ហេព្រើរ 1

1
ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ
1កាល​ពី​ដើម ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង ជា​ច្រើន​ដង​ច្រើន​បែប ដោយ​ពួក​ហោរា 2ប៉ុន្តែ នៅ​គ្រា​ក្រោយ​បង្អស់​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ដោយ​សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​បាន​គ្រប់​គ្រង​របស់​ទាំង​អស់ ទុក​ជា​មត៌ក ព្រម​ទាំង​បង្កើត​ពិភព‌លោក តាម​រយៈ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ។ 3ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ 4ហើយ​ដែល​ព្រះ‌អង្គ​បាន​ទទួល​នាម​មួយ​ជា​មត៌ក ជា​នាម​ដែល​ប្រសើរ​ឧត្តុង្គ‌ឧត្តម លើស​ជាង​នាម​របស់​ពួក​ទេវតា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​វិសេស​លើស​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។
ព្រះ‌យេស៊ូវ‌គ្រីស្ទ​មាន​ឋានៈ​ធំ​ជាង​ពួក​ទេវតា
5ដ្បិត​តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «អ្នក​ជា​កូន​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» ដែរ​ឬ? 6ម្យ៉ាង​ទៀត ពេល​ព្រះ​ប្រទាន​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទេវតា​របស់​ព្រះ​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ‌រាជ‌បុត្រា» ។ 7ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះ‌អង្គ​យក​ពួក​ទេវតា​របស់​ព្រះ‌អង្គ ធ្វើ​ជា​ខ្យល់ ហើយ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ធ្វើ​ជា​អណ្តាត​ភ្លើង» ។ 8ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ‌បុត្រា​វិញ​ថា៖ «ព្រះ‌អង្គ​អើយ បល្ល័ង្ក​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ ឯ​ដំបង​សុចរិត ជា​ដំបង​រាជ​របស់​ព្រះ‌អង្គ។ 9ព្រះ‌អង្គ​ស្រឡាញ់​សេចក្តី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត ហេតុ​នេះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​របស់​ព្រះ‌អង្គ បាន​ចាក់​ប្រេង​ថ្វាយ​ព្រះ‌អង្គ ជា​ប្រេង​នៃ​សេចក្តី​ត្រេក​អរ លើស​ជាង​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ» 10ហើយ​ថា «ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ 11របស់​ទាំង​នោះ​នឹង​សាប​សូន្យ​ទៅ តែ​ព្រះ‌អង្គ​នៅ​តែ​ដដែល របស់​ទាំង​អស់​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក​បំពាក់ 12ព្រះ‌អង្គ​នឹង​មូរ​របស់​ទាំង​នោះ​ដូច​ជា​មូរ​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ដូច​សម្លៀក​បំពាក់ តែ​ព្រះ‌អង្គ​មិន​ប្រែ​ប្រួល​ឡើយ ហើយ​ព្រះ‌ជន្ម​ព្រះ‌អង្គ​ក៏​មិន​ចេះ​ផុត​ដែរ» ។ 13ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ខ្មាំង​សត្រូវ ទុក​ជា​កំណល់​កល់​ជើង​អ្នក» ឬ​ទេ? 14តើ​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​បម្រើ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ជា​មត៌ក​ទេ​ឬ?

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល