អេសាយ 39

39
ព្រះ‌បាទ​ហេ‌សេ‌គា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន
1នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​ហេ‌សេ‌គា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ។ 2ព្រះបាទ​ហេ‌សេ‌គា​ក៏​មាន​អំណរ​នឹង​គេ ហើយ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់ គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់ ដែល​ព្រះបាទ​ហេ‌សេ‌គា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។ 3នោះ​ហោរា​អេសាយ​មក​គាល់​ព្រះបាទ​ហេ‌សេ‌គា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ គេ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​នេះ?» ហេ‌សេ‌គា​តប​ថា៖ «គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន»។ 4រួច​លោក​ទូល​សួរ​ទៀត​ថា៖ «គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង»។ ព្រះបាទ​ហេ‌សេ‌គា​ឆ្លើយ​ថា៖ «គេ​បាន​ឃើញ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ដំណាក់​យើង​ហើយ ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​ប៉ុន្មាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ»។
5ដូច្នេះ ហោរា​អេសាយ​ទូល​ដល់​ព្រះបាទ​ហេ‌សេ‌គា​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សិន 6មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​ទ្រង់​បាន​សន្សំ​ទុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 7ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​ទ្រង់​មក នោះ​គេ​នឹង​នាំ​ទៅ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន»។ 8ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​អេសាយ​ថា៖ «ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ ក៏​ល្អ​ហើយ ទ្រង់​ក៏​មាន​រាជ‌ឱអង្ការ​ទៀត​ថា៖ គឺ​ពី​ព្រោះ​នៅ​ក្នុង​ជីវិត​យើង នឹង​មាន​សេចក្ដី​‌សុខ និង​សេចក្ដី​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេសាយ 39: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល