អេសាយ 54
54
សេចក្ដីសញ្ញាសន្តិភាពនៅអស់កល្បជានិច្ច
1ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង
ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ
ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា
កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង
មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។
2ចូរពង្រីកទីដំឡើងត្រសាលអ្នកឲ្យធំឡើង
ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយ
សំពត់ត្រសាលរបស់អ្នកទៅ កុំសំចៃឡើយ
ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។
3ដ្បិតអ្នកនឹងបានរានទីចេញទៅខាងស្តាំ និងខាងឆ្វេង
ហើយពូជពង្សរបស់អ្នកនឹងចាប់បាន
អស់ទាំងសាសន៍ជារបស់ផងខ្លួន
និងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់
បានមានមនុស្សអាស្រ័យនៅវិញ។
4កុំខ្លាចឲ្យសោះ ដ្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ
ក៏កុំឲ្យរង្កៀសចិត្តដែរ
ព្រោះអ្នកនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ
អ្នកនឹងភ្លេចសេចក្ដីខ្មាសដែលអ្នកមានពីកាលនៅវ័យក្មេង
ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល
ពីកាលនៅមេម៉ាយតទៅទៀតដែរ។
5ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ
ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ
ហើយព្រះដ៏ប្រោសលោះអ្នក
គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
6ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា
ព្រះយេហូវ៉ាបានហៅអ្នកទុកដូចជាស្ត្រី
ដែលប្តីបោះបង់ចោល
ដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំលោះ
ដែលត្រូវបង់ចោលហើយ។
7ដ្បិតយើងបានបោះបង់ចោលអ្នកតែមួយភ្លែតទេ
តែយើងនឹងទទួលអ្នកមកវិញ
ដោយសេចក្ដីមេត្តាជាខ្លាំង។
8ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក
ព្រះអង្គមានព្រះបន្ទូលថា
យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ
ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ
តែយើងនឹងអាណិតអាសូរដល់អ្នក
ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
9ការនេះប្រៀបដូចជាទឹកជន់
នៅជំនាន់ណូអេ ដល់យើង
ហើយដែលយើងបានស្បថថា
ទឹកជន់នៅជំនាន់ណូអេនឹងមិន
ដែលគ្របលើផែនដីទៀតជាយ៉ាងណា
នោះយើងក៏ស្បថថា
យើងនឹងមិនដែលមានសេចក្ដីក្រោធចំពោះអ្នក
ឬបន្ទោសអ្នកតទៅយ៉ាងនោះដែរ។
10ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន
អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ
ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង
នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ
ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង
ក៏មិនត្រូវរើចេញដែរ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
11ឱអ្នកមានទុក្ខវេទនា
ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកម្សាន្តចិត្តអើយ
យើងនឹងរៀបថ្មអ្នកឡើង ដោយបាយអមានពណ៌ល្អ
ហើយនឹងដាក់ជើងជញ្ជាំងអ្នកដោយត្បូងកណ្តៀង។
12យើងនឹងធ្វើកំផែងសីមាពីត្បូងទទឹម
ហើយធ្វើទ្វារពីត្បូងបារកេត
និងក្បាច់ទាំងប៉ុន្មានពីត្បូងមានតម្លៃ។
13ឯកូនចៅទាំងប៉ុន្មានរបស់អ្នក
នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា
ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។
14អ្នកនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត
ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន
ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ
ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ
ព្រោះសេចក្ដីនោះនឹងមិនមកជិតអ្នកឡើយ។
15ប្រសិនបើមានគេលើកគ្នាមក
នោះមិនមែនមកពីយើងទេ
ឯអ្នកណាដែលលើកគ្នាទាស់នឹងអ្នក
គេនឹងដួលចុះដោយព្រោះអ្នក។
16មើល៍ គឺយើងបានបង្កើតទាំងជាងដែក
ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសម្រាប់ការរបស់ខ្លួន
ហើយក៏បានបង្កើតមេបំផ្លាញទុកសម្រាប់នឹងបំផ្លាញ។
17ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ
គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ
ហើយអស់ទាំងអណ្ដាតណាដែលកម្រើក
ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ
នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ
របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក
ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសាយ 54: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies