អេសាយ 49
49
បេសកកម្មរបស់អ្នកបម្រើ
1ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ
ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ
ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ
ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ
តាំងពីនៅក្នុងពោះម្តាយមក
2ព្រះអង្គបានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត
ព្រះអង្គបានលាក់ខ្ញុំនៅក្រោមម្លប់
នៃព្រះហស្តរបស់ព្រះអង្គ
ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង
ព្រមទាំងដាក់ខ្ញុំទុកនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ
3ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា
អ្នកជាអ្នកបម្រើរបស់យើង
គឺអ៊ីស្រាអែល ដែលយើងនឹងបានសិរីល្អដោយសារអ្នក។
4តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍
ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ
ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ
នោះនៅនឹងព្រះយេហូវ៉ា
ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
5ឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ
ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ
ដើម្បីឲ្យបានធ្វើជាអ្នកបម្រើព្រះអង្គ
សម្រាប់នឹងនាំពួកយ៉ាកុបមកឯព្រះអង្គវិញ
ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯព្រះអង្គ
ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា
ហើយព្រះនៃខ្ញុំព្រះអង្គជាកម្លាំងខ្ញុំ។
6ព្រះអង្គមានព្រះបន្ទូលថា
ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង
ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង
ហើយនឹងនាំពួកបម្រុងទុក
ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ
នោះជាការតិចតួចពេកដល់អ្នក
យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ
ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត
ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង
រហូតដល់ចុងផែនដីបំផុត។
7ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល
ហើយជាព្រះដ៏បរិសុទ្ធរបស់គេ
ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ
ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ
គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា
បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង
ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ
ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់
គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ដែលព្រះអង្គបានរើសអ្នក។
ពួកកូនចៅក្រុងស៊ីយ៉ូនត្រូវត្រឡប់មកលំនៅដ្ឋានវិញ
8ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដល់វេលាដែលគាប់ចិត្តយើង
នោះយើងបានឆ្លើយដល់អ្នក
ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក
យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក
ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន
ដើម្បីតាំងស្រុកទេសឡើង
ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ
ទុកជាមត៌ក។
9ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា
ចូរចេញទៅ
ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា
ចូរបង្ហាញខ្លួនមក
គេនឹងមានអាហារស៊ីតាមផ្លូវ
ហើយគេនឹងរកស៊ីនៅលើកំពូលភ្នំទាំងប៉ុន្មាន
10គេមិនដែលស្រេកឃ្លានទៀត
ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ
ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ
ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
11យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ
ឯអស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង។
12មើល៍! ពួកនេះនឹងមកពីទីឆ្ងាយ
ហើយមើល៍! ពួកនោះនឹងមកពីទិសខាងជើង
និងពីទិសខាងលិច
ហើយមួយនេះមកពីស្រុកស៊ីយេន ។
13ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង
ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ
ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង
ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ
របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។
14តែក្រុងស៊ីយ៉ូនបានថា
ព្រះយេហូវ៉ាបានបោះបង់ចោលខ្ញុំទេ
គឺព្រះអម្ចាស់បានភ្លេចខ្ញុំហើយ។
15តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ
ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ?
គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។
16មើល៍ យើងបានចារឹកអ្នកទុកនៅ
ផ្ទៃបាតដៃរបស់យើងហើយ
អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
17ពួកអ្នកសង់អ្នកឡើងនឹងប្រញាប់ប្រញាល់ធ្វើ
ពួកបំផ្លាញ និងពួកបង្ហិនបង្ហោចអ្នក
គេនឹងចាកចេញទៅ។
18ចូរងើបភ្នែកឡើងមើលជុំវិញចុះ
ពួកទាំងនេះមូលគ្នាចូលមករកអ្នក
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ
យើងស្បថនឹងជីវិតយើងថា
ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ
ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។
19ដ្បិតទីកន្លែងដែលរំលាង ហើយចោលស្ងាត់
និងស្រុកអ្នកដែលត្រូវបំផ្លាញនោះ
ឥឡូវនេះ នឹងបានជាទីចង្អៀតណែន
ដល់ពួកអ្នកដែលអាស្រ័យនៅវិញ
ហើយពួកអ្នកដែលបានលេបអ្នក
គេនឹងនៅឆ្ងាយពីអ្នកហើយ។
20ពួកកូនចៅអ្នកដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់អ្នក
គេនឹងនិយាយដាក់ត្រចៀកអ្នកថា
ទីនេះចង្អៀតណាស់
សូមទុកឲ្យខ្ញុំមានកន្លែងអាស្រ័យនៅផង។
21ពេលនោះ អ្នកនឹងនឹកក្នុងចិត្តថា
តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ?
ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ
ខ្ញុំនៅម្នាក់ឯង ជាអ្នកដែលត្រូវបំបរបង់
ហើយដើរសាត់ព្រាត់
តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ?
ខ្ញុំត្រូវចោលនៅតែឯង
ដូច្នេះ តើកូនទាំងនេះមកពីណា?
22ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា
យើងនឹងបោយដៃហៅអស់ទាំងសាសន៍
ហើយនឹងលើកទង់ជ័យយើងឡើង
សម្រាប់ប្រជាជាតិទាំងឡាយ
គេនឹងបីយកកូនប្រុសៗរបស់អ្នកមក
ហើយដាក់កូនស្រីៗរបស់អ្នកនៅលើស្មាគេ។
23ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក
ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក
គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក
ហើយលិឍធូលីដីដែលជាប់ជើងអ្នក
នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា
ហើយអស់អ្នកដែលសង្ឃឹមដល់យើង
នឹងមិនត្រូវខ្មាសឡើយ។
24តើអាចនឹងរឹបយករំពាពីអ្នកខ្លាំងពូកែ
ឬរំដោះពួកឈ្លើយពីជនកំណាចបានឬ?
25តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ
ក៏នឹងត្រូវឆក់យកទៅ
ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ
យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក
ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។
26យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក
ត្រូវស៊ីសាច់របស់ខ្លួនគេវិញ
ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន
ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី
នោះគ្រប់ទាំងមនុស្សនឹងដឹងថា
យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក
ហើយជាព្រះដ៏ប្រោសលោះអ្នក
គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
ទើបបានជ្រើសរើសហើយ៖
អេសាយ 49: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies