អេសាយ 23
23
ទំនាយពីការដាក់ទោសក្រុងទីរ៉ុស
1នេះជាទំនាយអំពីដំណើរក្រុងទីរ៉ុស។
ឱនាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ
ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ ឥតមានផ្ទះ
ឬកន្លែងចូលសំចតណានៅសល់ឡើយ!
គេបានឮដំណឹងនោះចាប់តាំងពីស្រុកគីប្រុស។
2ចូរនៅស្ងៀមចុះ
ឱពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រ
ឱពួកឈ្មួញពីក្រុងស៊ីដូនអើយ
ពួកអ្នកនាំសាររបស់អ្នករាល់គ្នា
បានធ្វើដំណើរឆ្លងកាត់សមុទ្រ
3និងនៅលើមហាសាគរ
ហើយកម្រៃរបស់អ្នក គឺជាស្រូវពីស្រុកស៊ីហោរ
ជាចម្រូតតាមដងទន្លេនីល
អ្នករាល់គ្នាជាឈ្មួញនៃសាសន៍ទាំងនោះ។
4ឱក្រុងស៊ីដូនអើយ ចូរមានសេចក្ដីខ្មាសចុះ
ដ្បិតសមុទ្របានពោលហើយ
គឺទីមាំមួននៃសមុទ្របានថា
យើងមិនបានឈឺចាប់ ឬសម្រាលកូនឡើយ
ក៏មិនបានចិញ្ចឹមមនុស្សកំលោះ ឬស្រីក្រមុំដែរ
5កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ
នោះគេនឹងសោកសៅជាពន្លឹក
ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ
6ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ
ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ
7នេះឬ ដែលជាទីក្រុងអរសប្បាយរបស់អ្នករាល់គ្នា
ដែលមានកំណើតតាំងពីចាស់បុរាណមក
ហើយដែលជើងបាននាំទៅអាស្រ័យ
នៅឯស្រុកឆ្ងាយនោះ?
8តើអ្នកណាបានសម្រេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស
គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ
ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ
ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ?
9គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ដែលបានសម្រេចនឹងធ្វើការនេះទេ
ដើម្បីនឹងបង្អាប់សេចក្ដីអំនួត
របស់គ្រប់ទាំងការរុងរឿងឧត្តម
ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន
ដែលនៅផែនដីផង។
10ឱនាវាមកពី ស្រុកតើស៊ីសអើយ
ចូរធ្វើដំណើរឆ្លងទៅស្រុករបស់អ្នកវិញចុះ
នេះមិនមែនជាកន្លែងសំចត ទៀតឡើយ។
11ព្រះអង្គបានលូកព្រះហស្តទៅលើសមុទ្រ
ព្រះអង្គបានអង្រួនគ្រប់ទាំងនគរ
ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរស្រុកកាណាន
ឲ្យបំផ្លាញក្រុងមាំមួនរបស់គេ
12ហើយព្រះអង្គមានព្រះបន្ទូលថា៖
ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ
អ្នកនឹងមិនរីករាយសប្បាយទៀតទេ
ចូរក្រោកឡើង ឆ្លងទៅឯស្រុកគីទីមចុះ
តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។
13ចូរមើលទៅស្រុកខាល់ដេ! នេះជាប្រជាជន ដែលមិនមែនជាសាសន៍អាសស៊ើរ។ គេបានតម្រូវឲ្យក្រុងទីរ៉ុសក្លាយជាជម្រករបស់សត្វព្រៃ។ គេបានដំឡើងប៉មចាំយាមរបស់គេ គេបានរំលំដំណាក់ទាំងប៉ុន្មាននៃក្រុងទីរ៉ុស គេបំផ្លាញក្រុងនោះអស់រលីង។
14ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ
ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
15នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់ចិតសិបឆ្នាំ តាមព្រះជន្មនៃស្តេចមួយអង្គ លុះផុតពីចិតសិបឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចម្រៀងរបស់ស្រីពេស្យា៖
16«ឱស្រីពេស្យាដែលគេភ្លេចអើយ
ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង
ហើយលេងភ្លេងយ៉ាងពីរោះចុះ
ព្រមទាំងច្រៀងឡើងជាច្រើនបទផង
ដើម្បីឲ្យគេនឹកចាំពីអ្នកឡើងវិញ»។
17លុះដល់ផុតចិតសិបឆ្នាំ នោះព្រះយេហូវ៉ានឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួលដូចដើមវិញ ព្រមទាំងធ្វើពេស្យាគ្រប់ទាំងនគររបស់លោកីយ ដែលនៅលើផែនដីផង។ 18ឯការជំនួញ និងឈ្នួលរបស់គេ នឹងបានជាសេចក្ដីបរិសុទ្ធដល់ព្រះយេហូវ៉ា គេនឹងមិនប្រមូលទុកទៀតទេ គឺទំនិញរបស់គេនឹងបានសម្រាប់អស់អ្នកដែលអាស្រ័យនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានឆ្អែត ហើយសម្រាប់ជាសម្លៀកបំពាក់យ៉ាងជាប់លាប់ដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies