ព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា៖ ចូរកម្សាន្តទុក្ខ ចូរកម្សាន្តទុក្ខប្រជារាស្ត្ររបស់យើង ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។ មានឮសំឡេងមួយកំពុងតែថា៖ «ចូរប្រកាសចុះ» នោះមានម្នាក់សួរថា៖ «តើត្រូវឲ្យស្រែកថាដូចម្តេច?»។ ចូរថា៖ «មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល។ ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។ ឱក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱយេរូសាឡិម ជាអ្នកនាំដំណឹងល្អអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា "មើល៍ ព្រះនៃអ្នករាល់គ្នា!"។ មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។ ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។ តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មានដោយក្បង់ដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយជញ្ជីង តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ? អស់ទាំងសាសន៍ប្រៀបដូចជាទឹកមួយដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលម្អងធូលីនៅលើថាសជញ្ជីងដែរ ព្រះអង្គលើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។ អស់ទាំងសាសន៍រាប់ដូចជាគ្មានតម្លៃនៅចំពោះព្រះអង្គ ព្រះអង្គរាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។
អាន អេសាយ 40
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 40:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ