នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា៖ យើងមានទីក្រុងមួយដ៏មាំមួន ព្រះអង្គនឹងតម្រូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង។ ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ។ ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច ព្រះអង្គបានទម្លាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ ព្រះអង្គរំលំចុះ គឺព្រះអង្គរំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង។ ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ និងជំហានរបស់មនុស្សកម្សត់ទុគ៌តផង។ សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំព្រះអង្គ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ព្រលឹងយើងខ្ញុំប្រាថ្នានឹងថ្លែងព្រះនាមព្រះអង្គ គឺដល់សេចក្ដីដែលរំឭកពីព្រះអង្គ។ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។ ប្រសិនបើធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។ ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។
អាន អេសាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 26:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ