អេសាយ 26:1-11

អេសាយ 26:1-11 គកស១៦

នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា៖ យើង​មាន​ទី​ក្រុង​មួយ​ដ៏​មាំ‌មួន ព្រះ‌អង្គ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ទុក​ជា​កំផែង ហើយ​ជា​ទី​ការពារ​យើង។ ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ។ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់ ព្រះ‌អង្គ​រំលំ​ចុះ គឺ​ព្រះ‌អង្គ​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង។ ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ និង​ជំហាន​របស់​មនុស្ស​កម្សត់​ទុគ៌ត​ផង។ សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ព្រះ‌អង្គ​ពិនិត្យ​ពិចារ‌ណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។ នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។ ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។

អាន អេសាយ 26