ហូសេ 6
6
ការអំពាវនាវឲ្យប្រែចិត្ត
1ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ
ដ្បិតព្រះអង្គបានហែកហួរពួកយើង
ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា
ព្រះអង្គបានវាយឲ្យរបួស
ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។
2នៅតែពីរថ្ងៃទៀត
ព្រះអង្គនឹងប្រោសពួកយើងឲ្យបានសះស្បើយ
នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ
ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។
3ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា
ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ
ឯដំណើរដែលព្រះអង្គយាងចេញមក
គឺពិតដូចអរុណរះ
ព្រះអង្គនឹងយាងមករកពួកយើង
ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ
ដែលតែងតែស្រោចស្រពផែនដី។
ភាពរឹងចចេសរបស់អ៊ីស្រាអែល និងយូដា
4ឱអេប្រាអិមអើយ
តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច?
ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច?
ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក
ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម
ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។
5ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា
យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង
ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។
6ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល
មិនមែនយញ្ញបូជាទេ
គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។
7ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម
គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។
8កាឡាតជាទីក្រុងរបស់ពួកប្រព្រឹត្តអំពើទុច្ចរិត
គឺបានប្រឡាក់ដោយឈាមហើយ។
9ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា
ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ
គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម
គេប្រព្រឹត្តអំពើដ៏អាក្រក់។
10ពូជពង្សអ៊ីស្រាអែល
យើងបានឃើញហេតុការណ៍អាក្រក់ក្រៃលែង
គឺអំពើពេស្យាចាររបស់ពួកអេប្រាអិម
ឯអ៊ីស្រាអែលទៅជាសៅហ្មងហើយ។
11ដ្បិត ឱយូដាអើយ អ្នកក៏ដូច្នោះដែរ
ចម្រូតមួយបានកំណត់ស្រេចហើយ
គឺពេលដែលយើងនាំប្រជារាស្ត្ររបស់យើង
ដែលជាប់ជាឈ្លើយមកវិញ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies