អេសាយ 47

47
ក្រុង​បាប៊ី‌ឡូន​ជាប់​ទោស
1ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ
ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី
ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ
ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ
ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់
ហើយ​ទន់​ភ្លន់​ទៀតហើយ។
2ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ
ត្រូវ​ដោះ​ស្បៃ​អ្នក​ចេញ ហើយ​បក​សម្លៀក​បំពាក់​អ្នក​ចុះ
ចូរ​សើយ​សំពត់​អ្នក​ឡើង ហើយ​ដើរ​កាត់​ទន្លេ​ទៅ។
3កាយ​អាក្រាត​របស់​អ្នក​នឹង​ត្រូវ​បើក​ចំហ
គេ​នឹង​ឃើញ​កេរ‌ខ្មាស​របស់អ្នក
យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។
4ឯ​ព្រះ​ដែល​ប្រោស​លោះ​យើង
ព្រះ‌អង្គ​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល។
5ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​អ្នក​អង្គុយ​ស្ងៀម
ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ
ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត។
6យើង​បាន​ក្រោធ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង
ក៏​បាន​ឲ្យ​មត៌ក​យើង​ត្រូវ​ទាប​ចុះ
ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក
ឯ​អ្នក​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ
អ្នក​បាន​ដាក់​នឹម​អ្នក​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់។
7អ្នក​ពោល​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ
ហេតុ​នោះ​បាន​ជា​អ្នក​មិន​បាន
យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ
ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។
8ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ
អ្នក​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់
អ្នក​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ
ឥត​មាន​អ្នក​ណា​ទៀត​ឡើយ
យើង​នឹង​មិនក្លាយ​ជា​ស្ត្រី​មេម៉ាយ
ក៏​មិន​ដែល​បាត់​បង់​កូន​ឡើយ
9តែ​សេចក្ដី​ទាំង​ពីរ​មុខ​នេះ​នឹង​កើត​ដល់​អ្នក​ជា‌មួយ​រំពេច
នៅ​ថ្ងៃ​ដដែល
គឺ​ទាំង​ការ​បាត់​បង់​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង
ការ​នោះ​នឹង​កើត​ដល់​អ្នក​ពេញ​ទី
ទោះ​បើ​អ្នក​មាន​របៀន​ជា​ច្រើន
ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ។
10ពី​ព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​អ្នក
អ្នក​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​អ្នក​ទេ
ឯ​ប្រាជ្ញា និង​ចំណេះ​របស់​អ្នក បាន​បង្ខូច​ចិត្ត​អ្នក​ហើយ
អ្នក​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ
ឥត​មាន​អ្នក​ណា​ទៀត​ឡើយ។
11ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក
ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង
ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក
ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ
ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម
ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។
12ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត
និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ
ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក
ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ
ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។
13អ្នក​មាន​ការនឿយ​ណាយ​ចិត្ត
ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក
ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី
និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ
ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។
14មើល៍ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង
ដូច​ជា​ភ្លើង​ឆេះ​គេ
គេ​មិន​អាច​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​នោះ​បានឡើយ
ភ្លើង​នោះ​មិន​មែន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​អាំងសាច់
ឬ​ជា​ភ្លើង​ដែល​អង្គុយ​កម្ដៅ​ខ្លួន​ជុំ‌វិញ​នោះ​ទេ។
15របស់​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ
ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា‌មួយ​អ្នក​តាំង​តែ​ពី​ក្មេង​មក
គេ​នឹង​ងេង‌ងោង​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន
ហើយ​គ្មាន​អ្នក​ណា​សម្រាប់​ជួយ​សង្គ្រោះ​អ្នក​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 47: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល