ហាកាយ 1
1
រាជបញ្ជាឲ្យសង់ព្រះវិហារឡើងវិញ
1ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស នៅខែទីប្រាំមួយ ថ្ងៃទីមួយ នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដោយសារហោរាហាកាយ បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាទេសាភិបាលលើស្រុកយូដា និងដល់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកថា៖ 2«ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ "ជនជាតិនេះគេពោលថា វេលាដែលនឹងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ"។ 3ដូច្នេះ ព្រះបន្ទូលនៃយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា 4"កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ?" 5ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ 6ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ"។
7ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ"។ 8ព្រះយេហូវ៉ាបង្គាប់ថា "ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះយើងនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងផង 9ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គសួរថា "ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់យើង ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះអ្នករៀងខ្លួននោះ 10ហេតុដូច្នេះបានជាមេឃមិនស្រក់ទម្លាក់សន្សើមមកលើអ្នកទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ 11យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង"»។
12នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះយេហូវ៉ា 13នោះហោរាហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្ដាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបង្គាប់មក គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនៅជាមួយឯងរាល់គ្នា»។ 14ខណៈនោះ ព្រះយេហូវ៉ាដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងចិត្តរបស់សំណល់នៃបណ្ដាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង 15គឺនៅថ្ងៃ២៤ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស។
ទើបបានជ្រើសរើសហើយ៖
ហាកាយ 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies