កាលគេបានមកជួបលោកយ៉ាកុប ជាឪពុកនៅស្រុកកាណានហើយ គេក៏រៀបរាប់ប្រាប់លោកពីគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់គេថា៖ «លោកដែលជាចៅហ្វាយនៅស្រុកនោះ បាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយចោទថាយើងជាអ្នកស៊ើបការណ៍ស្រុកនោះ។ ប៉ុន្ដែ យើងខ្ញុំបានជម្រាបលោកថា "យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ។ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់ឪពុកតែមួយ កូនមួយមិននៅទៀតទេ រីឯកូនពៅ សព្វថ្ងៃនេះនៅជាមួយឪពុករបស់យើងខ្ញុំ នៅស្រុកកាណាន"។ ពេលនោះ លោកដែលជាចៅហ្វាយនៃស្រុកនោះ មានប្រសាសន៍មកយើងខ្ញុំថា "ធ្វើយ៉ាងនេះទើបខ្ញុំដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់ គឺត្រូវទុកបងប្អូនពួកឯងម្នាក់ឲ្យនៅជាមួយខ្ញុំ រួចយកស្រូវសម្រាប់ក្រុមគ្រួសារឯងរាល់គ្នាដែលអត់ឃ្លាននោះ ហើយចេញទៅ។ ត្រូវនាំយកប្អូនពៅពួកឯងមកជួបខ្ញុំ នោះខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ គឺជាមនុស្សទៀងត្រង់មែន។ បន្ទាប់មក ខ្ញុំនឹងដោះលែងបងប្អូនរបស់ពួកឯងម្នាក់នេះដល់ឯងវិញ ដើម្បីឲ្យឯងរាល់គ្នាបានរកស៊ីលក់ដូរក្នុងស្រុកនេះ"»។ កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។ លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។ ពេលនោះ រូបេនឆ្លើយទៅឪពុកថា៖ «បើខ្ញុំមិននាំវាមកជួបលោកឪពុកវិញទេ សូមសម្លាប់កូនប្រុសរបស់ខ្ញុំទាំងពីរចុះ សូមឲ្យវាមកខ្ញុំ ខ្ញុំនឹងនាំវាមកជូនលោកឪពុកវិញមិនខាន»។ ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
អាន លោកុប្បត្តិ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 42:29-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ