លោកុប្បត្តិ 43:1-15
លោកុប្បត្តិ 43:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ អំណត់នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ កាលគេបរិភោគស្រូវដែលបានយកពីស្រុកអេស៊ីព្ទមកអស់ហើយ ឪពុកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅទិញស្បៀងអាហារខ្លះមកទៀត»។ ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។ ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបយើងខ្ញុំព្រមចុះទៅទិញស្បៀងអាហារយកមកជូន តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាពួកឯងប្រព្រឹត្តអាក្រក់នឹងពុកដល់ម៉្លេះ ដោយប្រាប់លោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?» ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។ ពេលនោះ យូដាអង្វរលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមឲ្យអាពៅទៅជាមួយខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំខ្លួនចេញទៅ ដើម្បីឲ្យយើងខ្ញុំ ទាំងលោកឪពុក និងកូនចៅយើងខ្ញុំទាំងអស់គ្នាបានរស់ កុំឲ្យស្លាប់។ ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។ ប្រសិនបើយើងមិនបានពន្យារពេលទេ ម៉្លេះសមពេលនេះ យើងខ្ញុំបានទៅមកពីរសារួចទៅហើយ»។ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។ ចូរយកប្រាក់មួយទ្វេជាពីរទៅជាមួយ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងគេដាក់ច្រឡំ។ ចូរនាំប្អូនរបស់ឯង ហើយធ្វើដំណើរទៅជួបលោកនោះចុះ សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ប្រោសប្រទានឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យលោកអនុញ្ញាតឲ្យបងឯង និងបេនយ៉ាមីនត្រឡប់មកវិញដែរ។ ចំណែកឯពុក បើពុកត្រូវអស់កូន ឲ្យពុកអស់ទៅចុះ!»។ ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់មួយទ្វេជាពីរ ព្រមទាំងបេនយ៉ាមីនទៅជាមួយ រួចគេក្រោកឡើង ចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខលោកយ៉ូសែប។
លោកុប្បត្តិ 43:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ កាលបរិភោគស្រូវដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកូនៗថា៖ «ចូរកូននាំគ្នាវិលទៅរកទិញស្បៀងអាហារខ្លះពីស្រុកអេស៊ីបមក»។ លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។ ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្ដានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ លោកយូដាជម្រាបលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិត ទាំងលោកឪពុក ទាំងចៅៗ និងពួកកូនផ្ទាល់។ កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។ មួយវិញទៀត ប្រសិនបើយើងមិនពន្យារពេលទេនោះ ម៉្លេះសមយើងត្រឡប់មកវិញពីរដងរួចទៅហើយ»។ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្ដែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។ ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបលោកនោះទៅ។ សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតប្រទានឲ្យលោកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងបេនយ៉ាមីនវិលត្រឡប់មកវិញជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។ កូនៗរបស់លោកយ៉ាកុបបាននាំគ្នាយកជំនូន យកប្រាក់មួយជាទ្វេ ព្រមទាំងយកបេនយ៉ាមីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបលោកយ៉ូសែប។
លោកុប្បត្តិ 43:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអំណត់អត់នៅក្នុងស្រុកនោះក៏ខ្លាំងណាស់ កាលគេបានបរិភោគស្រូវដែលនាំយកពីស្រុកអេស៊ីព្ទមកអស់ហើយ នោះឪពុកប្រាប់ថា ចូរទៅទិញស្បៀងអាហារមកទៀត តែយូដាឆ្លើយទៅឪពុកថា អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនឯងមកជាមួយ បើលោកឪពុកឲ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ នឹងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់ ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឲ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសជាដរាបចុះ ដ្បិតបើយើងខ្ញុំមិនបានបង្អង់នៅ នោះប្រាកដជាយើងខ្ញុំបានទៅមក២សាហើយ អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ នឹងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ នឹងគ្រាប់ចំបក់ ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោគេច្រឡំ រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។ គេក៏យកជំនូនទាំងនោះ នឹងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប