ហេព្រើរ 10:13-25

ហេព្រើរ 10:13-25 គកស១៦

ទាំង​រង់​ចាំ​តាំង​ពី​ពេល​នោះ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ជា​កំណល់​កល់​ព្រះ‌បា​ទព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​ធ្វើ​បន្ទាល់​ប្រាប់​យើង​ដែរ ក្រោយ​ពេល​ដែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។ ព្រះ‌អង្គ​ក៏មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត» ដូច្នេះ ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទី​នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀតឡើយ។ ហេតុ​នេះ បង‌ប្អូន​អើយ ដោយ​យើង​មាន​ចិត្ត​ជឿ​ជាក់​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ តាម​ផ្លូវ​ដែល​ព្រះ‌អង្គបាន​បើក​ឲ្យ​យើង ជា​ផ្លូវ​ថ្មី ហើយ​រស់ ឆ្លង​កាត់​វាំងនន គឺ​ជា​រូប​សាច់​ព្រះ‌អង្គ ហើយ​ដោយ​យើង​មាន​សម្តេច​សង្ឃ​ដ៏​ធំ​មួយ​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។ ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។ ត្រូវ​ឲ្យ​យើង​ពិចារណា​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។

អាន ហេព្រើរ 10