អេសាយ 16
16
1ចូរយកកូនចៀមទាំងប៉ុន្មាន
ដែលសម្រាប់អ្នកគ្រប់គ្រងលើស្រុក
ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន
ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន។
2ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់
នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន
ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក
ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។
3ចូរជួយប្រឹក្សា ហើយសម្រេចសេចក្ដីយុត្តិធម៌ចុះ
ចូរធ្វើឲ្យស្រមោលអ្នកបានដូចជាពេលយប់
នៅវេលាថ្ងៃត្រង់
ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក
ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់យោងខ្លួនឡើយ។
4ចូរឲ្យជនភាសខ្លួននៃសាសន៍ម៉ូអាប់
អាស្រ័យនៅជាមួយអ្នកចុះ
ចូរគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញ
ទាល់តែពួករឹបជាន់បានសូន្យបាត់
ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ
5ពេលនោះ មានបល្ល័ង្កមួយតាំងឡើង
ដោយសេចក្ដីសប្បុរស
ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ
នឹងគង់លើបល្ល័ង្កនោះដោយសេចក្ដីពិត
ទាំងជំនុំជម្រះ ហើយសម្រេចសេចក្ដីយុត្តិធម៌
ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។
6យើងបានឮពីអំនួតរបស់សាសន៍ម៉ូអាប់
គេជាអ្នកអួតអាងណាស់
គេឆ្មើងឆ្មៃ អំនួត និងក្រេវក្រោធផង
តែការអួតអាងរបស់គេជាការឥតប្រយោជន៍ទេ។
7ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាប
ចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ
អ្នករាល់គ្នានឹងយំស្តាយចំពោះផែនទំពាំងបាយជូរ
នៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួល។
8ដ្បិតចម្ការនៃក្រុងហែសបូន សុទ្ធតែស្រពោនទៅ
ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ
ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន
គេបានកាច់បំបាក់ខ្នែងល្អបំផុត
ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ
ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន
លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង។
9ដូច្នេះ យើងនឹងយំចំពោះដើមទំពាំងបាយជូរ
នៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ
ឱក្រុងហែសបូន និងក្រុងអេលាលេអើយ
យើងនឹងស្រោចអ្នកដោយទឹកភ្នែក
ដ្បិតសូរសម្រែករបស់សឹកសង្គ្រាម
បានធ្លាក់មកចំនឹងការប្រមូលផល
និងការច្រូតកាត់របស់អ្នកហើយ។
10ដូច្នេះ អំណរ និងសេចក្ដីរីករាយបានដកចេញ
ពីស្រែចម្ការដ៏ដុះដាលរបស់អ្នក
នៅក្នុងចម្ការទំពាំងបាយជូរឥតមានឮសូរច្រៀង
ឬសំឡេងអំណរឡើយ
ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ
នៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក
នៃការធ្វើទំពាំងបាយជូរហើយ។
11ហេតុនោះ យើងនឹងបញ្ចេញសូរទំនួញ
ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់
ហើយចិត្តយើងដែរ ដោយព្រោះគារ-ហារ៉ាសែត។
12កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។
13នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសាសន៍ម៉ូអាប់។ 14តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies