អេសាយ 54

54
សេចក្ដី​សញ្ញា​សន្តិភាព​នៅ​អស់កល្ប​ជា‌និច្ច
1ឱ​ស្ត្រី​អារ​ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង
ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ
ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ហើយ​បន្លឺ​ឡើង​ចុះ
ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
កូន​របស់​ស្ត្រី​ដែល​នៅ​តែ​ម្នាក់​ឯង
មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្តី​ទៅ​ទៀត។
2ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​អ្នក​ឲ្យ​ធំ​ឡើង
ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ
សំពត់​ត្រសាល​របស់​អ្នក​ទៅ កុំ​សំចៃ​ឡើយ
ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចម្រឹង​ឲ្យ​មាំ​ចុះ។
3ដ្បិត​អ្នក​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង
ហើយ​ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាប់​បាន
អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន
និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់
បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។
4កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ
ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ
ព្រោះ​អ្នក​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ
អ្នក​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​អ្នក​មាន​ពី​កាល​នៅ​វ័យ​ក្មេង
ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះ‌ដៀល
ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ។
5ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ
ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក
គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។
6ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
ព្រះ‌យេហូវ៉ា​បាន​ហៅ​អ្នក​ទុក​ដូច​ជា​ស្ត្រី
ដែល​ប្តី​បោះ‌បង់​ចោល
ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំលោះ
ដែល​ត្រូវ​បង់​ចោល​ហើយ។
7ដ្បិត​យើងបាន​បោះ‌បង់​ចោល​អ្នក​តែ​មួយ​ភ្លែត​ទេ
តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ
ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង។
8ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
យើង​បាន​គេច​មុខ​ចេញ​ពី​អ្នក​នៅ​តែ​មួយ​ភ្លែត​នោះ
ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ
តែ​យើង​នឹង​អាណិត​អាសូរ​ដល់​អ្នក
ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​វិញ។
9ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់
នៅ​ជំនាន់​ណូអេ ដល់​យើង
ហើយ​ដែល​យើង​បាន​ស្បថ​ថា
ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន
ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា
នោះ​យើង​ក៏​ស្បថ​ថា
យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក
ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។
10ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន
អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ
ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង
នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ
ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង
ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។
11ឱ​អ្នក​មាន​ទុក្ខ​វេទនា
ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កម្សាន្ត​ចិត្ត​អើយ
យើង​នឹង​រៀប​ថ្ម​អ្នក​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ
ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​អ្នក​ដោយ​ត្បូង​កណ្តៀង។
12យើង​នឹង​ធ្វើ​កំផែង​សីមា​ពី​ត្បូង​ទទឹម
ហើយ​ធ្វើ​ទ្វារ​ពី​ត្បូង​បារកេត
និង​ក្បាច់​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ។
13ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក
នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា
ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ។
14អ្នក​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត
ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន
ដ្បិត​អ្នក​នឹង​មិន​ខ្លាច​អ្វី​សោះ
ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ
ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។
15ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក
នោះ​មិន​មែន​មក​ពី​យើង​ទេ
ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​អ្នក
គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​អ្នក។
16មើល៍ គឺ​យើង​បាន​បង្កើត​ទាំង​ជាង​ដែក
ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សម្រាប់​ការ​របស់​ខ្លួន
ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សម្រាប់​នឹង​បំផ្លាញ។
17ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើនោះ
គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ
ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កម្រើក
ទាស់​នឹង​អ្នក​ក្នុង​រឿង​ក្តី នោះ​អ្នក​នឹង​កាត់​ទោស​ឲ្យ​វិញ
នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ
របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មត៌ក
ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេសាយ 54: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល