ហូសេ 6

6
ការ​អំពាវ‌នាវ​ឲ្យ​ប្រែ​ចិត្ត
1ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ
ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង
ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា
ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស
ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។
2នៅ​តែ​ពីរ​ថ្ងៃ​ទៀត
ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ
នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ
ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។
3ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា
ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ
ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក
គឺ​ពិត​ដូច​អរុណ​រះ
ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង
ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ
ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។
ភាព​រឹង​ចចេស​របស់​អ៊ីស្រា‌អែល និង​យូដា
4ឱ​អេប្រាអិម​អើយ
តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច?
ឱ​យូដា​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច?
ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​អ្នក
ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម
ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​ឆាប់។
5ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​កាប់​គេ​ដោយ​ពួក​ហោរា
យើង​បាន​សម្លាប់​គេ​ដោយ​ពាក្យ​ដែល​ចេញ​ពី​មាត់​យើង
ឯ​ការ​វិនិច្ឆ័យ​របស់​យើង ចេញ​ទៅ​ដូច​ពន្លឺ។
6ដ្បិត​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល
មិន​មែន​យញ្ញ‌បូជា​ទេ
គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត។
7ប៉ុន្តែ គេ​បាន​បំពាន​លើ​សេចក្ដី​សញ្ញា​នៅ​ក្រុង​អ័ដាម
គេ​បាន​ក្បត់​នឹង​យើង​ក្នុង​សេចក្ដី​នោះ​ឯង។
8កាឡាត​ជា​ទី​ក្រុង​របស់​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
គឺបាន​ប្រឡាក់​ដោយ​ឈាម​ហើយ។
9ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា
ពួក​សង្ឃ​ក៏​រួម​គ្នា​ប្រព្រឹត្ត​បែប​នោះ​ដែរ
គេ​កាប់​សម្លាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម
គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់។
10ពូជ‌ពង្ស​អ៊ីស្រា‌អែល
យើង​បាន​ឃើញ​ហេតុ‌ការណ៍​អាក្រក់​ក្រៃ‌លែង
គឺ​អំពើ​ពេស្យា‌ចារ​របស់​ពួក​អេប្រាអិម
ឯ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ​ហ្មង​ហើយ។
11ដ្បិត ឱ​យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ
ចម្រូត​មួយ​បាន​កំណត់​ស្រេច​ហើយ
គឺ​ពេល​ដែល​យើង​នាំ​ប្រជា‌រាស្ត្រ​របស់​យើង
ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។

ទើបបានជ្រើសរើសហើយ៖

ហូសេ 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល