ហេព្រើរ 4:1-11

ហេព្រើរ 4:1-11 គកស១៦

ដូច្នេះ កាល​កំពុង​នៅ​មាន​ព្រះ‌បន្ទូល​សន្យា ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ​នៅ​ឡើយ ចូរ​យើង​ភ័យ​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​ម្នាក់ មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់។ ដ្បិត​ដំណឹង​ល្អ​បាន​មក​ដល់​យើង ដូច​ជា​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ព្រោះ​មិន​បាន​ភ្ជាប់​នឹង​ជំនឿ រួម​ជាមួយ​អស់​អ្នក​ដែល​បាន​ស្ដាប់។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើងបាន​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» តែ​ចំពោះ​យើង​វិញ យើង​ជឿ​ថា​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ទោះ​បើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​បាន​សម្រេច តាំង​ពី​កំណើត​ពិភព‌លោក​មក​ក៏​ដោយ។ ដ្បិត​មាន​កន្លែង​មួយ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំ​ពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ហើយ​ព្រះ‌ទ្រង់​សម្រាក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ទី​ប្រាំពីរ»។ ហើយ​នៅ​កន្លែង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ម្តង​ទៀត​ថា៖ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ»។ ដូច្នេះ ក្នុង​កាល​ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ហើយ​អស់​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​ប​ង្គាប់។ ព្រះ‌អង្គ​កំណត់ «ថ្ងៃ​នេះ» មួយ​ទៀត ដោយ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​បាទ​ដាវីឌ​ក្រោយ​មក​ទៀត ដូច​មាន​សេចក្ដី​ដក​ស្រង់​រួច​មក​ហើយ​ថា «ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។ ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ នោះ​ក៏​បាន​សម្រាក​ពី​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​សម្រាក​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ដែរ។ ដូច្នេះ យើង​ត្រូវ​សង្វាត​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់ ដួល​ទៅ​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ។

អាន ហេព្រើរ 4