គ្រានោះ អំណត់នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ កាលគេបរិភោគស្រូវដែលបានយកពីស្រុកអេស៊ីព្ទមកអស់ហើយ ឪពុកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅទិញស្បៀងអាហារខ្លះមកទៀត»។ ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។ ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបយើងខ្ញុំព្រមចុះទៅទិញស្បៀងអាហារយកមកជូន តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាពួកឯងប្រព្រឹត្តអាក្រក់នឹងពុកដល់ម៉្លេះ ដោយប្រាប់លោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?» ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។ ពេលនោះ យូដាអង្វរលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមឲ្យអាពៅទៅជាមួយខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំខ្លួនចេញទៅ ដើម្បីឲ្យយើងខ្ញុំ ទាំងលោកឪពុក និងកូនចៅយើងខ្ញុំទាំងអស់គ្នាបានរស់ កុំឲ្យស្លាប់។ ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។ ប្រសិនបើយើងមិនបានពន្យារពេលទេ ម៉្លេះសមពេលនេះ យើងខ្ញុំបានទៅមកពីរសារួចទៅហើយ»។ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។ ចូរយកប្រាក់មួយទ្វេជាពីរទៅជាមួយ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងគេដាក់ច្រឡំ។ ចូរនាំប្អូនរបស់ឯង ហើយធ្វើដំណើរទៅជួបលោកនោះចុះ សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ប្រោសប្រទានឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យលោកអនុញ្ញាតឲ្យបងឯង និងបេនយ៉ាមីនត្រឡប់មកវិញដែរ។ ចំណែកឯពុក បើពុកត្រូវអស់កូន ឲ្យពុកអស់ទៅចុះ!»។ ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់មួយទ្វេជាពីរ ព្រមទាំងបេនយ៉ាមីនទៅជាមួយ រួចគេក្រោកឡើង ចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខលោកយ៉ូសែប។
អាន លោកុប្បត្តិ 43
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 43:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ