក្រុងស៊ីយ៉ូន
19គ្រានោះ ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺ
ដល់អ្នកនៅពេលថ្ងៃ
ឯព្រះចន្ទក៏នឹងលែងធ្វើជាពន្លឺដល់អ្នកនៅពេលយប់ តទៅ
គឺព្រះយេហូវ៉ានឹងធ្វើជាពន្លឺដល់អ្នកជារៀងរហូត
ហើយព្រះរបស់អ្នកនឹងបានជាសិរីល្អដល់អ្នក។
20ព្រះអាទិត្យរបស់អ្នកនឹងលែងលិច
ហើយព្រះចន្ទរបស់អ្នកនឹងមិនជ្រេទៀតឡើយ
ព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់អ្នក
ហើយគ្រានៃសេចក្ដីសោកសៅរបស់អ្នកនឹងផុតទៅ។
21ពួកអ្នកនៅក្នុងអ្នកនឹងបានជាមនុស្សសុចរិតទាំងអស់
គេនឹងគ្រងបានស្រុកជាមត៌កនៅជាដរាប
គេជាមែកដែលយើងបានផ្សាំ
ជាការដែលដៃយើងបានធ្វើ
ដើម្បីឲ្យយើងបានតម្កើងឡើង។
22អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សមួយពាន់
ហើយពួកមានគ្នាតិច
និងត្រឡប់ទៅជាសាសន៍មួយយ៉ាងពូកែ
យើងនេះគឺព្រះយេហូវ៉ា
យើងនឹងធ្វើឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
ទើបបានជ្រើសរើសហើយ៖
អេសាយ 60: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies