អេសាយ 24
24
ព្រះនឹងវិនិច្ឆ័យទោសផែនដី
1មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ
ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន
ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង
2នៅគ្រានោះ ពួកសង្ឃនឹងរងទុក្ខដូចជាមនុស្សធម្មតា
ចៅហ្វាយប្រុសនឹងរងទុក្ខដូចជាបាវប្រុស
ចៅហ្វាយស្រីនឹងរងទុក្ខដូចជាបាវស្រី
អ្នកលក់ដូរនឹងរងទុក្ខដូចអ្នកទិញ
ម្ចាស់បំណុលនឹងរងទុក្ខដូចជាកូនបំណុល
ហើយអ្នកដែលឲ្យខ្ចីយកការនឹងរងទុក្ខ
ដូចជាអ្នកដែលឲ្យការដែរ។
3ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេ ហើយស្ងាត់សូន្យឈឹង
ពីព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះ។
4ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ
ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ
ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ។
5ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក
ដែលអាស្រ័យនៅ
ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម
គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន
ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
6ហេតុដូច្នេះបានជាបណ្ដាសា
បានលេបស៊ីផែនដី
ហើយពួកអ្នកដែលអាស្រ័យនៅ
ក៏មានទោសទាំងអស់គ្នា
បានជាពួកអ្នកអាស្រ័យនៅនោះ
គេត្រូវឆេះអស់រលីងទៅ
មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
7ទឹកទំពាំងបាយជូរកំពុងតែសោយសោក
ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ
ឯអស់អ្នកដែលមានចិត្តរីករាយគេដកដង្ហើមធំ។
8ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង
សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត
ហើយអំណរដោយដេញស៊ុងក៏អស់ទៅ។
9គេមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ
ឯគ្រឿងស្រវឹង នឹងទៅជាល្វីង
ដល់អស់អ្នកដែលធ្លាប់ផឹក។
10ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង
គ្រប់ផ្ទះបានបិទទ្វារមិនឲ្យមានអ្នកណាចូលឡើយ។
11នៅតាមផ្លូវមានឮសំឡេងគេស្រែក
រកស្រាទំពាំងបាយជូរ
អំណរទាំងអស់បានងងឹតទៅ
ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ។
12នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹង
ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់។
13ដ្បិតនៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី
នឹងត្រូវដូចជាពេលអង្រួនដើមអូលីវ
ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ
ក្រោយពេលដែលគេប្រមូលផលរួចរាល់។
14ពួកអ្នកទាំងនេះនឹងបន្លឺឡើង
ហើយស្រែកដោយអំណរ
គេនឹងស្រែកឡើងជាខ្លាំងពីខាងសមុទ្រ
ដោយព្រោះឫទ្ធានុភាពនៃព្រះយេហូវ៉ា។
15ដូច្នេះ ចូរលើកតម្កើងព្រះយេហូវ៉ា
នៅទិសខាងកើតដែរ
គឺលើកព្រះនាមព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែលនៅស្រុកក្បែរសមុទ្រ។
16យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា
សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត
តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ
វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ
គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ
ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង
17ឱមនុស្សនៅផែនដីអើយ
សេចក្ដីតក់ស្លុត រណ្តៅ និងអន្ទាក់គ្របលើអ្នកហើយ
18ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត
នោះនឹងធ្លាក់ទៅក្នុងរណ្តៅ
ហើយអ្នកណាដែលឡើងរួចពីរណ្តៅ
នោះនឹងជាប់អន្ទាក់វិញ
ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ
ឯឫសផែនដីក៏ញាប់ញ័រដែរ។
19ឯផែនដីត្រូវបែកបាក់អស់រលីង
ផែនដីត្រូវអង្រួនជាខ្លាំង
20ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង
ហើយនឹងត្រូវយោលទៅដូចជាអង្រឹង
ឯអំពើរំលងរបស់មនុស្សលោក
នឹងសង្កត់លើជាយ៉ាងធ្ងន់
គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។
ចុងបញ្ចប់របស់អាណាចក្រនានា
21នៅគ្រានោះ ព្រះយេហូវ៉ា
នឹងផ្ចាញ់ផ្ចាលនៅលើមេឃ
ចំពោះពួកពលបរិវារនៃស្ថានខ្ពស់
ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ។
22គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយ
ដែលប្រមូលទុកក្នុងរណ្ដៅ
ហើយនឹងត្រូវឃុំនៅក្នុងគុក
ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស
23គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ
ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស
ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ
លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម
នោះនឹងមានសិរីល្អនៅចំពោះមុខ
ពួកចាស់ទុំរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies